សង្គម​ស៊ីវិល​នឹង​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​ជំរុញ​ឲ្យ​ដោះស្រាយ​វិបត្តិ​ដីធ្លី

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដែល​មាន​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​សង្គម​ស៊ីវិល​រួម​បញ្ចូល​គ្នា​ប្រហែល ២០​អង្គការ​បាន​គ្រោង​ថា នឹង​ចូល​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១ ខែ​មេសា​នេះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដូចជា​នៅ​ស្រុក​ថ្ពង និង​​​ស្រុក​ឧត្តុង្គ។
ដោយ គឹម ពៅ
2010-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កង​កម្លាំង​ប៉ូលិស​និង​អ្នក​ភូមិ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ដើម្បី​រឹប​អូស​យក​ដី​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០។
កង​កម្លាំង​ប៉ូលិស​និង​អ្នក​ភូមិ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ដើម្បី​រឹប​អូស​យក​ដី​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០។
RFA/Uon Chhin

លោក សួន សារ៉េត លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​បាន​ថ្លែង​ថា ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហិង្សា​កន្លង​មក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កើត​ឡើង​ដោយសារ​ការ​យឺតយ៉ាវ​នៃ​ការ​ដោះស្រាយ ដែល​បញ្ហា​នេះ​នាំ​ឲ្យ​មាន​ការ​បារម្ភ​សម្រាប់​ពេល​ខាង​មុខ​នេះ​ទៀត។

លោក សួន សារ៉េត មាន​ប្រសាសន៍​ថា ៖ «ព្រោះ​ប្រជាពលរដ្ឋ​គាត់​បាត់បង់​ដី​របស់​គាត់ ដី​គាត់​ត្រូវ​គេ​រំលោភ​យក​ដោយ​ក្រុមហ៊ុន ហើយ​ក៏​ចំណាត់​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​វា​មិន​ទាន់​ពេល យឺតយ៉ាវ មិន​យុត្តិធម៌​សម្រាប់​គាត់ ដូច្នេះ​ហើយ​បាន​ជា​មាន​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ប្រជាពលរដ្ឋ។ យើង​ចុះ​ទៅ​អន្តរាគមន៍​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង»

តាម​គម្រោង គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម គ្រោង​ថា​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​ខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​តុលាការ តុលាការ​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​សម្រាប់​អ្នក​ភូមិ​នៅ​ស្រុក​ថ្ពង បញ្ឈប់​ការ​តាម​ចាប់​មនុស្ស និង​ទំនាស់​ដី​នៅ​ស្រុក​ឧត្តុង្គ ជំរុញ​ឲ្យ​មាន​ការ​ចរចា​សមរម្យ​មុន​នឹង​ចុះ​អនុវត្ត​សាលក្រម​ជាដើម។

កាល​ពី​ពេល​ថ្មីៗ​នេះ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រើ​អំពើ​ហិង្សា​រវាង​អ្នក​ស្រុក​ថ្ពង ឃុំ​អមលាំង បាន​កើត​ឡើង​នៅ​គ្រា​ដែល​ក្រុមហ៊ុន​ព្យាយាម​ឈូស​ឆាយ​ដី​ដើម្បី​ដាំ​ដើម​អំពៅ​នៅ​ក្នុង​គម្រោង​សម្បទាន ១​ម៉ឺន​ហិកតា។

អ្នក​ស្រុក​ដែល​បាន​អះអាង​ថា ការ​ឈូស​ឆាយ​នោះ​បាន​ធ្វើ​នៅ​លើ​ដី​របស់​គាត់ បាន​ដុត​ខ្ទម​របស់​ក្រុមហ៊ុន​ចោល​អស់​ចំនួន​៦ ហើយ​ក្រោយ​មក​អ្នក​ភូមិ ២​នាក់​ត្រូវ​គេ​ចាប់​ដាក់​គុក ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មក​វិញ​បន្ទាប់​ពី​បាតុកម្ម​តវ៉ា​របស់​អ្នក​ស្រុក។

បុរស​អ្នក​ភូមិ​ម្នាក់​នៅ​ស្រុក​ថ្ពង បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ដដែល​នេះ​ថា មិន​មាន​ឃើញ​សញ្ញា​នៃ​ការ​ដោះស្រាយ​បញ្ហា​នោះ​នៅ​ឡើយ​ទេ​ចាប់​តាំង​ពី​មាន​ការ​ដោះលែង​អ្នក​ភូមិ​មក​វិញ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ពួកគេ​នៅ​តែ​បារម្ភ​អំពី​ការ​បាត់បង់​ដីធ្លី​នេះ​នៅ​ឡើយ។

អ្នក​ភូមិ​នៅ​ស្រុក​ថ្ពង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ទាំង​ខ្ញុំ ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង...។ ព្រោះ​ឥឡូវ​ជិត​ដល់​ពេល​ធ្វើ​ស្រែ​ចម្ការ​ហើយ ជិត​ដល់​រដូវ​វស្សា​ហើយ។ ក្រុមហ៊ុន​គេ​នៅ​អភិវឌ្ឍ ហើយ​ឃុំ​អត់​មាន​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ តើ​គិត​យ៉ាង​ម៉េច​ឥឡូវ? ឥឡូវ​បែង​ចែក​ឲ្យ​ច្បាស់​ថា ក្រុមហ៊ុន​ខាង​ណេះ ប្រជាពលរដ្ឋ​ខាង​ណេះ ប្រជាពលរដ្ឋ​អត់​មាន​ព្រួយ​បារម្ភ​ទៅ​តវ៉ា​អី​ទៀត​ទេ»

តំណាង​ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្កើរ លោកស្រី ឈាង គឹមស៊ុន បាន​មាន​ប្រសាសន៍​ទាក់​ទង​នឹង​ទំនាស់​ដី​នៅ​ខេត្ត​កំពង់ស្ពឺ នោះ​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​អនុវត្ត​ការ​ឈូស​ឆាយ​នោះ​ទៅ​តាម​ការ​អនុញ្ញាត​របស់​ក្រសួង​កសិកម្ម។ អ្នកស្រី​បន្ត​ទៀត​ថា ក្រសួង​បាន​ចុះ​មក​ស្រាវជ្រាវ​សព្វគ្រប់​មុន​នឹង​អនុញ្ញាត​ឲ្យ​ដី​នោះ​ដាក់​ក្នុង​ការ​វិនិយោគ​សម្បទាន ដូច្នេះ​អ្វីៗ​អ្នកស្រី​បាន​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។

អភិបាល​ខេត្ត​និង​អភិបាល​ខេត្ត​រង​នៃ​ខេត្ត​កំពង់ស្ពឺ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ទេ ចំណែក​មេ​ឃុំ​អមលាំង​វិញ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​អះអាង​ថា​ជាប់​រវល់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល