អង្គការ​មិត្ត​សំឡាញ់​ជួយ​អតីត​កុមារ​តំបន់​ដី​ក្រហម​ឲ្យ​បាន​ទៅ​រៀន​វិញ

គ្រួសារ​ជា​ច្រើន​រស់​នៅ​ក្នុង​រោង​ភួយ កន្ទេល ក្រណាត់​តង់ បិទ​បាំង​ជា​ជម្រក នៅ​មុខ​បុរី​សន្តិភាព​របស់​ក្រុមហ៊ុន 7NG ឲ្យ​ដឹង​ថា កុមារ​ជា​ច្រើន​ត្រូវ​បាន​ជួយ​ដោយ​អង្គការ​មិត្តសំឡាញ់​ឲ្យ​បាន​ទៅ​រៀន​វិញ​បន្ទាប់​ពី​ការចាកចេញ​ពី​សហគមន៍​ដី​ក្រហម។
ដោយ អ៊ុក សាវបូរី
2009-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-០១-២០០៩: ក្មេង​ប្រុស​ដែល​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​តំបន់​ដី​ក្រហម​បរិភោគ​អាហារ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន​នៅ​មុខ​បុរីសន្តិភាព​ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ។
៣០-០១-២០០៩: ក្មេង​ប្រុស​ដែល​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​តំបន់​ដី​ក្រហម​បរិភោគ​អាហារ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន​នៅ​មុខ​បុរីសន្តិភាព​ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ។
RFA Photo/Ouk Savborey

ស្រ្តី​ឈ្មោះ ធឿន សុខ អះអាង​ថា កូន​គាត់​ត្រូវ​អង្គការ​មិត្ត​សំឡាញ់​ជួយ​ឲ្យ​បាន​ចូល​រៀន​វិញ​ហើយ​ក្រោយ​ពី​ការបង្ខំ​ឲ្យ​ចាកចេញ​ពី​សហគមន៍​ដី​ក្រហម​ឬ​ភូមិ​១៥ ៖ «ផ្ញើ​កូន​នឹង​អង្គការ​គេ​ហ្នឹង ឥឡូវ​រក​កន្លែង​នៅ​អត់​ទាន់​បាន​ទេ»

យុវជន ធឿន វាសនា សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​បឹងត្របែក និយាយ​ថា ក្រុម​គ្រួសារ​គេ​រង​នូវ​ការបង្ខំ​ឲ្យ​ចេញ​ហើយ​បង្ខំ​ឲ្យ​ទទួល​យក​ផ្ទះ​នៅ​ខណ្ឌ​ដង្កោ​ដែល​នៅ​ឆ្ងាយ​ពី​សាលា​រៀន​របស់​គេ។

យុវជន​ថា ការរៀន​របស់​គេ​មិន​ជាប់លាប់​នាំ​ឲ្យ​បារម្ភ​ច្រើន​ដោយ​គ្មាន​លុយ​ជួល​ម៉ូតូ​ជិះ​ទៅ​រៀន​មួយ​ថ្ងៃ​ច្រើន​ម៉ឺន​រៀល​បាន​ទេ​ដោយ​គ្មាន​អង្គការ​ណា​មក​ជួយ​ដឹក​គេ​ឲ្យ​បាន​ទៅ​រៀន​ឡើយ។

យុវជន ធឿន វាសនា បាន​និយាយ​ថា ៖ «ខ្ញុំ​ត្រូវការ​រៀន​ច្រើន​ជា​ពិសេស​ភាសា។ មក​នេះ​រៀន​ឯ​ណា​ឆ្ងាយ​ពី​ក្រុង​ចង់​ងាប់ ហើយ​នៅ​នេះ​មិន​ទាន់​មាន​សាលា​ទៀត ឃើញ​ថា​គ្រោង​ធ្វើ​សាលា​មែន ប៉ុន្តែ​ទោះ​ជា​គេ​ធ្វើ​ឆាប់ៗ​ក៏​គ្មាន​កម្រិត​ដែល​ខ្ញុំ​ត្រូវ​រៀន»

ស្រ្តី​ឈ្មោះ សុខុម ឲ្យ​ដឹង​ថា ដោយ​ខ្លាច​មាន​ការបណ្តេញ​ជា​ថ្មី​ទៀត​គាត់​មិន​បាន​ឲ្យ​កូន​ទាំងអស់​ទៅ​អង្គការ​មិត្ត​សំឡាញ់​យក​ទៅ​រៀន​វិញ​ទេ។

