អង្គការ​អន្តរជាតិ​អំពាវនាវ​ឲ្យ​កម្ពុជា​លុប​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​​អង្គការ

អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ដែល​ល្បី​ឈ្មោះ​នៅ​លើ​ពិភពលោក​ចំនួន ៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​​​កម្ពុជា បោះ​បង់​ចោល​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បច្ចុប្បន្ន ដោយ​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​មិន​ល្អ។
ដោយ កែវ និមល
2011-04-07
Share
សិទ្ធិ​មនុស្ស ៣០៥ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ដើរ​ដង្ហែ​ក្បួន​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១០។
RFA/Den Ayuthyea

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៧ មេសា អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ទាំង​នោះ បាន​អំពាវនាវ​រួម​គ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា តាក់តែង​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគម​នៅ​កម្ពុជា ឲ្យ​មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ ហើយ​ថា សេចក្ដី​ព្រាង​ច្បាប់​បច្ចុប្បន្ន​គួរ​តែ​បោះ​ចោល ពីព្រោះ​ខ្លឹមសារ​តាក់តែង​នោះ​វា​មិន​បាន​លើក​កម្ពស់​ការងារ​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​បំផ្លាញ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទៅ​វិញ។

អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធំៗ ដែល​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ មាន​ជា​អាទិ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​វេទិកា​អាស៊ី (Forum Asia) អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) អង្គការ​ស៊ីប៉ា (SEAPA =South East Asia Press Alliance) អង្គការ​ហ្វ្រន់ឡាញ ឌីហ្វែនឌឺ (Frontline Defender) ជាដើម។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ លោក ប្រែត អាដាម (Brad Adams) នាយក​ទទួល​ខុស​ត្រូវ​តំបន់​​អាស៊ី​របស់​អង្គការ Human Right Watch បាន​លើក​ឡើង​ថា ការ​រៀបចំ​ស្នើ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ឡើង ដើម្បី​ឲ្យ​អាជ្ញាធរ​ងាយ​នឹង​បដិសេធ​ការ​ចុះ​ឈ្មោះ ឬ​ការ​បិទ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បម្រើ​ផលប្រយោជន៍​សាធារណជន​ទូទៅ។

សេចក្ដី​ថ្លែងការណ៍​បាន​លើក​ឲ្យ​ដឹង​ថា ចំណុច​សំខាន់ៗ​ដែល​បង្កើត​ជា​បញ្ហា​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ រួម​មាន​ចំណុច​ទាក់ទង​ការ​ចុះ​ឈ្មោះ​អង្គការ​នានា ដែល​ជា​ចំណុច​ខាន​មិន​បាន ចំណុច​ទាក់ទង​នីតិវិធី និង​បែបបទ​ចុះ​ឈ្មោះ និង​រាយការណ៍​នោះ​មាន​ច្រើន​យ៉ាង​ពេក ដែល​ធ្វើ​ឲ្យ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​តូចៗ​មាន​ការ​លំបាក​ជាដើម។

ការ​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ បាន​កើត​មាន​មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​ផ្សាយ​លិខិត​រួម​គ្នា​មួយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ​ចំនួន ៦២ ផ្ញើ​ទៅ​កាន់​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ទាំង ២​រូប បាន​ដឹង​អំពី​ការ​ព្រួយ​បារម្ភ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​អន្តរជាតិ ទាក់ទង​ជាមួយ​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ​បាន​ចែង​តឹងតែង​ដល់​សកម្មភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​ចំណុច។

លោក វ៉ន ពៅ បាន​សុំ​ឲ្យ​មាន​ការ​កែប្រែ​ជា​ច្រើន​ចំណុច​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ។

ប្រភព​ពី​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​តូច​ទាំង​ធំ​ធ្វើ​សកម្មភាព​ប្រមាណ ៣.០០០​អង្គការ។

កាល​ពី​ថ្ងៃ​ទី​២៩ មីនា កន្លង​មក មាន​ការ​ជួប​ប្រជុំ​គ្នា​មួយ​រវាង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​អំពី​ការ​សុំ​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ ប៉ុន្តែ​តាម​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ចូល​រួម​ប្រជុំ បាន​ឲ្យ​ដឹង​ថា តំណាង​ក្រសួង​មហាផ្ទៃ បាន​ស្ដាប់​ការ​សុំ​កែ​មួយ​ចំនួន និង​យល់ព្រម​លើ​ចំណុច​ខ្លះ តែ​មិន​បាន​ដូច​ការ​ចង់​បាន​របស់​សមាគម និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ស្រុង​ទេ។

លោក​វេជ្ជបណ្ឌិត ស៊ីន សុមុនី នាយក​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ឈ្មោះ ម៉េឌីខាំ (MEDICAM) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​លទ្ធផល កិច្ច​ប្រជុំ​រវាង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ជាមួយ​តំណាង​ក្រសួង​នានា​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២៩ មីនា កន្លង​មក​ឲ្យ​ដឹង​ថា ក្នុង​ពេល​ប្រជុំ​នោះ​មាន​ការ​សុំ​ឲ្យ​មាន​បង្កើត​សទ្ទានុក្រម​ពន្យល់​ពាក្យ​មួយ​ចំនួន​អម​ជាមួយ​ច្បាប់​នោះ ដូចជា​ត្រូវ​ពន្យល់​ពាក្យ​អង្គការ​មហាជន​ជាដើម។ មាន​ការ​សុំ​ឲ្យ​ចែង​ឲ្យ​បាន​ច្បាស់​ទាក់ទង​ការ​ចុះ​បញ្ជី​អង្គការ​ក្នុង​មាត្រា ៣ និង ៦ នៃ​ច្បាប់​សុំ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​សិទ្ធិ​តវ៉ា កាល​ណា​ក្រសួង​មិន​ព្រម​ចុះ​បញ្ជី​ឲ្យ​ទាក់ទង​មាត្រា​១៧។ ទាក់ទង​មាត្រា​៣០ សុំ​ឲ្យ​មាន​ការ​ចែង​ឲ្យ​បាន​ច្បាស់​អំពី​លិខិត​បញ្ជាក់​ពី​សាមី​ប្រទេស និង​លិខិត​បញ្ជាក់​ពី​ក្រសួង​ដៃគូ​សហការ​ជាដើម។

លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ មេសា ឲ្យ​ដឹង​ថា លោក​មិន​ទទួល​យក​ការ​ទាមទារ​ដោយ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​សុំ​ឲ្យ​បោះ​ចោល​សេចក្ដី​ព្រាង​ច្បាប់​ដែល​កំពុង​ធ្វើ និង​កែ​នេះ​ឡើយ។

លោក នុត សាអាន បាន​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បច្ចុប្បន្ន​មិន​ទាន់​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ​ទេ។

នៅ​ថ្ងៃ​ទី​៧ មេសា​នេះ មាន​ការ​ជួប​ប្រជុំ​មួយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ១០០ ដើម្បី​ពិភាក្សា​អំពី​ការ​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​នោះ​ទៀត។

សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន ១១​ជំពូក និង ៥៨​មាត្រា។ មក​ទល់​ពេល​នេះ​មាន​កិច្ចប្រជុំ​រវាង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល​ចំនួន ៣​លើក​ហើយ ដើម្បី​ពិនិត្យ និង​កែ​សេចក្ដី​ព្រាង​ច្បាប់​នេះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល