សង្គម​ស៊ីវិល​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដាក់​ជូន​មេ​ដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល ត្រៀម​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ស្ដីពី​តួនាទី​សង្គម​ស៊ីវិល បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី និង​សិទ្ធិ​ពលករ​ចំណាក​ស្រុក ដាក់​ជូន​មេ​ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​រាជធានី​ភ្នំពេញ។
ដោយ ទេព សុរ៉ាវី
2012.11.14

សេចក្តី​ថ្លែងការណ៍​រួម​នោះ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ក្នុង​តំបន់​អាស៊ាន និង​កម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដើម្បី​ត្រៀម​រៀបចំ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដាក់​ទៅ​កាន់​មេ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាពិសេស​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា។

អ្នកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលកា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ថា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ ៥០០​ស្ថាប័ន នឹង​ជួប​ជជែក​ពិភាក្សា​លើ​ផែនការ​ដាក់​ញ្ញត្តិ​ជូន​មេ​ដឹកនាំ​អាស៊ាន និង​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មហា​អំណាច​សហរដ្ឋ​អាមេរិក ដែល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត រួម​ទាំង​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អ្នកស្រី ធីតា ឃឹះ បន្ត​ថា កិច្ច​ប្រជុំ​នោះ​នឹង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​សំខាន់ ពី​បញ្ហា​សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុក បញ្ហា​យន្តការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ខ្វះ​ការ​ការពារ​ជាដើម៖ «ដាក់​ទៅ​ឲ្យ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំង​អស់ ថ្នាក់​ដឹកនាំ​អាស៊ាន​បូក​៦ ដែល​គេ​ចូល​រួម​ជាមួយ។ គឺ​ជា​ការ​បញ្ចេញ​សំឡេង​របស់​យើង​ពី​ការ​ព្រួយ​បារម្ភ​របស់​យើង ហើយ​និង​យន្តការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំង​ប៉ុន្មាន ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សិទ្ធិ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន»

មិន​ខុស​គ្នា​ដែរ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច.អរ (CCHR) ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​១០ ផ្សេង​ទៀត ក៏​នឹង​ត្រៀម​ចេញ​សារ​ចំនួន ៣​ចំណុច​សំខាន់ សម្រាប់​ដាក់​ជូន​ប្រធានាធិបតី​អាស៊ាន លោក បារ៉ាក់ អូបាម៉ា តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា៖ «ទី១ គឺ​យើង​ផ្ដោត​ទៅ​លើ​តួនាទី​អង្គការ​សង្គម​ស៊ីវិល ហើយ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដូច​ជា​លោក ម៉ម សូណង់ដូ។ ខ្ញុំ​យល់​ថា ដំណើរ​ការ​សិទ្ធិ​មនុស្ស​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​ការពារ​សិទ្ធិ​មនុស្ស​ដូច​លោក ម៉ម សូណង់ដូ និង​សកម្មជន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត នៅ​ក្នុង​ពន្ធនាគារ។ ទី២ គឺ​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី ដែល​ជា​បញ្ហា​មួយ​បណ្ដាល​ឲ្យ​ប្រទេស​យើង​មាន​ភាព​ក្រីក្រ​ច្រើន ក្នុង​ប្រទេស​យើង មាន​ការ​អភិវឌ្ឍ​មិន​ស្មើ​ភាព។ មួយ​ទៀត គឺ​យើង​ជំរុញ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​រដ្ឋាភិបាល​សន្យា​លើស​មួយ​ទសវត្សរ៍​មក​ហើយ នូវ​ការ​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ដែល​ដល់​ពេល​បច្ចុប្បន្ន​នេះ ការ​សន្យា​អនុម័ត​ច្បាប់​ទាំង​អស់​នោះ គឺ​នៅ​មិន​ទាន់​បាន​ជា​ផ្លែផ្កា»

លោក អ៊ូ វីរៈ បញ្ជាក់​ថា សារ​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​នោះ វា​គួរ​បង្វែរ​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសើរ​ជាង​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ ដោយ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​យក​ចិត្ត​ទុក​ដាក់ បាន​ជា​អង្គការ​បង្វែរ​យក​សារ​ទាំង​នោះ ទាម​ទារ​ទៅ​ប្រទេស​មហា​អំណាច ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ការ​ទាម​ទារ​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព។

លោក អ៊ូ វីរៈ ក៏​ត្រៀម​ចូល​រួម​ផ្តល់​ថ្លែង​សន្ទរកថា នៅ​ក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ ៥០០​ស្ថាប័ន​ចូល​រួម​ប្រជុំ មុន​នឹង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម។

អ្នកស្រី ធីតា ឃឹះ បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​រួម​នៃ​គណៈកម្មាធិការ​វេទិកា​ពលរដ្ឋ​អាស៊ាន នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ គឺ​មុន​ពីរ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក យល់​ឃើញ​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល មាន​កង្វល់​ច្រើន​ពី​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ប្រព័ន្ធ​តុលាការ និរន្ត​ភ័យ​នៃ​ម្ហូប​អាហារ ការ​ព្រួយ​បារម្ភ​ពី​ច្បាប់​កសិកម្ម​សម្រាប់​ប្រជាកសិករ។ល។៖ «យើង​ក៏​បាន​ឃើញ​ថា មាន​បញ្ហា​ពី​រឿង​ដីធ្លី ពី​រឿង​សកម្មជន​សិទ្ធិ​មនុស្ស ដែល​តែង​តែ​មាន​ការ​ប្រឈម​មុខ​ជាមួយ​តុលាការ មាន​ការ​ប្រឈម​មុខ​ពី​រឿង​នីតិរដ្ឋ​តុលាការ។ អ៊ីចឹង យើង​បាន​តាម​ដាន ឃើញ​មាន​បញ្ហា​មែន។ ពេល​ណា​យើង​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​អី និយាយ​ពី​រឿង​បញ្ហា​ទាំង​អស់​នេះ តែង​តែ​សុំ​ទទូច​រដ្ឋាភិបាល​ឲ្យ​គាត់​យក​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ដូច​ជា​អង្គការ​ខ្ញុំ​អ៊ីចឹង យក​ធ្វើ​ជា​ដៃគូ កុំ​គិត​ថា​ពួក​ខ្ញុំ​ជា​សត្រូវ​ជាមួយ​រដ្ឋាភិបាល មិន​អ៊ីចឹង​ទេ»

អ្នកស្រី​បញ្ជាក់​ថា បើ​ទោះ​បី​ជា​អង្គការ​លីកាដូ មិន​បាន​ចូល​រួម​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ពី​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​ឯ​ទៀត ក៏ប៉ុន្តែ​អ្នកស្រី​គាំទ្រ និង​ចាំ​ឃ្លាំ​មើល​ការ​អនុវត្ត និង​ត្រៀម​ជួយ​ផ្នែក​សេវា​ពេទ្យ ប្រសិន​បើ​មាន​ឧប្បត្តិហេតុ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ក្នុង​ការ​ដាក់​សារ​ទាម​ទារ​របស់​ខ្លួន។

ចំពោះ​គម្រោង​ដាក់​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ចំហ​ផ្តល់​ឱកាស​ឲ្យ​សង្គម​ស៊ីវិល ព្រោះ​សង្គម​ស៊ីវិល​ជា​ដៃគូ​ប្រសើរ​ជាមួយ​រដ្ឋាភិបាល។ ម្យ៉ាង ការ​ទាម​ទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដល់​ថ្នាក់​ដឹកនាំ​អាស៊ាន និង​បណ្ដា​ប្រទេស​មហា​អំណាច បង្ហាញ​ពី​ការ​តស៊ូ​មតិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ត្រូវ​ទិស​ដៅ។

ទោះ​ជា​យ៉ាង​ណា លោក ផៃ ស៊ីផាន ព្រួយ​បារម្ភ​ចំពោះ​វិធីសាស្ត្រ​ចាត់​ចែង​ដាក់​សារ ឬ​លិខិត​ទាម​ទារ​នោះ មិន​រៀបចំ​បាន​ល្អ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​ការ​អញ្ជើញ​មក​ដល់​របស់​មេ​ដឹកនាំ​កំពូល​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក៖ «ការងារ​ដែល​តស៊ូ​មតិ​ហ្នឹង ជា​រឿង​សាមញ្ញ​ធម្មតា​បង្ហាញ​ពី​សង្គម​ខ្មែរ ដែល​ចំហ ដែល​មាន​អ្វី​ដែល​យើង​យល់​ឃើញ​ថា ជា​សកម្មជន​រស់​រវើក​សង្គម​ខ្មែរ​នៅ​ក្នុង​បរិបទ​លទ្ធិប្រជាធិបតេយ្យ និង​សង្គម​សេរី​នេះ​ឯង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ គឺ​ព្រួយ​បារម្ភ​ខ្លាច​តែ​នីតិវិធី​របស់​យើង​ក្នុង​ការ​ជួប​ជុំ​របស់​យើង​ថា វា​ប៉ះពាល់​ដល់​សន្តិសុខ​របៀប​ម៉េចៗ នេះ​ជា​ការងារ​បច្ចេកទេស​សម្រាប់​ក្រសួង​ជំនាញ»

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​អញ្ជើញ​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី១៧ វិច្ឆិកា ដល់​ថ្ងៃ​ទី២០ ទៅ​កាន់​ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ប្រទេស​ថៃ ភូមា (មីយ៉ាន់ម៉ា) ដើម្បី​ពង្រឹង​ការ​ទូត និង​កិច្ចការ​មួយ​ចំនួន និង​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៨ វិច្ឆិកា របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទាក់​ទង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​តំបន់​អាស៊ី​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក​ប្រធានាធិបតី​នឹង​លើក​យក​មក​ពិភាក្សា​បញ្ហា​ជាច្រើន ដូច​ជា​ភាព​រុងរឿង​សេដ្ឋកិច្ច ការ​បង្កើត​ការងារ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ និង​ជំនួញ បញ្ហា​ថាមពល កិច្ច​សហការ​លើ​រឿង​សន្តិសុខ បញ្ហា​សិទ្ធិ​មនុស្ស ដែល​ទាក់​ទង​តំបន់ និង​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។