បក្ស​សមរង្ស៊ី​អញ្ជើញ​ប្រធាន​សភា​ទៅ​មើល​ព្រំដែន​នៅ​កំពង់ចាម

សកម្មភាព​នៃ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ត្រូវ​បាន​​ប្រជាពលរដ្ឋ​រស់​នៅ​​​តាម​ព្រំដែន​អះអាង​ថា បណ្តាល​​ឲ្យ​បាត់​បង់​ដី​ស្រែ​ចម្ការ​ធ្លាប់​បង្កបង្កើន​ផល​តាំង​ពី​ដូន​តា​របស់​ពួកគាត់។
ដោយ ដែន អយុធ្យា
2010.11.19

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ចំនួន ២២២​នាក់ រស់​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចុះ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​​​២០១០ ដែល​លើក​ឡើង​ថា ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១០៩ នៅ​មូលដ្ឋាន​ខ្លួន ដែល​ធ្វើ​ឡើង​ដោយ​​គណៈកម្មាធិការ​បោះ​បង្គោល​ព្រំដែន​​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា បាន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​ពួកគាត់​រួច​មក តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ដោយ​បាន​គោរព​អញ្ជើញ​រូប​លោក​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឃុំ​ដារ រួម​គ្នា ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​បោះ​តម្រុយ​បង្គោល​​​​​​​​​​​ព្រំដែន​នោះ ពិត​ជា​បណ្ដាល​ឲ្យ​បាត់​ដី​ចម្ការ​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​មែន ឬ​យ៉ាង​ណា?

លិខិត​ចុះ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ចុះ​ហត្ថលេខា​រួម​គ្នា​ដោយ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​ខេត្ត​កំពង់ចាម ចំនួន ៤​រូប ក្រៅ​​ពី​បាន​​គោរព​អញ្ជើញ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា លិខិត​ក៏​បាន​អញ្ចើញ​​អ្នក​តំណាងរាស្ត្រ​ពី​គណបក្ស​នយោបាយ​ផ្សេង​​​ទៀត ឲ្យ​​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។

លិខិត​ដដែល​បាន​បញ្ជាក់​​ថា ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​ខេត្ត​កំពង់ចាម កើត​ឡើង​បន្ទាប់​ពី​មាន​​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ដារ ចំនួន ២២២​​​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ពី​ការ​បាត់បង់​ដី​ចម្ការ ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១០៩ នៅ​ចំណុច​ដំរី​ផុង។

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ និង​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ថា មូលហេតុ​​ដែល​​​នាំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​នៅ​ខេត្ត​កំពង់ចាម គឺ​គ្រាន់តែ​​ចង់​ដឹង​ថា តើ​ការ​បោះ​តម្រុយ​ព្រំដែន​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា អនុវត្ត​បាន​ត្រឹមត្រូវ និង​មាន​ការ​បាត់​ដី​ពលរដ្ឋ​ដូច​ពលរដ្ឋ​ចោទ​ប្រកាន់​មែន ឬ​អត់?

លោក​បន្ថែម​ថា ដំណើរ​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ខេត្ត​កំពង់ចាម គណបក្ស សម រង្ស៊ី គ្រោង​​យក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បុណ្យ​អុំ​ទូក​បាន​បញ្ចប់។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​ប្រចាំ​ប្រទេស​កម្ពុជា ក៏​មាន​គម្រោង​ដឹក​នាំ​គណៈប្រតិភូ​​ចុះ​ទៅ​ពិនិត្យ​មើល​​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ​១០៩ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ផង​ដែរ នៅ​ថ្ងៃ​ទី​​២៤ ខែ​វិច្ឆិកា សប្តាហ៍​ខាង​មុខ​នេះ។

មិន​ទាន់​មាន​ការ​ឆ្លើយ​តប​បែប​ពី​ខុទ្ទកាល័យ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ជុំវិញ​ការ​ដាក់​​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ក្នុង​ការ​ចុះ​ទៅ​ពិនិត្យ​បង្គោល​តម្រុយ​ព្រំដែន​នៅ​ខេត្ត​កំពង់ចាម នៅ​ចុង​ខែ​វិច្ឆិកា​នេះ។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​បោះ​បង្គោល​ព្រំដែន​រដ្ឋាភិបាល​កម្ពុជា បាន​​ថ្លែង​ថា រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទាំង​នេះ​ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​​​តម្រុយ​​បង្គោល​​ព្រំដែន​នៅ​ខេត្ត​កំពង់ចាម​ឡើយ។ បើ​មាន​សកម្មភាព​នេះ​កើត​​ឡើង សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​កម្លាំង​ទប់​ស្កាត់​​មិន​ឲ្យ​ភាព​​​​អនាធិបតេយ្យ​​ទាំង​នេះ​រំខាន​ដល់​ការងារ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ឡើយ។

លោក វ៉ា គឹមហុង បញ្ជាក់​បន្ថែម ៖ «យើង​អត់​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ យើង​កំពុង​តែ​បោះ (បង្គោល​ព្រំដែន) តែ​ហ៊ាន​ទៅ​គឺ​យើង​ឲ្យ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​មាន​វិធានការ​ហាម​ឃាត់។ មិន​ឲ្យ​គាត់​ទៅ​បំផ្លាញ​បង្គោល​ដែល​យើង​កំពុង​សាងសង់ ឬ​ទៅ​រំខាន​កិច្ចការ​ដែល​យើង​កំពុង​សាងសង់ បើ​យើង​សាងសង់​រួច​ហើយ គាត់​ចង់​ទៅ​មើល​ថ្ងៃ​ណា​ទៅៗ យើង​អត់​ឈឺ​ក្បាល​ទេ»

ប្រតិកម្ម​តប​ចំពោះ​ការ​គំរាម​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​ផង​នោះ​មាន​ប្រសាសន៍​ថា ការ​ប៉ុនប៉ង​ទប់​ស្កាត់​ពី​សំណាក់​​​​​មន្ត្រី​រដ្ឋាភិបាល​ទៅ​លើ​ដំណើរ​ចុះ​ពិនិត្យ​មើល​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន នៅ​ខេត្ត​កំពង់ចាម ដែល​មន្ត្រី​បក្ស​ប្រឆាំង និង​​សង្គម​ស៊ីវិល​នៅ​ចុង​ខែ​វិច្ឆិកា បាន​​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​​បិទ​បាំង​កំហុស​ឆ្គង​របស់​មន្ត្រី​បោះ​បង្គោល​ព្រំដែន​រដ្ឋាភិបាល។

លោក​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​ឃាត់​ដំណើរ​ចុះ​ពិនិត្យ​មើល​ព្រំដែន​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នោះ​ទេ បើ​ការ​បោះ​បង្គោល​នោះ​មិន​បាន​ចូល​មក​ក្នុង​ដី​ខ្មែរ ឬ​បាត់​ដី​ចម្ការ​ពលរដ្ឋ​នោះ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ប្រសាសន៍​លោក វ៉ា គឹមហុង គំរាមកំហែង​នេះ ជា​ការ​ភិតភ័យ​របស់​គាត់​ទេ ចំពោះ​​​អ្វី​ដែល​​គាត់​បាន​​​ធ្វើ​ខុស។ ដូច្នេះ​ហើយ​ខំ​ប្រើប្រាស់​អំណាច​កម្លាំង​សមត្ថកិច្ច​មក​រារាំង ដើម្បី​បិទបាំង​នូវ​កំហុស​ធ្ងន់ធ្ងរ​របស់​គាត់»

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ​គណបក្ស សម រស្ស៊ី មណ្ឌល​កំពង់ចាម បាន​ថ្លែង​ថា បើ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឃុំ​ដារ ស្រុក​មេមត់ មិន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ឬ​ដី​ពលរដ្ឋ​នោះ មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​បើក​ទូលាយ​ដល់​ប្រជាពលរដ្ឋ ឬ​មន្ត្រី​សង្គម​​​ស៊ីវិល បាន​ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទូលំទូលាយ មិន​មែន​ធ្វើ​ឡើង​មាន​អាថ៌កំបាំង​ដូច្នេះ​ទេ។

លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា ៖ «លោក វ៉ា គឹមហុង អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង គឺ​បាត់​បង់​តែ ៥​ម៉ែត្រ​ការ៉េ​ទេ​ខឿន​របស់​វា អា​ហ្នឹង​ជា​ការ​ពិត​ហើយ​នៅ​គ្រប់​បង្គោល​ព្រំដែន​ទាំង​អស់។ ប៉ុន្តែ​ជាក់​ស្តែង​ពី​បង្គោល​ព្រំដែន​ទៅ​ខាង​ដី​វៀតណាម គឺ​ជា​ដី​វៀតណាម បើ​ពី​បង្គោល​ព្រំដែន​ហ្នឹង​មក​ខាង​ដី​ខ្មែរ គឺ​ជា​ដី​ខ្មែរ។ ដូច្នេះ​គាត់​ឆ្លើយ​ចំពោះ​ប្រជាពលរដ្ឋ ហើយ​គំរាមកំហែង​មក​លើ​សង្គម​ស៊ីវិល​ហ្នឹង គាត់​ឆ្លើយ​យក​រួច​ខ្លួន ហើយ​ឆ្លើយ​ចំអក​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ តែ​ការ​ពិត ជាក់​ស្តែង បើ​សិន​ជា​មាន​តម្លាភាព​​​ត្រូវ​តែ​ឲ្យ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ហើយ​នឹង​តំណាងរាស្ត្រ​ចុះ​ទៅ​ពិនិត្យ​ទៅ»

យ៉ាង​នេះ​ក្តី លោក វ៉ា គឹមហុង បាន​ថ្លែង​​​​​​ថា ជា​ធម្មតា ការ​បោះ​តម្រុយ​កំណត់​បង្គោល​ព្រំដែន គឺ​ជៀស​មិន​ផុត​ពី​ការ​បាត់បង់​ទឹក​ដី​នោះ​ទេ បើ​មិន​ចូល​មក​ដី​ខ្មែរ គឺ​ចូល​ទៅ​ដី​ប្រទេស​វៀតណាម គឺ​មិន​អាច​ជៀស​ផុត​ឡើយ។ ប៉ុន្តែ​លោក​ថា ដី​នៅ​តាម​ព្រំដែន​មិន​មែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​មិន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ណា​​​​ម្នាក់​ទេ​​កន្លង​មក។

បន្ថែម​លើ​នេះ លោក វ៉ា គឹមហុង បាន​គំរាម​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ព្រំដែន ហើយ​​បាន​ធ្វើ​ឲ្យ​ខូច​តម្រុយ​បង្គោល​ព្រំដែន ដែល​មន្ត្រី​បច្ចេកទេស​កម្ពុជា-​វៀតណាម បាន​បោះ​រួច​ហើយ​នោះ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​បន្ថែម ៖ «តែ​ហ៊ាន​ទៅ​ធ្វើ​អី​ផ្ដេសផ្ដាស​គេ​ប្ដឹង​ផ្ដល់​អី​ទៀត បើ​យើង​និយាយ​មិន​ស្ដាប់ មាន​តែ​ឲ្យ​តុលាការ​ឲ្យ​គាត់​ជួយ​ការពារ»

ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម លេខ​១០៩ ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​កំពង់ចាម របស់​គណៈកម្មាធិការ​​ព្រំដែន​​​កម្ពុជា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១០។ ការ​បោះ​តម្រុយ​ព្រំដែន​នេះ ប្រជា​កសិករ​​​​​​​រស់​​​នៅ​តំបន់​នោះ​បាន​អះអាង​ថា បាន​ចូល​មក​ក្នុង​ដី​ចម្ការ​ស្វាយ​របស់​គាត់​ប្រមាណ ១០០​ម៉ែត្រ។

មន្ត្រី​គណៈកម្មាធិការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹង​ថា មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កម្ពុជា និង​វៀតណាម គ្រោង​បោះ​ឲ្យ​រួច​រាល់​នូវ​បង្គោល​តម្រុយ​ព្រំដែន​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​មុន​ដាច់​ឆ្នាំ​២០១២៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។