បុគ្គលិក​​ក្រុមហ៊ុន​ណាហ្គាវើល​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការ​បណ្តេញ​សហជីព

បុគ្គលិក​កាស៊ីណូ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើល ជិត​១០០​នាក់ បាន​នាំ​គ្នា​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បណ្តេញ​សហជីព​ចេញ​ពី​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩។
ដោយ សេក បណ្ឌិត
2010-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​បុគ្គលិក​កាស៊ីណូ​នៃ​ក្រុមហ៊ុន ណាហ្គាវើល ប្រមាណ​១០០​នាក់ និង​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក កម្មករ​ខ្មែរ ដោយ​ដៃ​មាន​កាន់​ធូប​និង​ផ្កា បាន​នាំ​គ្នា​បួងសួង​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះអង្គ​ដង្កើ​មុខ​ព្រះ​បរមរាជវាំង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​២៦ កុម្ភៈ​នេះ ដោយ​សូម​ឲ្យ​មាន​ការ​ចរចា​បញ្ចប់​ជម្លោះ​រវាង​ក្រុម​សហជីព​ដែល​ការពារ​ផល​ប្រយោជន៍​បុគ្គលិក​ជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើល ព្រម​ទាំង​សូម​កុំ​ឲ្យ​ថៅកែ​គាប​សង្កត់​មក​លើ​បុគ្គលិក ការ​រំលោភ​សិទ្ធិ​ផ្សេងៗ​ទៀត។

បុគ្គលិក​នារី​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ប្រហែល ១០០​នាក់​ភាគ​ច្រើន​ជា​ស្រ្តី បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​មាន​ការ​ដាក់​សម្ពាធ​ពី​ក្រុមហ៊ុន​ថា ៖ «គោល​បំណង​ដែល​ពួក​ខ្ញុំ​មក​ប្រជុំ​គ្នា​ថ្ងៃ​ហ្នឹង គឺ​ចង់​បាន​ឲ្យ​ក្រុម​សមាជិក​សហជីព​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ​ហ្នឹង​ចូល​វិញ។ ពេល​ដែល​អត់​មាន​សហជីព ពេល​ដែល​យើង​ធ្វើ​ការ មេៗ​ផ្នែក​ដទៃ ពេល​គាប់​សង្កត់​យើង​មក យើង​អត់​ដឹង​ប្រាប់​អ្នក​ណា​គេ​ទេ អត់​មាន​ភាព​កក់​ក្ដៅ​ទេ ដូច​តែលតោល អត់​មាន​មេ អត់​មាន​ទំនុក​ចិត្ត​ទេ»

អនុ​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក សុខ ណារិទ្ធិ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ បាន​បញ្ជាក់​បន្ថែម​ពី​គោល​បំណង​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ គឺ​ជា​ការ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ជាប់​គាំង​ពុំ​មាន​ដំណោះស្រាយ។

លោក សុខ ណារិទ្ធិ បាន​បញ្ជាក់​ថា ៖ «ការ​មក​ជួប​ជុំ​បន់ស្រន់​នេះ​គឺ​ជា​ចំណែក​មួយ​នៃ​ជំនឿ គេ​ថា ជំនឿ​ប្រជាពលរដ្ឋ​កម្ពុជា ប៉ុន្តែ​បើ​និយាយ​តាម​ផ្លូវ​ច្បាប់​គឺ​យើង​ឈ្នះ​តាម​ផ្លូវ​ច្បាប់​ហើយ។ ដោយឡែក​យើង​ឃើញ​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ចេញ​សេចក្ដី​បង្គាប់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​២​នេះ ឲ្យ​ក្រុមហ៊ុន​យក​ថ្នាក់​ដឹកនាំ​ចូល​ធ្វើ​ការ​វិញ»

ក្រុម​បុគ្គលិក​កាស៊ីណូ​បាន​ត្អូញត្អែរ​ថា ក្រុមហ៊ុន​តែងតែ​មាន​ការ​គាប​សង្កត់ រំលោភ​សិទ្ធិ​បុគ្គលិក​ជា​រឿយៗ បន្ទាប់​ពី​ក្រុម​សហជីព​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ទី​នោះ ៖ «ដូច​រឿង​មើល​តុ​អ៊ីចឹង ពេល​ខ្លះ​យើង​ចុក​ជើង​ណាស់ ៨​ម៉ោង​ឈរ​ម្ដងៗ​ឡើង​ញ័រ​ជើង។ ដល់​ពេល​ឲ្យ​យើង​ឈរ​រហូត​អ៊ីចឹង ពេល​យើង​លួច​អង្គុយ​អ៊ីចឹង គេ​មក​ទាន់ ដឹង​តែ​គេ​ស្ដី​ឲ្យ​ហើយ!»

មន្រ្តី​ការិយាល័យ​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើល បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​បុគ្គលិក ហើយ​ថា លោក​មិន​ខ្វល់​ឡើយ​ចំពោះ​ការ​ដើរ​បន់ស្រន់​អ្វី​នោះ ព្រោះ​លោក​យល់​ថា វា​ជា​សិទ្ធិ​របស់​គេ​ម្នាក់ៗ ៖ «ផ្សះផ្សា​ឆ្លង​កាត់​គ្រប់​ដំណាក់កាល​អស់​ហើយ​តើ! ដូច្នេះ​គេ​នៅតែ​បង្ក​ការ​ទាមទារ អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ!»។

ជុំវិញ​បញ្ហា​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា តាម​ការ​បង្គាប់​របស់​ក្រុម​អាជ្ញាកណ្តាល​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១០ បញ្ហា​នេះ​ជា​ការ​បញ្ជាក់​ថា ការ​បណ្តេញ​សហជីព​នេះ​គឺ​ខុស​ច្បាប់ និង​មាន​រូបភាព​រើសអើង​សហជីព។

លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ថា ក្រុមហ៊ុន​ណាហ្គា​គួរតែ​ពិចារណា​ដើម្បី​រក្សា​នូវ​មុខ​មាត់​អាជីវកម្ម​របស់​ខ្លួន អ៊ីចឹង​គួរតែ​ពិចារណា​គោរព​តាម​សេចក្ដី​បង្គាប់​របស់​អាជ្ញាកណ្ដាល»

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​មាន​ប្រមាណ​ជាង ១​ពាន់​នាក់​ធ្វើ​ការ​ជា​២​វេន យប់​និង​ថ្ងៃ។ បញ្ហា​ដែល​បង្ក​ជា​ជម្លោះ​គឺ​មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក កម្មករ​ខ្មែរ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បំពេញ​នូវ​លក្ខខណ្ឌ​ការងារ​មួយចំនួន ក្នុង​នោះ​មាន​ការ​ដំឡើង​ប្រាក់​ខែ និង​សុំ​ឲ្យ​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រចាំ​ឆ្នាំ គឺ​ប្រាក់​ខែ​ទី​១៣ ជាដើម ប៉ុន្តែ​ការ​ទាមទារ​ត្រូវ​បាន​ច្រានចោល​ដោយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ណាហ្គាវើល រហូត​បង្ក​ឲ្យ​មាន​ជម្លោះ​រយៈពេល​១​ឆ្នាំ​មក​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល