ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ​រង​ការ​ចោទ​ថា​បំបិទ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី

ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ រង​ការ​ចោទ​ថា បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​នយោបាយ។
ដោយ វិជ័យ អានន្ទ
2012-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​រាស្ត្រ​ដែល​ជា​ស្ត្រី​មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​មួយ​របស់​វិទ្យុ​ជាតិ​អាអ៊ិម (AM) ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ស្ត្រី​ខ្មែរ​ស្ដីពី "តើ​អ្នក​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​ឈរ​ជា​បេក្ខជន​អ្វី​ខ្លះ ដើម្បី​ចូល​រួម​ដឹក​នាំ​ប្រទេស"។ តែ​ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ បាន​អះអាង​ថា មូលហេតុ​ដែល​គាត់​ហាម​ឃាត់​នោះ ដោយ​សារ​មិន​មាន​ការ​ចូល​រួម​ពី​សំណាក់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​គ្នា​ក្នុង​កម្មវិធី​នោះ។

កម្មវិធី​ផ្សព្វផ្សាយ​មួយ​របស់​វិទ្យុ​ជាតិ ដែល​ប្រាថ្នា​លើក​កម្ពស់​ស្ត្រី​ក្នុង​ឆាក​នយោបាយ ចាក់​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ ត្រូវ​ផ្អាក​ទៅ​វិញ​នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា ដោយ​សារ​អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី ចូល​រួម​ក្នុង​កម្មវិធី​នោះ។

អ្នក​សម្រប​សម្រួល​ក្នុង​កម្មវិធី​សំឡេង​ស្ត្រី ជំរើស​ស្ត្រី​នៃ​អង្គការ​ស្ត្រី​ខ្មែរ អ្នកស្រី វរលក្ខណ៍ ឲ្យ​ដឹង​ថា ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ បាន​ផ្អាក​កម្មវិធី​របស់​អង្គការ​អ្នកស្រី មិន​ឲ្យ​ផ្សព្វផ្សាយ​កម្មវិធី​នោះ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​ដែល​ប៉ង​ជំរុញ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ស្ត្រី ក្នុង​ការ​ចូល​រួម​សកម្មភាព​នានា​នៃ​សង្គម ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៖ «សិទ្ធិ​របស់​ស្ត្រី គឺ​ប៉ះពាល់​ខ្លាំង​ណាស់​លោក ប៉ះពាល់​ខ្លាំង​មែន​ទែន ពីព្រោះ​ថា បើ​និយាយ​ទៅ​សិទ្ធិ​របស់​ស្ត្រី គឺ​អត់​មាន អត់​មាន​គ្រប់គ្រាន់​ក្នុង​បញ្ចេញ​មតិ»

អង្គការ​ស្ត្រី​ខ្មែរ បាន​ជួល​ម៉ោង​ផ្សាយ​ផ្ទាល់​នៅ​ស្ថានីយ​វិទ្យុ​ជាតិ ១​ថ្ងៃ​១​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ ហើយ​កម្មវិធី​របស់​អង្គការ​តែង​អញ្ជើញ​វាគ្មិន​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ និង​អង្គការ​សង្គម​ស៊ីវិល ចូល​រួម​ក្នុង​កម្មវិធី​នោះ ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​ផ្សេងៗ ហើយ​នៅ​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា អង្គការ​លើក​ប្រធានបទ​មួយ​ស្ដីពី "តើ​អ្នក​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​ឈរ​ជា​បេក្ខជន​អ្វី​ខ្លះ ដើម្បី​ចូល​រួម​ដឹកនាំ​ប្រទេស" ដែល​មាន​អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចូល​រួម​ធ្វើ​ជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​កម្មវិធី។

ទាក់​ទង​នឹង​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ឥរិយាបថ​របស់​ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ ដែល​បាន​ប្រព្រឹត្ត​នេះ គឺ​ជា​ការ​រើសអើង​និន្នាការ​នយោបាយ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី ក្នុង​ការ​បញ្ចេញ​មតិ​យោបល់។ ម្យ៉ាង​ទៀត អ្នកស្រី​ថ្លែង​បន្ត​ថា ក្នុង​កម្មវិធី​នៃ​វិទ្យុ​ជាតិ គេ​គួរ​អនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេងៗ ដើម្បី​រួម​ចំណែក​ផ្ដល់​ចំណេះ​ដឹង​ដល់​ពលរដ្ឋ មិន​មែន​ទុក​ឲ្យ​តែ​គណបក្ស​កាន់​អំណាច​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​នយោបាយ​នោះ​ឡើយ។

