ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

មន្រ្តី​ខ្មែរ​ដែល​កំពុង​គ្រប់គ្រង​កម្លាំង​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ​​នៅ​តំបន់​ភ្នំ​ព្រទ្យ​ជាង​មួយ​សប្ដាហ៍​មក​នេះ ស្ថានការណ៍​បាន​វិល​មក​រក​សភាព​ធម្មតា​វិញ​ហើយ។
ដោយ ហង្ស សាវយុត
2010-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។
AFP Photo

មេ​បញ្ជា​ការ​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​គ្រប់គ្រង​កម្លាំង​យោធា​ខ្មែរ​ការពារ​ព្រំដែន​ជុំវិញ​​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​អះអាង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែ-​ថៃ នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ​ភាគ​ខាង​ជើងឆៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ​ដ៏​តឹងតែង​ជាង​មួយ​សប្តាហ៍​មក​ហើយ ដែល​ថៃ​ធ្លាប់​គំរាម​និង​ទាមទារ​ឲ្យ​ទាហាន​ខ្មែរ​ដក​ចេញ​នោះ បាន​វិល​ត្រឡប់​មក​រក​សភាព​ធូរ​ស្រាល​ជា​ធម្មតា​វិញ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​មករា។

អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ មករា​ថា មេ​បញ្ជាការ​ទាហាន​ខ្មែរ-​ថៃ​នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ​បាន​ជួប​ជជែក​គ្នា​កាល​ពី​ព្រឹក​មិញ (៣០ មករា) ដើម្បី​ស្វែង​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា ហើយ​បាន​ត្រូវ​រ៉ូវ​គ្នា​កុំ​ឲ្យ​មាន​ការ​រុល​កម្លាំង​ទ័ព​និង​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ បន្ទាប់​មក​ក៏​បាន​ចូល​រួម​អាហារ​ជាមួយ​គ្នា​និង​មាន​គម្រោង​ឲ្យ​ទាហាន​ទាំង​សងខាង​បាន​លេង​កីឡា​ជាមួយ​គ្នា​ផង។

លោក​ឧត្ដមសេនីយ៍​ឯក ជា តារា មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «កង​ទ័ព​ដែល​ឈរ​ជើង​នៅ​ភ្នំ​ទ្រព្យ​ហ្នឹង​បាន​ជួប​ជាមួយ​ភាគី​ថៃ បាយ​ជាមួយ​គ្នា​នៅ​ភ្នំ​ទ្រព្យ ហើយ​នៅ​ពេល​បាយ​នោះ ក៏​យើង​បាន​និយាយ​អំពី​ការ​ជំរុញ​ការ​លេង​កីឡា មាន​តេនីស... លេង​រែក កីឡា​ប៊ូល ហើយ​យើង​ក៏​បាន​កំណត់​ជាមួយ​គ្នា​ហើយ កុំ​ឲ្យ​មាន​កម្លាំង កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច ឬ​ក៏​ឈរ​នៅ​ត្រង់​ណា ឈរ​នៅ​ត្រង់​ហ្នុង។ និយាយ​រួម​សភាពការណ៍​មិន​មាន​អី​កើត​ឡើង​ទេ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ប្រាសាទ​ព្រះវិហារ​ហ្នឹង គឺ​មិន​មាន​អី​ទេ»

ប្រភព​ពី​កង​ទាហាន​ខ្មែរ​នៅ​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឮ​ស្នូរ​ផ្ទុះ​អាវុធ​មួយ​ប្រាវ​ហាក់​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ម្តុំ​តំបន់​ដែល​គេ​ហៅ​ថា បង្គោល​លេខ​៨​ជាប់​ភូមិ​សាស្ត្រ​នៃ​ខ្នង​ភ្នំ​ចាក់ច្រែង កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍។

ក៏​ប៉ុន្តែ​លោក​​ឧត្តមសេនីយ៍​ឯក ជា តារា បាន​មាន​ប្រសាសន៍​ថា មិន​មាន​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ណា​មួយ​រវាង​ទាហាន​ខ្មែរ-​ថៃ​ទេ។ លោក ជា តារា បាន​បញ្ជាក់​ថា គេ​បាន​ឮ​សំឡេង​កាំភ្លើង​ផ្ទុះ​ដូច្នេះ​មែន ប៉ុន្តែ​សំឡេង​កាំភ្លើង​នោះ​គឺ​នៅ​ភូមិសាស្ត្រ​ជ្រៅ​ក្នុង​ទឹក​ដី​ថៃ​ជា​ច្រើន​គីឡូម៉ែត្រ ហើយ​ក៏​មិន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ព្រោះ​ក្នុង​ប្រទេស​ថៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល