អង្គការ​មូលនិធិ​ទ្រទ្រង់​អារ្យ​ធម៌​ខ្មែរ​ខក​ចិត្ត​ចំពោះ​សាលាក្រុង

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អារ្យធម៌​ខ្មែរ លោក មឿង សុន សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សាលាក្រុង​ភ្នំពេញ ដែល​មិន​ហ៊ាន​សម្រេច​ឲ្យ​ពលរដ្ឋ​និង​ព្រះសង្ឃ​ខ្មែរ​ធ្វើ​ពិធី​រាប់បាត្រ​បួងសួង​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ចាក​ផុត​ពី​សង្គ្រាម​និង​អំពើ​ហិង្សា។

លោក មឿង សុន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ផ្តួចផ្តើម​ធ្វើ​ពិធី​រាប់​បាត្រ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ នៅឯ​សួន​ច្បារ​ខាង​មុខ​វត្ត​បទុម​វតី ក្នុង​ក្រុង​ភ្នំពេញ គឺ​បាន​និមន្ត​ព្រះសង្ឃ​សរុប ១៩២​អង្គ ក្នុង​នោះ​ក៏​មាន​សម្តេច​ព្រះសង្ឃរាជ បួរ គ្រី និង​សម្តេច​ព្រះមហា​សុមេធា​ធិបតី នន្ទ ង៉ែត គ្រោង​នឹង​និមន្ត​ទៅ​ចូលរួម​ផង​ដែរ។

លោក មឿង សុន បញ្ជាក់​ថា លោក​បាន​ដាក់​លិខិត​សុំ​ទៅ​សាលាក្រុង​ភ្នំពេញ តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ខែ​មុន​នេះ​មក​ម៉្លេះ ប៉ុន្តែ​អភិបាល​ក្រុង​ភ្នំពេញ ទើប​តែ​ផ្តល់​លិខិត​ឆ្លើយ​តប​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ដោយ​បាន​ណែនាំ​ឲ្យ​លោក​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ធម្មការ​និង​ក្រសួង​មហាផ្ទៃ​វិញ។

លោក មឿង សុន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «ហេតុ​អី​បាន​យើង​ធ្វើ​ហ្នឹង ពីព្រោះ​យើង​យល់​ថា សព្វ​ថ្ងៃ​ហ្នឹង នៅ​ប្រទេស​ជិត​ខាង​យើង ជា​ពិសេស​ប្រទេស​សៀម​កំពុង​តែ​មាន​វិបត្តិ​ផ្ទៃ​ក្នុង ហើយ​គេ​បាន​បញ្ជូន​កង​ទ័ព​មក​ជិត​ព្រំដែន​យើង ហើយ​មួយ​រយៈ​កន្លង​មក កងទ័ព​[សៀម]​ក៏​បាន​បង្កើត​អំពើ​ហិង្សា​ជាមួយ​កងទ័ព​ខ្មែរ​យើង ធ្វើ​ឲ្យ​បាត់​បង់​អាយុ​ជីវិត​យុទ្ធជន​យើង។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ផង ហេតុ​ដូច្នេះ​បាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អារ្យធម៌​ចង់​បង្កើត​កម្មវិធី​រាប់​បាត្រ​សុំ​សេចក្ដី​សុខ​សន្តិភាព​នៅ​ថ្ងៃ​ស្អែក​នេះ តែ​ខ្ញុំ​មាន​ការសោក​ស្ដាយ​ដោយសារ​សាលាក្រុង បាន​ឆ្លើយ​តប​លិខិត​ដែល​យើង​ស្នើសុំ​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ព្រឹក​មិញ យើង​បាន​ទទួល​លិខិត​នេះ នៅ​ថ្ងៃ​សៅរ៍ ហើយ​យើង​ត្រូវ​តែ​លុប​កម្មវិធី​នេះ​នៅ​ពេល​ចុង​ក្រោយ ... ក៏​ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើ​កម្មវិធី​នេះ​ដដែល យើង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៤»