សំណើ​សុំ​ធ្វើ​វេទិកា​សាធារណៈ​ស្ដីពី​ប្រាក់​ខែ​កម្មករ​ត្រូវ​បដិសេធ

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​កក្កដា ឆ្នាំ​២០១០​នេះ បដិសេធ​សំណើ​សុំ​ទីធ្លា​មុខ​វត្ត​បទុមវតី​របស់​សហជីព​នានា ដើម្បី​ឲ្យ​កម្មករ​ធ្វើ​វេទិកា​សាធារណៈ។
ដោយ អ៊ុក សាវបូរី
2010-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ និង​គ្រូ​បង្រៀន ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តជាតិ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ឧសភា ២០១០។
កម្មករ និង​គ្រូ​បង្រៀន ហែ​ក្បួន​អបអរ​ទិវា​ពលកម្ម​អន្តជាតិ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ឧសភា ២០១០។
RFA/Uon Chhin

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​សហភាព​ការងារ​កម្ពុជា សម្ព័ន្ធ​សហព័ន្ធ​ការងារ​ជាតិ​កម្ពុជា និង​សម្ព័ន្ធ​សហជីព​មួយ​ចំនួន​ទៀត តំណាង​ឲ្យ​កម្មករ​ជាង ១១​ម៉ឺន​នាក់​ផ្នែក​កាត់​ដេរ​សំលៀក​បំពាក់ និង​កាត់​ដេរ​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា បាន​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ យក​សួន​ច្បារ​មុខ​វត្ត​បទុមវតី​សម្រាប់​ធ្វើ​វេទិកា​សាធារណៈ ដើម្បី​ឲ្យ​កម្មករ កម្មការិនី ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម ៥​ដុល្លារ​ទៅ​លើ​ប្រាក់​អប្បបរមា។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) បាន​ថ្លែង​ថា ជំហរ​របស់​កម្មករ និង​កម្មការិនី​នៅ​តែ​ធ្វើ​វេទិកា​សាធារណៈ​នៅ​ទីធ្លា​មុខ​វត្ត​បទុមវតី​តាម​កាល​បរិច្ឆេទ​ដូច​បាន​កំណត់​ដដែល បើ​ទោះ​បី​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ក៏ដោយ ព្រោះ​ប្រាក់​ឈ្នួល​ថែម​ឲ្យ​កម្មករ កម្មការិនី ៥​ដុល្លារ​នេះ មិន​បាន​ដំឡើង​ឲ្យ​ទូទៅ​ទេ គឺ​ដំឡើង​ឲ្យ​តែ​កម្មករ កម្មការិនី​ណា​ដែល​បាន​ប្រាក់​ខែ​ទាប​ជាង ៥០​ដុល្លារ។

លោក អាត់ ធន់ បន្ត​ថា ៖ «អ៊ីចឹង​វា​រំលោភ​ទៅ​លើ​ច្បាប់​ការងារ​មាត្រា ១០៤ ដែល​និយាយ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវ​តែ​ធានា​ការ​រស់​នៅ​សមរម្យ​របស់​ប្រជាពលរដ្ឋ ហើយ​និង​ច្បាប់​ការងារ​មាត្រា ១០៧ បាន​និយាយ​ថា ក្រសួង​ការងារ​ត្រូវ​ចេញ​​ប្រកាស​អំពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ទៅ​ដល់​កម្មករ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១០ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​ការងារ ហើយ​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ ៥​ដុល្លារ​ទៅ​លើ​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ដែល​មាន​ស្រាប់​របស់​កម្មករ និង​បញ្ចូល​ប្រាក់​ឧបត្ថម្ភ ៦​ដុល្លារ​ទៅ​ជា​ប្រាក់​ខែ​គោល​ផង​ដែរ ធ្វើ​ឲ្យ​ប្រាក់ខែ​គោល​កម្មករ បាន​កើន​ដល់ ៦១​ដុល្លារ ហើយ​ឲ្យ​មាន​ការ​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១០ រហូត​ដល់​ឆ្នាំ​២០១៤។

អ្នក​អង្កេត​នៃ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿង តុលា បាន​ថ្លែង​អំពី​ប្រាក់​ឈ្នួល​កម្មករ​ទាប​នោះ​ថា ៖ «អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់​ដេរ ដែល​ស្ទាត់​ជំនាញ​ជាង​មុន​នោះ ហើយ​គាត់​នៅ​តែ​ទទួល​បាន​ប្រាក់​កម្រៃ​តិច គាត់​ត្រូវ​ដូរ​ទៅ​វិស័យ​ផ្សេង អ៊ីចឹង​វិស័យ​នេះ​នឹង​ត្រូវ​បាត់​អ្នក​ដែល​មាន​ជំនាញ​ទាំង​អស់​នោះ»

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​សម្រេច​ដំឡើង ៥​ដុល្លារ​នេះ​តិចតួច​ពេក មិន​ធានា​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​កម្មករ កម្មការិនី​ឲ្យ​ស្រប​តាម​ទំនិញ​ទីផ្សារ​សេរី​ក្នុង​ប្រទេស។ ការ​សម្រេច​របស់​ក្រសួង​ការងារ​ទៀតសោត មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​សហជីព​ធ្វើការ​ចរចា​ជាមួយ​និយោជក​ឲ្យ​អស់​លទ្ធភាព​ជា​មុន​សិន​ទេ ដោយ​លោក​ចោទ​ថា ជា​ការ​រំលោភ​សិទ្ធ​ចរចា​រួម​របស់​គូ​ភាគី។

លោក​ទាមទារ​ដំឡើង​ប្រាក់​ថ្លៃ​បាយ ១​ម៉ោង​ឲ្យ​បាន ១​ពាន់​រៀល ដំឡើង​ប្រាក់​អតីតភាព​ការងារ ២​ដុល្លារ​ក្នុង​១​ឆ្នាំៗ មាន​ប្រាក់​រង្វាន់​ទៀងទាត់ ១០​ដុល្លារ​ក្នុង​មួយ​ខែៗ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ដូចជា​សោហ៊ុយ​ធ្វើ​ដំណើរ និង​លើក​ទឹក​ចិត្ត​ជាដើម ព្រោះ​ថា ថៅកែ​រោងចក្រ​រក​បាន​ប្រាក់​ចំណេញ​ក្រាស់ក្រែល​ពី​វិស័យ​កាត់ដេរ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​ខែ​កម្មករ​មិន​អាច​រស់​គ្រប់គ្រាន់​បាន​ទេ បើ​ប្រៀប​ធៀប​ទំនិញ​ទីផ្សារ​សេរី​ក្នុង​ប្រទេស​កម្ពុជា​នេះ។

លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​កក្កដា​នេះ អំពី​ការ​សម្រេច​ដំឡើង​ប្រាក់ ៥​ដុល្លារ​ដែល​តំណាង​សហជីព​ខ្លះ​បាន​ចោទ​ថា ដំឡើង​ឲ្យ​តែ​កម្មករ កម្មការិនី​ណា​ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ជាង ៥០​ដុល្លារ​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការងារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​មិន​សមស្រប​ជាមួយ​តម្លៃ​ទំនិញ​ទីផ្សារ ក្រុម​សហជីព​ជាតិ​ និង​អន្តរជាតិ នឹង​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា ២​ថ្ងៃ​ គឺ​នៅ​ថ្ងៃ​ទី​២២ និង ២៣ ខែ​កក្កដា ដើម្បី​រក​វិធី​ដោះស្រាយ​អំពី​ចលនា​ការងារ និង​កម្រៃ​ពលកម្ម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល