ស្ថានីយ​ស្ល​ដែក​បុរាណ​ត្រូវ​ប្រទះ​ឃើញ​នៅ​ខេត្ត​ព្រះវិហារ

អ្នក​ជំនាញ​ផ្នែក​បុរាណ​វិទ្យា​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​១៤ មករា​នេះ​ថា គេ​ទើប​នឹង​បាន​រក​ឃើញ​កន្លែង​ឡ​ស្ល​ដែក​សម័យ​បុរាណ​មួយ​ចំនួន នៅ​គ្រា​ដែល​មាន​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៦៤ ចាប់​ពី​ខេត្ត​ព្រះវិហារ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង។
ដោយ ឱម ឧត្ដម
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ថានីយ​ស្ល​ដែក​សម័យ​បុរាណ​នេះ​ស្ថិត​នៅ​ចំណុច​ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។

អ្នក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក ធុយ ចាន់ធួន អនុ​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា ដែល​បាន​ចុះ​ទៅ​ធ្វើការ​សិក្សា​ដោយ​ផ្ទាល់​នៅ​ទីតាំង​នោះ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «ជា​ស្ថានីយ​ស្ល​ដែក។ ស្ថានីយ​ហ្នឹង​ទំហំ វិសាលភាព​ខាង​លើ​ដី មួយ​ទំហំ​ប្រហែល​ជា​១០​ម៉ែត្រ​បួន​ជ្រុង ហើយ​មួយ​ទៀត​ប្រហែល​ជា​១០​ម៉ែត្រ ហើយ​ប្រវែង​ប្រហែល​៥០-​៦០​ម៉ែត្រ​តែប៉ុណ្ណឹង។ ឥឡូវ​នេះ​ខ្ញុំ​ទើប​នៅ​ផ្ទាល់​លើ​ដី នៅ​ក្រោម​ដី​ទៀត​ខ្ញុំ​អត់​ទាន់​បាន​ចុះ​ផ្ទាល់ អត់​ទាន់​បាន​ដឹង​ទេ»

គេ​មិន​ទាន់​ដឹង​ថា ឡ​បុរាណ​នោះ​មាន​អាយុកាល​នៅ​សម័យ​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ពី​ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ស្ថានីយ​ឡ​ស្ល​ដែក​មួយ​នេះ ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​សម័យ​កាល​បុរេ​ប្រវត្តិសាស្រ្ដ​របស់​កម្ពុជា ដែល​ប្រើ​នៅ​ក្នុង​ការ​ផលិត​ដាវ លំពែង សម្រាប់​ផ្គត់ផ្គង់​ការ​ធ្វើ​សឹក​សង្គ្រាម និង​ពន្លាក កាំបិត សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​នា​សម័យ​កាល​នោះ​ជាដើម។

ទាក់​ទង​ទៅ​នឹង​ការ​រក​ឃើញ​នេះ លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា  លោក​បាន​រាយ​ការណ៍​ជា​បន្ទាន់​ជូន​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រួច​ទៅ​ហើយ អំពី​បញ្ហា​នេះ។ ចំពោះ​ការ​ធ្វើ​ផ្លូវ​ដែល​ប៉ះ​ចំ​ស្ថានីយ​នោះ​វិញ គឺ​ត្រូវ​ធ្វើ​វាង​ស្ថានីយ​នេះ​ផង​ដែរ។

លោក អ៊ុំ ម៉ារ៉ា មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​បាន​រាយ​ការណ៍​ជូន​ឯកឧត្ដម​ឧប​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​រួច​ហើយ​អំពី​ការ​រក​ឃើញ​ហ្នឹង។ អត់​មាន​ផ្អាក​ទេ យើង​គ្រាន់​តែ​រក​វិធី​យ៉ាង​ម៉េច​វាង​កន្លែង​ហ្នឹង​ទៅ យើង​មិន​អាច​បំផ្លាញ​ចោល​អ្វី​ដែល​ជា​ស្ថានីយ​បុរាណ​របស់​យើង​បាន​ទេ»

ប្រទេស​កម្ពុជា​ត្រូវ​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ថា ជា​មហា​អំណាច​នៃ​សម្បតិ្ត​វប្បធម៌ ដោយសារ​តែ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ជា​ច្រើន​និង​ស្ថានីយ​ប្រវត្តិសាស្រ្ត​រាប់​ពាន់​បន្សល់​ទុក។

អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ជា​អ្នក​ស្រាវជ្រាវ​ចាស់​ទុំ​មួយ​រូប មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «សព្វថ្ងៃ​ហ្នឹង​អ្នក​ស្រាវជ្រាវ​ខាង​វប្បធម៌​មួយ​ចំនួន គេ​ថា ឥឡូវ​ហ្នឹង​ស្អី​ក៏​ដោយ​ក៏​យើង​និយាយ​អំពី GDP ខាង​វាស់​សេដ្ឋកិច្ច វាស់​នូវ​ភាព​រុងរឿង​របស់​ប្រទេស​នីមួយ​គេ​តែង​យក GDP ធ្វើ​ជាគោល GDP ខាង​សេដ្ឋកិច្ច។ ដូចជា​សព្វថ្ងៃ​ហ្នឹង​សហរដ្ឋ​អាមេរិក គឺ​មាន​សេដ្ឋកិច្ច​លេខ​១​លើ​ពិភពលោក ដល់​គេ​មក​គិត​គេ​ថា គួរ​តែ​និយាយ​អំពី GDP ខាង​សម្បត្តិ​វប្បធម៌​វិញ។ អ្នក​ប្រាជ្ញ​ខ្លះ​លោក​ថា ប្រទេស​ខ្មែរ​មាន GDP លេខ​មួយ​លើ​ពិភព​លោក»

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យា​មាន​គម្រោង​ថា ពួកគេ​នឹង​បន្ត​ចុះ​ទៅ​ស្រាវជ្រាវ​ស្ថានីយ​ដែល​ទើប​រក​ឃើញ​នេះ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ខ្ញុំសែនរំភើបជាខ្លាំង ដែលបានរកឃើញស្ថានីយស្លដែកបុរាណ
ខ្ញុំអាចដឹងរឹតតែឆ្បាស់ថា ប្រទេសខ្មែរយើងជាប្រទេសដ៍រុងរឿង។
បើមានក្បួនស្លដែកហើយ បូក​ នឺងបច្ចេកទេសជប៉ុន
យើងអាចបង្កើតគ្រឿងម៉ាស៊ីនបាន៕
ខ្ញុំចង់តាមដានរឿងនេះតរទៅទៀត»»»»»»»»»»»»»»៚

Jan 16, 2010 09:04 AM

អ្នក​អាន​អនាមិក

គ្រប់ក្រសួងដែលពាក់ព័ន្ធគប្បីស្វែងរកបន្ថែមទីតាំងប្រវត្តិសាស្រ្តថែមទៀតកុំចាំតែគេប្រទះឃើញមករាយការណ៍ទើបទៅនោះទេ!!!

Jan 15, 2010 03:40 AM

គេហទំព័រ​ទាំងមូល