សភាសម្រេចកាត់ប្រាក់ខែមូរសុខហួរដើម្បីសងជំងឺចិត្តហ៊ុនសែន
2010.07.30
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ជាម យៀប បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃសុក្រ ទី៣០ កក្កដា ថា រដ្ឋសភាសម្រេចកាត់ប្រាក់ខែរបស់លោកស្រី មូរ សុខហួរ ចំនួន ៨លានរៀលក្នុងរយៈពេល ២ខែ គឺខែកក្កដា និងសីហា ដើម្បីយកប្រាក់ទាំងនោះទៅសងជំងឺចិត្ត លោក ហ៊ុន សែន។
លោក ជាម យៀប បញ្ជាក់ថា ប្រាក់ខែលោកស្រីតំណាងរាស្ត្រ មូរ សុខហួរ មានចំនួនប្រហែល ៨លានរៀល ហើយរដ្ឋសភាត្រូវកាត់ប្រាក់ខែពាក់កណ្ដាលក្នុងមួយលើកៗ។
ចៅក្រមតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២០ កក្កដា បានស្នើឲ្យរដ្ឋសភារឹបអូសប្រាក់ខែលោកស្រី មូរ សុខហួរ បន្ទាប់ពីលោកស្រីមិនព្រមបង់ប្រាក់ពិន័យតុលាការ។ តុលាការបានសម្រេចកាត់ឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្តីករណីបរិហារកេរ្តិ៍ លោក ហ៊ុន សែន ដោយត្រូវសងជំងឺចិត្ត លោក ហ៊ុន សែន ចំនួន ៨លានរៀល និងប្រាក់ពិន័យព្រហ្មទណ្ឌចំនួន ៨លាន ៥សែនរៀល។
ការកាត់ប្រាក់ខែអ្នកតំណាងរាស្ត្រនេះ ត្រូវបានទទួលរងការរិះគន់ពីសំណាក់មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ថាជាការបំបិទសិទ្ធិផ្នែកបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្រ។
លោក ជាម យៀប បានបដិសេធការចោទប្រកាន់ដែលថា ការកាត់ប្រាក់ខែជាគាបសង្កត់ផ្នែកនយោបាយ។ លោកថា ទោះបីជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា មិនអនុញ្ញាតរដ្ឋសភាកាត់ប្រាក់ខែតំណាងរាស្ត្រក៏ដោយ។ សភាត្រូវតែកាត់ប្រាក់ខែ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់តុលាការ។
លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃសុក្រដែរថា លោកស្រីមិនយល់ព្រមចំពោះការកាត់ប្រាក់ខែនេះទេ ហើយលោកស្រីនៅតែមិនបង់ប្រាក់ពិន័យចំនួន ៨លាន ៥សែនរៀលទៀតទៅរតនាគារជាតិដដែល។ លោកស្រីបន្ថែមថា លោកស្រីជាជនរងគ្រោះនៃការបរិហារកេរ្តិ៍ ប៉ុន្តែដោយតុលាការនៅក្រោមអំណាចរដ្ឋាភិបាល លោកស្រីក្លាយទៅជាជនល្មើសទៅវិញ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា មានប្រសាសន៍នៅថ្ងៃសុក្រ ទី៣០ កក្កដា ថា ការកាត់ប្រាក់ខែតំណាងរាស្ត្រ មូរ សុខហួរ វាប្រសើរជាងការចាប់ដាក់គុក ប៉ុន្តែការកាត់ប្រាក់ខែនេះជាការប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរបស់អ្នកតំណាងរាស្ត្រ។ លោកថា រដ្ឋសភាមិនបានបកស្រាយបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឲ្យត្រឹមត្រូវ ម្ដងថា អាចប្រាក់ខែបាន ម្ដងថា មិនអាចកាត់ប្រាក់ខែអ្នកតំណាងរាស្ត្របាន។
លោកថា អ្នកតំណាងរាស្ត្រអាចមានសិទ្ធិបញ្ចេញមតិ ហើយការបញ្ចេញមតិនេះមិនត្រូវទទួលរងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានហៅការកាត់ទោសលោកស្រី មូរ សុខហួរ ថាជាការធ្លាក់ចុះនៃសិទ្ធិបញ្ចេញមតិនៅកម្ពុជា៕