សកម្មជន​បក្ស​ហ៊្វុនស៊ិនប៉ិច​ប្រហែល​៤០​នាក់​គ្រោង​ចុះចូល​ជាមួយ​បក្ស​ប្រជាជន

ទីប្រឹក្សា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា សកម្មជន​របស់​គណបក្ស​នេះ​ប្រហែល​៤០​នាក់​ទៀត​គ្រោង​នឹង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​អំពី​ការដឹកនាំ​ចុះ​ចូល​ថ្មីៗ​កន្លង​មក​នេះ​ដោយ​លោក សេរី កុសល។
ដោយ គឹម ពៅសុត្តន្ត
2008.12.23
ហ៊្វុនស៊ិនប៉ិច និមិត្តសញ្ញា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច
RFA Photo

លោក ឱក សុជាតិ ទីប្រឹក្សា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា ការចុះចូល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រយោជន៍​ពង្រឹង​ស្ថាប័ន​ព្រះ​មហាក្សត្រ​នៅ​គ្រា​ដែល​ក្រុម​រាជវង្សានុវង្ស​ជា​ច្រើន​រូប​បាន​ងាក​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ព្រះ​មហាក្សត្រ​ដោយ​ទុក​ចោល​ការធ្វើ​នយោបាយ​និង​កាត់​បន្ថយ​នូវ​សំឡេង​ប្រឆាំង។

លោក ឱក សុជាតិ បាន​មាន​ប្រសាសន៍​ថា ៖ «សម្ដេច​នាយក​សព្វ​ថ្ងៃ​នេះ គឺ​ថា​លោក​តែងតែ​មាន​ការគោរព ឲ្យ​មាន​ការថែរក្សា​ស្ថានប័ន ដូច្នេះ​បើ​យើង​ជា​អ្នក​រាជានិយម​ដដែល យើង​គួរតែ​បង្អន់​នយោបាយ​ប្រឆាំង​ឬ​ក៏​ដណ្ដើម​ឆ្នោត​គ្នា​ដើម្បី​ឲ្យ​លោក​ការពារ​ស្ថាប័ន​ព្រះ​មហាក្សត្រ»

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​ចុះ​ចូល​នោះ​មាន​តំណាង​ថ្នាក់​ស្រុក​និង​ថ្នាក់​ខេត្ត​របស់​ហ៊្វុនស៊ិនប៉ិច​ដែល​គេ​យល់​ថា​ជា​កម្លាំង​រឹង​មាំ​របស់​ហ៊្វុនស៊ិនប៉ិច​នៅ​តាម​មូលដ្ឋាន។

ការចុះ​ចូល​របស់​មន្រ្តី​ហ៊្វុនស៊ិនប៉ិច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កើត​ឡើង​ចាប់​តាំង​ពី​ក្រោយ​ការបោះ​ឆ្នោត​អាណត្តិ​ទី​២ ក្រោយ​ពី​គណបក្ស​នេះ​បាន​រួម​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការធ្វើ​រដ្ឋាភិបាល ហើយ​ការចុះចូល​ជា​គំហុក​បាន​ធ្វើ​ឡើង​នៅ​បន្ទាប់ពី​គណបក្ស​នេះ​ធ្លាក់​ប្រជាប្រិយភាព​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​កាលពី​អាណត្តិ​មុន។

ក្រុម​អ្នក​រាជការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​មាន​មុខ​តំណែង​ស្រាប់​ជា​ច្រើន​នាក់​នៅ​ក្នុង​រដ្ឋាភិបាល​បាន​ចូល​ជា​ស្រេច​មុន​គេ​ក្នុង​ការថែ​រក្សា​មិន​ឲ្យ​មាន​ការដក​ហូត​មុខងារ ហើយ​បន្ទាប់​មក​ទៀត​គេ​បាន​ឃើញ​មាន​មន្រ្តី​ថ្នាក់​ក្រោម​ជា​ច្រើន​នាក់​បន្ត​ការចុះ​ចូល​ហូរហែ។

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា សាទរ​ថា​ការរួម​គ្នា​ជា​ក្រុម​មួយ​ល្អ​នៅ​ក្នុង​ការអភិវឌ្ឍ​សង្គម ៖ «គណបក្ស​ប្រជាជន​មាន​អ្វី​ក្រៅ​អំពី​ស្មារតី​សាមគ្គី​បង្រួប​បង្រួម»

ប៉ុន្តែ​យ៉ាង​ដូច្នេះ​ក៏​ដោយ​អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា ការចូលរួម​គ្នា​ដោយ​គ្មាន​សំឡេង​ក្រុម​អ្នក​ជំទាស់​ទាល់​តែ​សោះ​នោះ​នឹង​នាំ​ឲ្យ​មាន​ការបាត់បង់​នូវ​ភាព​សេរី​និង​ពហុបក្ស​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ​ក្ដី ការចុះចូល​របស់​មន្រ្តី​ឬ​ក៏​អវត្តមាន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​ផល​ប៉ះពាល់​អ្វី​ដល់​បរិយាស​សង្គម​ឬ​ក៏​ភាព​សេរី​ពហុបក្ស​របស់​កម្ពុជា​នោះ​ឡើយ។

អ្នកស្រី ជា វណ្ណាត បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​តាំងពី​៩៨​មក​ហ៊្វុនស៊ិនប៉ិច ឃើញ​ថា​ចុះ​ទន់​ម្ដង​បន្តិចៗ​មិន​បាន​ដើរ​តួ​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ​ទេ»

គួរ​ជម្រាប​ជូន​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បង្កើត​ឡើង​ដោយ​ស្នា​ព្រះហស្ត​របស់​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ហើយ​បាន​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការកាន់​អំណាច​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៩៣។ ក្រោយ​ពី​ការកាន់​អំណាច​រួច​សំឡេង​គាំទ្រ​របស់​គណបក្ស​បាន​ធ្លាក់​ចុះ​ជា​លំដាប់​រហូត​មក​ដល់​មាន​ការបែកបាក់​ផ្ទៃ​ក្នុង​ដែល​នាំ​ឲ្យ​មាន​ការដើរ​ចេញ​របស់​មន្រ្តី​ក្នុង​ជួរ​បក្ស​រហូត​ដល់​បច្ចុប្បន្ន​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។