លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា លោក ថោសារ៉ន បានរំលោភក្រមសីលធម៌និងច្បាប់ក្នុងការដោះស្រាយរឿងក្តីសកម្មជនសមាគមអាដហុក បន្ទាប់ពីចៅក្រមស៊ើបអង្កេត លោក ថោ សារ៉ន បានធ្វើអត្ថាធិប្បាយហៅការប្តូរភារកិច្ចនិងការចាកចេញរបស់សកម្មជនសិទ្ធិមនុស្សសមាគមអាដហុកពីខេត្តរតនគិរី ជាវិធីដែលនឹងសម្រួលឲ្យតុលាការអាចផ្អាករឿងក្តីនោះបាន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ បញ្ជាក់ថា នេះជាការដាក់គំនាបលក្ខណៈបុគ្គល មិនមែនជានីតិវិធីក្នុងការដោះស្រាយរឿងក្តី ហើយការធ្វើរបៀបនេះដើម្បីបំបាក់ស្មារតីសកម្មជនការពារសិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា ៖ «ចៅក្រមគឺអត់មានមូលហេតុអីក្រៅតែពីជំរុញឲ្យលោក ប៉ែន ប៊ុណ្ណារ៍ ចេញពីខេត្ត បញ្ចប់នូវការងារមួយចំនួនដែលវាខាតដល់អាជ្ញាធរ បុគ្គលមួយចំនួនដែលគាត់ពុករលួយ»។
ចៅក្រមតុលាការខេត្តរតនគិរី កាលពីថ្ងៃព្រហស្បតិ៍ ទី៦ សីហា បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងផ្អាករឿងក្តីនេះ ប្រសិនបើសកម្មជនទាំងពីរចាកចេញពីទឹកដីខេត្តរតនគិរី។
លោក ថោ សារ៉ន បានមានប្រសាសន៍ថា វាមិនអនុលោមតាមច្បាប់ ក៏ប៉ុន្តែដើម្បីសម្របសម្រួលគ្នារវាងអង្គការក្រៅរដ្ឋាភិបាលនិងអាជ្ញាធរ។
លោក ថោ សារ៉ន បានថ្លែងថា ៖ «ដើម្បីសន្តិសុខនយោបាយសង្គម ជាពិសេសយើងមិនចង់ឲ្យមានភាពច្របូកច្របល់អ្វីមួយដែលប៉ះពាល់ដល់អារម្មណ៍ប្រជាជន ហើយយើងចង់រក្សាកិត្តិយសសេចក្ដីថ្លៃថ្នូរផ្នែកសិទ្ធិមនុស្ស»។
លោក ប៉ែន ប៊ុណ្ណារ៍ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរី បានបញ្ជាក់ថា នេះជាចំណាត់ការជាលក្ខណៈបុគ្គល មិនអនុលោមតាមច្បាប់ទេ ហើយនោះគឺជាការប្រើប្រាស់អំណាចតុលាការដើម្បីរារាំងសកម្មភាពការពារសិទ្ធិជនជាតិដើមដែលត្រូវគេរំលោភ។
លោក ប៉ែន ប៊ុណ្ណារ៍ បានមានប្រសាសន៍ថា ៖ «ធម្មតាយើងធ្វើការផ្នែកសិទ្ធិមនុស្សប្រឆាំងជាមួយការបំផ្លាញបរិស្ថានហ្នឹង មានបុគ្គលដែលជាអាជ្ញាធរសមត្ថកិច្ចមួយចំនួនហ្នឹងមិនពេញចិត្ត»។
ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា មន្ត្រីលោកមិនបានប្រព្រឹត្តអ្វីខុសទេ ក៏ប៉ុន្តែដើម្បីបញ្ចៀសនូវការប្រទាំងប្រទើសគ្នារវាងសង្គមស៊ីវិលនិងអាជ្ញាធរ ដូច្នេះសមាគមសម្រេចផ្ទេរភារកិច្ចសកម្មជនទាំងពីរ។
លោក នី ចរិយា បានបញ្ជាក់ថា ៖ «អ្វីៗដែលគាត់បានធ្វើក្នុងន័យការពារផលប្រយោជន៍សាធារណៈសហគមន៍»។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន មានប្រសាសន៍ថា អាជ្ញាធរខេត្តមិនបានទាមទារឲ្យផ្ទេរតួនាទីសកម្មជនអាដហុកក្នុងខេត្តនោះទេ ហើយក៏មិនបានដឹងពីវិវាទនោះដែរ។
លោក ប៉ាវ ហមផាន បានមានប្រសាសន៍ថា ៖ «រឿងថា មានប្រជុំសុំដកអី ខាងខេត្តមានទៅផលរមាស់អីនឹងរឿងហ្នឹង»។
យ៉ាងនេះក្តី លោក អ៊ូ វីរៈ បញ្ជាក់ថា លោកនឹងធ្វើលិខិតអន្តរាគមន៍ទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដើម្បីស៊ើបអង្កេតករណីនេះ។
សកម្មជនបម្រើការក្នុងអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកទាំងពីររូបដែលត្រូវប្តូរទីកន្លែងការងារនោះមានឈ្មោះ ប៉ែន ប៊ុណ្ណារ៍ និង ឆាយ ធី៕
