គ្រួសារ​និង​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​វែក​មុខ​រក​ឃាតករ​សម្លាប់​ជា​វិជ្ជា

គ្រួសារ​លោក ជា វិជ្ជា និង​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​វែក​មុខ​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​អតីត​ប្រធាន​សហជីព​សេរី​កម្មករ យក​មក​ផ្តន្ទា​ទោស​ឲ្យ​បាន​ឆាប់ ព្រោះ​រយៈពេល ៦​ឆ្នាំ​មក​ហើយ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​ឃាតករ​ពិត​បាន​នៅ​ឡើយ។
ដោយ ដែន អយុធ្យា
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ មេដឹកនាំ​សហជីព និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៤​នៃ​មរណភាព​លោក ជា វិជ្ជា នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ មករា ២០០៨។
កម្មករ មេដឹកនាំ​សហជីព និង​មន្ត្រី​សិទ្ធិ​មនុស្ស​ដង្ហែ​ក្បួន​ប្រារព្ធ​ខួប​ទី​៤​នៃ​មរណភាព​លោក ជា វិជ្ជា នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២២ មករា ២០០៨។
AFP File

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​គ្រា​ដែល​រូប​លោក​កំពុង​ឈរ​អាន​កាសែត​នៅ​អែប​របង​វត្តលង្កា នា​ទីក្រុង​ភ្នំពេញ។

នៅ​ថ្ងៃ​ទី​២១ ខែ​មករា​នេះ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ ត្រូវ​ជា​ប្អូន​លោក ជា វិជ្ជា បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​សមត្ថកិច្ច​រដ្ឋាភិបាល​ឲ្យ​វែក​រក​មុខ​ឃាតករ​ពិត​ដែល​បាន​សម្លាប់​បង​ប្រុស​យក​មក​ផ្តន្ទា​ទោស​ចំពោះ​មុខ​ច្បាប់ ព្រោះ ៦​ឆ្នាំ​មក​ហើយ​ឃាតករ​ពិត​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ។

លោក ជា មុនី បាន​បញ្ជាក់​ថា ៖ «អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ហ្នឹង​គឺ​នៅ​មាន​សេរីភាព​នៅ​ឡើយ។ យើង​ឃើញ​ដូច​ជា គុណ សុង បក្ស​ពួក​របស់​លោក លី រ៉ាស៊ី ដែល​គាត់​ធ្លាប់​ជា​មនុស្ស​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​លោក ជា វិជ្ជា ហើយ​គាត់​បាន​យក​លោក សុខ សំអឿន និង ប៊ន សំណាង ទៅ​បញ្ច្រក​ស្អី​ផ្សេងៗ គាត់​នៅ​មាន​សេរីភាព​នៅ​ឡើយ។ រយៈពេល ៧​ឆ្នាំ​ហើយ បើ​សិន​ជា​រដ្ឋាភិបាល​មិន​វែក​មុខ​រក​ឃាតករ​ទេ មាន​ន័យ​ថា រដ្ឋាភិបាល​នៅ​ក្រោយ​ខ្នង​នៃ​ឃាតកម្ម»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ខ្លី ដោយ​មិន​មាន​ជំនឿ​ថា សមត្ថកិច្ច​អាច​វែក​រក​មុខ​ឃាតករ​ពិត​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ឃើញ​នោះ​ទេ ព្រោះ​សមត្ថកិច្ច​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ស្រាវជ្រាវ។

លោក អ៊ូ វីរៈ បាន​អះអាង​ថា ៖ «ករណីលោក ជា វិជ្ជា ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​ប្រហែល​ជា​ដឹង​ថា តើ​អ្នក​ណា​គេ​ជា​អ្នក​សម្លាប់! អ៊ីចឹង​ឃាតកម្ម​នេះ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ក្នុង​ការ​រក​ឃាតករ​ទេ។ បើសិន​ជា​ចង់​រក​ឃាតករ គឺ​មិន​មែន​ចាំ​ដល់​រាប់​ឆ្នាំ ហើយ​ក៏​មិន​មែន​ចាប់​លោក ប៊ន សំណាង និង សុខ សំអឿន ដែរ»

ភាព​យឺតយ៉ាវ​របស់​អាជ្ញាធរ​ក្នុង​ការ​តាម​រក​មុខ​​ឃាតករ​ពិត​​បាញ់​សម្លាប់ លោក ជា វិជ្ជា កាលពី ៦​ឆ្នាំ​មុន ត្រូវ​បាន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចាត់ទុក​ថា មាន​ភាព​កម្សោយ​និង​អ​សមត្ថភាព។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «អាជ្ញាធរ​ក្រុង​ភ្នំពេញ​អសមត្ថភាព អាច​និយាយ​បាន​ថា បញ្ហា​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល បាន​ជា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ព្រងើយ​កន្តើយ​ជុំវិញ​ករណី​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា បែប​នេះ»

យុវជន​ពីរ​រូប​គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​គុក​ជា​ច្រើន​ឆ្នាំ ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា នឹង​ក្រោយ​​​មក​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី​២១ ខែ​មករា​​នេះ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ចាប់​ឃាតករ​ពិត​យក​មក​ផ្តន្ទា​ទោស​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ប្រាកដ​ថា ពួក​គេ​ទាំង​​​ពីរ​​នាក់​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា នោះ​ទេ។

លោក ប៊ន សំណាង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​រក​អ្នក​ផ្សេង​ក្រៅ​ពី​ខ្ញុំ​ទៅ ខ្ញុំ​អត់​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​សម្លាប់​គាត់​ផង»

លោក សុខ សំអឿន បញ្ជាក់​បន្ថែម ៖ «អាជ្ញាធរ​ថ្នាក់​ដឹកនាំ​ទាំង​អស់​ទូទាំង​ប្រទេស​នឹង​ប្រកាន់​យក​យុត្តិធម៌ ស្វែង​រក​ឃាតករ​ពិត កុំ​ឲ្យ​ចាប់​ខុស​មនុស្ស​ដែល​គ្មាន​ទោស​កំហុស យក​ទៅ​ដាក់​អ៊ីចឹង​ត​ទៅ​ទៀត!»

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ករណី​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា សមត្ថកិច្ច​មិន​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​ស្វែងរក​ឃាតករ​នោះ​ទេ។

លោក ខៀវ សុភ័គ បាន​ថ្លែង​ថា ៖ «ក្នុង​ករណី​ដែល​យើង​មិន​ទាន់​រក​ជន​ល្មើស​ទេ ក្រសួង​មហា​ផ្ទៃ​នៅ​មិន​ទាន់​បិទ​បញ្ជី​ការ​ស៊ើប​អង្កេត​នៅ​ឡើយ»

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

It will never ever happen and I strongly agree with all comments made by the speakers in the report.

Jan 21, 2010 06:16 PM

អ្នក​អាន​អនាមិក

I strongly believe that Cambodian government is behind this crime.

Jan 21, 2010 12:00 PM

គេហទំព័រ​ទាំងមូល