នាយិកា​អង្គការ​មិត្ត​សំឡាញ់ លោកស្រី លី សុផាត មាន​ប្រសាសន៍​ថា អង្គការ​មាន​គម្រោង​ជួយ​កុមារ​៣០​នាក់​ដែល​បាន​ចាកចេញ​ពី​ដី​ក្រហម​ទៅ​បុរី​សន្តិភាព​មិន​បាន​បន្ត​ការរៀន ប៉ុន្តែ​មាន​ឪពុក​ម្តាយ​ខ្លះ​ខ្លាច​បែក​កូន​មិន​ឲ្យ​កូន​មក​រៀន​ទេ រង់ចាំ​ការដោះស្រាយ​ជម្រក​សិន។

បច្ចុប្បន្ន​អង្គការ​ទទួល​បាន​តែ​កុមារ​២១​នាក់​ទេ​ដែល​រថយន្ត​ដឹក​ពី​កន្លែង​ស្នាក់នៅ​ថ្មី​នៅ​ខណ្ឌ​ដង្កោ​មក​រៀន​តាម​សាលា​របស់​គេ​វិញ ហើយ​អង្គការ​ផ្តល់​អាហារ​និង​កន្លែង​ស្នាក់នៅ​ពេល​ថ្ងៃ។ លោកស្រី​ថា​ការជួយ​កុមារ​នោះ​គម្រោង​ពី​១​ខែ​ដល់​៣​ខែ​ប៉ុណ្ណោះ។

មេ​ភូមិ​បុរីសន្តិភាព អ្នកស្រី សឺន យ៉ីគូ មាន​ប្រសាសន៍​ថា មក​ដល់​ថ្ងៃ​នេះ​ពលរដ្ឋ​៩១​គ្រួសារ​ដែល​ក្រុមហ៊ុន​សន្យា​ផ្តល់​ផ្ទះ​បាន​មក​ចុះ​ឈ្មោះ​យក​ផ្ទះ​ល្វែង​ស្ទើរតែ​អស់​គ្នា​ហើយ។

អ្នកស្រី​ឲ្យ​ដឹង​ថា មិន​ទាន់​ដឹង​ចំនួន​មនុស្ស​ពិត​ប្រាកដ​ក្នុង​ការ​មក​រស់នៅ​ថ្មី​នេះ​ដោយ​ពួក​គេ​ខ្លះ​ចុះ​ឈ្មោះ​នៅ​បុរី​សន្តិភាព​១ ខ្លះ​នៅ​បុរី​សន្តិភាព​២ ខ្លះ​នៅ​បុរី​សន្តិភាព​៣ ទើប​ការគ្រប់គ្រង​មិន​ទាន់​ច្បាស់លាស់។

អ្នកស្រី​បន្ត​ថា ក្នុង​ភូមិ​បុរី​សន្តិភាព​នេះ​មាន​អគារ​សិក្សា​សម្រាប់​ថ្នាក់​បឋម​និង​កំពុង​សាងសង់​អគារ​អនុ​វិទ្យាល័យ​មួយ​ទៀត ហើយ​ផ្សារ​សម្រាប់​ទិញ​លក់​អីវ៉ាន់​ផ្សេងៗ​ក៏​កំពុង​ដំណើរការ​ដែរ។

អ្នកស្រី សឺន យ៉ីគូ បាន​បញ្ជាក់​ថា ៖ «ចុះ​ឈ្មោះ​ចូល​សរុប​ទាំងអស់ ខ្ញុំ​ឃើញ​នៅ​សល់​តែ​៦​គ្រួសារ​ទៀត​ទេ​ក្នុង​ចំណោម​៩១​គ្រួសារ»

កង្វះ​ខាង​ទឹក​ស្អាត ភ្លើង​អុជ​បំភ្លឺ អាក់ខាន​ការសិក្សា​និង​ខ្វះ​ស្បៀង​អាហារ​នៅ​បន្ត​មាន​ទៀត។ ការទន្ទឹង​រង់ចាំ​ដោះស្រាយ​របស់​ក្រុម​អ្នក​ជួល​ផ្ទះ​នៅ​ភូមិ​១៥​ឬ​សហគមន៍​ដី​ក្រហម​នៅតែ​បន្ត​រង់ចាំ​ទៀត​នៅ​មុខ​បុរី​សន្តិភាព​នា​ខណ្ឌ​ដង្កោ។

នាយក​ក្រុមហ៊ុន7NG នៅតែ​ព្យាយាម​មិន​ឆ្លើយតប​រាល់​ការសុំ​បំភ្លឺ​នានា​អំពី​រឿង​កើត​ឡើង​ទាំងឡាយ​នោះ។

សូម​ជម្រាប​ថា ចម្ងាយ​ពី​សហគមន៍​ដី​ក្រហម​ឬ​ភូមិ​១៥​ទៅ​កាន់​បុរី​សន្តិភាព​នោះ​មាន​ចម្ងាយ​ជាង​១៨​គីឡូម៉ែត្រ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល