សង្គម​ស៊ីវិល​ថ្កោលទោស​គម្រោងការ​របស់​ក្រុម​បាតុករ​​ថៃ​អាវ​លឿង

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦ កាល​ពី​ថ្ងៃ​ទី​២២ មេសា​នេះ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ ថ្កោលទោស​ចំពោះ​បំណង​របស់​មេ​ដឹកនាំ​បាតុករ​ថៃ​អាវ​លឿង ដែល​គ្រោង​​នឹង​នាំគ្នា​មក​ដក​បង្គោល​ព្រំដែន​ខ្មែរ​ថៃ នៅ​ចំណុច​ប្រាសាទ​តាមាន់ នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ។
ដោយ គឹម ពៅ
2010.04.23
បាតុករថៃ ក្រុម​បាតុករ​អាវ​លឿង​​គ្រវី​ទង់​ជាតិ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​បាងកក កាលពី​ថ្ងៃ​២៦ វិច្ឆិកា ២០០៨។
AFP Photo

លោក សោម អូន ប្រធាន​អង្គការ​សង្គម​ស៊ីវិល កម្ពុជា​អាស៊ាន ដែល​ហៅ​ក្រុម​បាតុករ​អាវ​លឿង​ថៃ​ជា​ក្រុម​ជ្រុល​និយម វង្វេង​ប្រវត្តិសាស្ត្រ បាន​អះអាង​ថា ៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​ថ្កោលទោស​នូវ​ទង្វើ​វង្វេង​ប្រវត្តិសាស្ត្រ​របស់​ក្រុម វីរៈ ស៊ុមខ្វាមឃិត នេះ ហើយ​និង​បក្ស​ពួក​របស់​គាត់។ ទី​២ យើង​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ​ត្រូវតែ​ទប់​ស្កាត់​ទង្វើ​របស់​ក្រុម​ជ្រុល​និយម​នៃ​ជនជាតិ​ថៃ​មួយ​ចំនួន​តូច​នេះ គឺ​ថា មិន​ត្រូវ​ឲ្យ​មក​ដក​បង្គោល​ព្រំដែន​នេះ​ទេ»

អង្គការ​ចំនួន ៦ ដែល​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​នេះ រួម​មាន​អង្គការ​សង្គម​ស៊ីវិល កម្ពុជា​អាស៊ាន, សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា, សមាគម​យុវជន​កម្ពុជា​អាស៊ាន, ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​សង្គម​កម្ពុជា, សភា​សម្ព័ន្ធ​សហជីព​កម្ពុជា និង​សមាគម​សិទ្ធិ​មនុស្ស​កម្ពុជា​អាស៊ាន។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លេច​ឮ​ដំណឹង​ថា លោក វីរៈ ស៊ុមខ្វាមឃិត ប្រធាន​គណៈកម្មការ​បណ្ដាញ​ប្រជាជន​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​ថៃ បាន​ផ្សព្វផ្សាយ​តាម​រយៈ​កាសែត​ថៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​នឹង​ដឹកនាំ​ការ​ធ្វើ​ដំណើរ​ប្រមូល​ផ្ដុំ​ទៅ​កាន់​តំបន់​ប្រាសាទ​តាមាន់​តូច នៅ​ថ្ងៃ​ទី​១ ឧសភា​ខាង​មុខ​នេះ ដើម្បី​ដក​បង្គោល​ព្រំដែន​កម្ពុជា​ថៃ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ឧសភា​ខាង​មុខ​នេះ។

ទីប្រឹក្សា​អម​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក ស៊ូវ៉ាត់ កៅស៊ុក មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ដឹង​ដំណឹង​នេះ​តាម​រយៈ​កាសែត​ថៃ​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា វា​ជា​ការ​ពិត ឬ​ក៏​មិន​ពិត​នោះ​ទេ។ មន្ត្រី​ដដែល​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទៀត​ឡើយ ដោយ​អះអាង​ថា ស្ថានទូត​ថៃ​កំពុង​តាម​ឆែក​មើល​ដំណឹង​នេះ​ដែរ។

ជាមួយ​គ្នា​នេះ មន្ត្រី​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា លោក ទិត សុធា បាន​ថ្លែង​នៅ​ថ្ងៃ​ដដែល​នេះ​ថា មេ​បាតុករ​អាវ​លឿង​របស់​ថៃ​កំពុង​តែ​បង្វែរ ក្នុង​គោល​បំណង​បិទ​បាំង​វិបត្តិ​ផ្ទៃ​ក្នុង​របស់​ថៃ មក​ជា​ជម្លោះ​នៅ​តាម​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា រដ្ឋាភិបាល​ខ្មែរ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​នៅ​ឡើយ​ទេ ក្នុង​ដំណាក់កាល​ឃ្លាំ​មើល​នេះ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ថ្កោលទោស​បន្ថែម​ចំពោះ​ទង្វើ​នេះ​ដូច្នេះ ៖ «ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី អាប់ភីស៊ិត ត្រូវតែ​ទប់​ស្កាត់​នូវ​ទង្វើ​របស់​ក្រុម​និយម​ជ្រុល​នេះ កុំ​ឲ្យ​បង្ក​ភាព​អនាធិបតេយ្យ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ផង​ដែរ»

កំណត់​ហេតុ​នៃ​ការ​បោះ​បង្គោល​សីមា​លេខ​២៣ នៃ​គណៈកម្មការ​ខណ្ឌ​សីមា​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម ដែល​មាន​ចំណង​ជើង​ថា ផ្លូវ​លំ​ឈ្មោះ​ប្រាសាទ​តាមាន់ ចុះ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៨ បាន​បញ្ជាក់​ថា ប្រជុំ​ប្រាសាទ​តាមាន់​ស្ថិត​នៅ​ក្នុង​ដែន​ដី​ប្រទេស​កម្ពុជា។ តំបន់​នេះ​មាន​ទីតាំង​ច្បាស់លាស់​នៅ​ក្នុង​ផែនទី​ឧប​សម្ព័ន្ធ​ទី​១ ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​វិនិច្ឆ័យ​រឿង​ក្ដី​នៅ​ឆ្នាំ​១៩៦២។

ទាក់ទង​ទៅ​នឹង​គម្រោងការ​របស់​ក្រុម​អាវ​លឿង​ថៃ ដែល​ចង់​ដក​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ ក្នុង​រយៈ​ពេល ១​សប្ដាហ៍​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ស្ថានទូត​ថៃ បើ​សិន​ជា​ក្រុម​នោះ​នៅ​តែ​ធ្វើ​ដូច្នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។