អ្នកស្រី មូរ សុខហួរ៖ «បើ​សិន​ជា​និយាយ​អំពី​តុល្យភាព​រវាង​គណបក្ស ខ្ញុំ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ពិចារណា​មើល តើ​នៅ​កម្មវិធី​វិទ្យុ​ជាតិ មាន​សំឡេង​គណបក្ស​ប្រជាជន​ឡើង​ប៉ុន្មាន​ភាគ​រយ មាន​ដែល​ឮ​សំឡេង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​កម្មវិធី​របស់​វិទ្យុ​ជាតិ​ឬ​ទេ ហើយ​យើង​ខ្ញុំ​អត់​បាន​គិត​អំពី​មក​ក្នុង​នាម​ជា​គណបក្ស​ទេ មក​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​មួយ​រូប»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​នាយកដ្ឋាន​កម្មវិធី​វិទ្យុ​ជាតិ លោក ប៊ួរ វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​លោក​មិន​អនុញ្ញាត​នោះ ដោយ​សារ​ក្នុង​កម្មវិធី​នោះ​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ម្ខាង​ចូល​រួម ដូច្នេះ​វា​ធ្វើ​ឲ្យ​កិច្ច​ពិភាក្សា​នេះ​មិន​មាន​តុល្យភាព។ មួយ​វិញ​ទៀត លោក​បញ្ជាក់​ថា វិទ្យុ​ជាតិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ដូច្នេះ​មន្ត្រី​របស់​រដ្ឋាភិបាល​ត្រូវ​តែ​មាន​សិទ្ធិ​ផ្សព្វផ្សាយ​កិច្ចការ​របស់​ខ្លួន។

លោក ប៊ួរ វណ្ណារិទ្ធិ៖ «ទី​នេះ​ជា​ស្ថានីយ​របស់​វិទ្យុ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដូច្នេះ​ការ​ដែល​អញ្ជើញ​តំណាង​រដ្ឋាភិបាល​មក​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ គឺ​យើង​មិន​មាន​បញ្ហា​អី​ទេ​បាទ! ដោយ​សារ​ថា​គាត់​អញ្ជើញ​មក​ក្នុង​នាម​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បាទ គឺ​គ្រប់​គណបក្ស​នយោបាយ គឺ​ថា​យើង​អាច​ចូល​រួម​បាន បើ​សិន​វា​ត្រូវ​នឹង​ប្រធានបទ​ដែល​យើង​ត្រូវ​ចូល​រួម ហើយ​វា​មាន​តុល្យភាព​នៅ​ក្នុង​ការ​ចូល​រួម​ហ្នឹង​ផង​បាទ!»

យ៉ាង​នេះ​ក្ដី អ្នកស្រី វរលក្ខណ៍ មាន​ប្រសាសន៍​ថា ការ​ដែល​អង្គការ​អញ្ជើញ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​តែ​ម្ខាង​នោះ ដោយ​សារ​កន្លង​មក អង្គការ​ក៏​ធ្លាប់​អញ្ជើញ​តំណាង​រាស្ត្រ​ជា​ស្ត្រី​មក​ពី​គណបក្ស​ប្រជាជន ចូល​រួម​តែ​ម្ខាង​ដូច​គ្នា​នេះ​ដែរ។

ភ្ជាប់​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ដែរ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) មាន​ប្រសាសន៍​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៩ វិច្ឆិកា នា​វិមាន​សន្តិភាព ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ពុំ​នោះ​ទេ កម្ពុជា មិន​អាច​ធ្វើ​ខ្លួន​ឲ្យ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ និង​សហរដ្ឋ​អាមេរិក នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ថាហើយថា! អញថាប្រទេសកម្ពុជាគឺជាប្រទេសប្រជាធិប
តេយ្យអាស្រ័យកុម្មូយនីស្ត ឬប្រទេសកុម្មុយនីស្តសេរីពហុ
បក្ស ដល់រដូវបោះឆ្នោតចេញពីឆាកមកចុះឈ្មោះប្រសាច
មិនដឹងបក្សណាខ្លះ បន្ទាប់មករលាយខ្លួនបាត់មិនដែលឮអ្វី​មួយអឹះ។ គេថាដឹកនាំបែបផ្ដាច់ការខ្លួនឯងថានីតិរដ្ឋ។ គេថា​បែបនេះរំលោភសិទិ្ធមនុស្សខ្លួនឯងថារំលោភអីប៉ុណ្ណេះ
ប្រទេសយួនរំលោភខ្លាំងជាងនេះផង។

Nov 26, 2012 01:58 AM

គេហទំព័រ​ទាំងមូល