មន្ត្រី​រដ្ឋាភិបាល និយាយ​​ពី​​មូលហេតុ​ដែល​ធ្វើឲ្យ​ទំនិញ​ឡើងថ្លៃ

មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ​ដែល​ទំនិញ​គ្រប់យ៉ាង​នៅ​ទីផ្សារ​ឡើង​ថ្លៃ គឺ​បណ្តាល​មក​ពី ការ​ធ្វើ​ចរាចរណ៍​សាច់​ប្រាក់​ច្រើន នៅ​លើ​ទី​ផ្សារ និង​អ្នក​វិនិយោគទុន បាន​បោះ​ទុន​ទិញ​អចលនទ្រព្យ​ច្រើន​ដែរ ។

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​បាន​លើកឡើង​ថា ការ​ដែល​ទំនិញ​គ្រប់យ៉ាង​នៅ​ទីផ្សារ​ឡើងថ្លៃ គឺ​បណ្តាល​មកពី ការ​ធ្វើ​ចរាចរណ៍​សាច់​ប្រាក់​ច្រើន នៅ​លើ​ទីផ្សារ និង​អ្នក​វិនិយោគទុន បាន​បោះ​ទុន​ទិញ​អចលនទ្រព្យ​ច្រើនដែរ ។

មាន​​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​របាយការណ៍ ស្តីពី​ការ​អង្កេត​លើ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​តំបន់​ឤស៊ី​ប៉ាស៊ីហ្វិក របស់​អង្គការ​ ESCAP នៅ​ថ្ងៃ​ទី​៨ មេសា អគ្គ​លេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុង ថា ៖ «​šវិនិយោគទុន មក​ច្រើន​ពេក ទិញ​ដី​ទិញអី ផ្ទះសម្បែង​អី យើង​មើល​កើន​ឡើង​ច្រើន... គឺ​ដី​ក៏​កើន​ឡើង ផ្ទះ​ក៏​កើន​ឡើង ដោយសារតែ​​វិនិយោគ​ហូរ​មក​ច្រើន​ពេក ។ បញ្ហា​ទីពីរ មកពី​លុយ​ហ្នឹង វា​ចរាចរ​ច្រើន​ពេក ដោយសារតែ មនុស្ស​យកលុយ​ដាក់​ធនាគារ​ច្រើន ។ យើង​មើល​ឆ្នាំ​ទៅ កំណើន​លុយ​ដែល​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ហ្នឹង កើន​ឡើង​ខុស សឹង ៧% គឺ​អត្រា​ខ្ពស់...»

លោកបន្ត​ថា រដ្ឋាភិបាល​ក៏​មាន​វិធាន​ទប់ស្កាត់ ធ្វើ​​យ៉ាងណា​​មិន​ឱ្យ​រូបិយវត្ថុ​ឡើង​ខ្ពស់​ពេក គឺ​កាត់បន្ថយ​ចំណាយ​មិន​ចាំបាច់ និង​ដំឡើង​ប្រាក់​បៀវត្សរ៍ ដល់​មន្ត្រី​រាជការ ២០% និង​គ្រោង​ដំឡើង​បន្ថែម​ទៀត ព្រមទាំង​ប្រាក់​បំណាច់​សម្រាប់​កូន​និង​ប្រពន្ធ គឺ​ដំឡើង ១០០% ។

ប៉ុន្តែ​បើតាម​ អ្នកសេដ្ឋកិច្ច បណ្ឌិត កង ច័ន្ទតារារ័ត្ន ប្រធាន​វិទ្យាស្ថាន​បណ្តុះ​បណ្តាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា មាន​ប្រសាសន៍​ថា បើ​មាន​អ្នក​វិនិយោគទុន​ច្រើន​នោះ ការ​ឡើង​ថ្លៃ​ទំនិញ​គ្រប់មុខ មិន​ប្រើ​រយៈពេល​យូរ​បែប​នេះ​ទេ ។

បណ្ឌិត កង ច័ន្ទតារារ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ឡើង​ថ្លៃដែល​ឤច​កើន​ឡើង ដោយសារ​អ្នក​វិនិយោគ​ច្រើន លុះត្រា​ណា​តែ​ប្រព័ន្ធ​ផលិតកម្ម​របស់​យើង ត្រូវ​ប្រើ​ពេញលេញ ។ មក​ដល់​ពេលនេះ ប្រព័ន្ធ​ផលិតកម្ម​យើង នៅ​មិន​ទាន់​ប្រើ​ពេញលេញ ដូច​យើង​ក្រឡេក​ទៅ​លើ ដី​ស្រែ​ចម្ការ​ដែល​បាន​ទិញ​សម្រាប់​វិនិយោគ យើង​ឃើញ​ថា​មាន​ទំនេរ​ច្រើន ហើយ​ប្រជាជន​នៅ​មាន​ការងារ​ធ្វើ​ហ្នឹង​តិច​តួច អ្នក​អត់​ការងារ​ធ្វើ​ក៏​មាន​ច្រើន ។ ហើយ​តម្លៃ​នៃផលិតផល​ក្នុង​ស្រុក មាន​កើន​ច្រើន ដោយសារ​បរិមាណ​ដែល​យើង​ផលិត​ហ្នឹង វា​មាន​តិច ភាគច្រើន​យើង​នាំ​ចូល ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ អតិផរណា​កើត​មាន​ឡើង វា​ជា​រឿង​មួយ​ដោយឡែក​»

តាម​ការ​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ស្តីពី ការ​អង្កេត​លើ​សេដ្ឋកិច្ច និង​សង្គមកិច្ច នៃ​តំបន់​ឤស៊ី​ប៉ាស៊ីហ្វិច របស់​អង្គការ ESCAP បាន​ឱ្យ​ដឹង​ថា ការ​ឡើង​ថ្លៃ​នៃ​ស្បៀង​ឤហារ នៅ​ឆ្នាំ​​២០០៧ មួយ​ផ្នែក គឺ​បណ្តាល​មក​ពី​គ្រោះ​រាំងស្ងួត នៅ​ប្រទេស​អូស្ត្រាលី ទឹក​ជំនន់​នៅ​ប្រទេស​ចិន និង​ឤកាសធាតុ​ស្ងួត​នៅ​អឺរ៉ុប ។ គេ​មាន​សម្ពាធ​បន្ថែម ដែល​បណ្តាល​មកពី​តម្រូវការ​ចំពោះ​ជីវ​ឥន្ធនៈ ចំពោះ​ដំណើរឆ្ពោះ​ទៅរក​ជីវ​ឥន្ធនៈ ដែល​ទំនង​ជា​មិន​ឤច​បញ្ឈប់​បាន ។ ចំណែក​ឯ ការ​ឡើង​ថ្លៃ​រូបិយវត្ថុ​បន្ត​ទៀត ចាប់តាំង​ពី​ឆ្នាំ​២០០៦ ក្នុង​តំបន់​បាន​ឡើង​ថ្លៃ​ធៀប​នឹង​ដុល្លារ ៕