ក្ដី​បារម្ភ​ចំពោះ​ការ​តែង​តាំង ឱម យ៉ិនទៀង

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​តែង​តាំង​លោក ឱម យ៉ិនទៀង ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​នឹង​មិន​បាន​ជោគជ័យ​ក្នុង​ការ​ងារ​បំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា​នោះ​ ឡើយ ដោយសារ​មិន​មាន​ឯករាជ្យ​ពី​គណបក្ស​កាន់​អំណាច។
ដោយ តាំង សារ៉ាដា
2010-05-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឱម យ៉ិន​ទៀង (ខាង​ឆ្វេង) ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការងារ​ពិសេស​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ទី​២ មិថុនា ២០០៩។
លោក ឱម យ៉ិន​ទៀង (ខាង​ឆ្វេង) ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការងារ​ពិសេស​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ទី​២ មិថុនា ២០០៩។
RFA Photo/Mom Sophonn

អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក Global Witness ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​រិះ​គន់​យ៉ាង​ខ្លាំង​អំពី​ការ​តែង​តាំង​លោក ឱម យ៉ិនទៀង ដែល​ជា​ទេសរដ្ឋមន្ត្រី និង​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​រដ្ឋាភិបាល ឲ្យ​ទៅ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ ថា​នឹង​បំផ្លាញ​ដល់​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​បំបាត់​អំពើ​ពុក​រលួយ​របស់​ជាតិ។

លោក George Boden ដែល​ជា​មន្ត្រី​ផ្នែក​យុទ្ធនាការ​របស់​អង្គការ Global Witness មាន​ប្រសាសន៍​ថា ការ​តែង​តាំង​មន្ត្រី​រដ្ឋាភិបាល ដែល​ជា​មនុស្ស​ក្រោម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ទៅ​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដូច្នេះ អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ មិន​មាន​ប្រសិទ្ធភាព និង​មិន​អាច​វែក​មុខ​ជន​ពុក​រលួយ ដែល​ជា​មន្ត្រី​មាន​អំណាច អាច​ជា​សាច់​ញាតិ​របស់​នាយក​រដ្ឋមន្ត្រី ឬ​ឈ្មួញ​ធំៗ ជា​ដើម។

លោក George Boden មាន​ប្រសាសន៍​បន្ត​ថា ៖ «យើង​មិន​ដែល​ឃើញ​ប្រទេស​ទាំង​ឡាយ​នៅ​លើ​ពិភពលោក តែង​តាំង​អ្នក​នយោបាយ​ឲ្យ​មក​ធ្វើ​ជា​អ្នក​តាម​ដាន​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ ក្នុង​ជួ​រដ្ឋាភិបាល​របស់​ខ្លួន​នោះ​ឡើយ។ ការ​ធ្វើ​ដូច្នេះ ពិត​ជា​អាច​បំផ្លាញ​ដល់​ស្ថាប័ន​កម្ចាត់​អំពើ​ពុក​រលួយ​នេះ​តែ​ម្ដង»

លោក ឱម យ៉ិនទៀង ដែល​ទើប​ទទួល​តំណែង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ព្រះ​មហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ នរោត្តម សីហមុនី កាល​ពី​ពេល​ថ្មីៗ នេះ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​រិះ​គន់​ដល់​រូប​លោក​នោះ​ឡើយ ៖ «ខ្ញុំ​ថា​និយាយ​ប្រឆាំង​យើង​ខ្ញុំ​ជា​រឿង​ធម្មតា​ទេ​បាទ»

នៅ​មុន​ការ​តែង​តាំង​នេះ លោក ឱម យ៉ិនទៀង គឺ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល និង​ជា​ទេសរដ្ឋមន្ត្រី។ របាយការណ៍​របស់​អង្គការ Global Witness ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០០៩ មាន​ចំណង​ជើង​ថា កម្ពុជា​ជា​ប្រទេស​សម្រាប់​លក់ បាន​បង្ហាញ​ថា លោក ឱម យិន ទៀង ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​នៅ​កម្ពុជា ដែល​ទទួល​បាន​ការ​សូក​ប៉ាន់​ជា​ច្រើន ពី​ក្រុមហ៊ុន​ទាំង​នោះ ហើយ​មិន​បាន​បង់​ចូល​បញ្ជី​ថវិកា​រដ្ឋ។

លោក George Boden មន្ត្រី​របស់​អង្គការ Global Witness ដដែល​មាន​ប្រសាសន៍​ថា កាល​ពី​លោក ឱម យ៉ិនទៀង ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក​មិន​ទាន់​ឃើញ​លទ្ធផល​ប្រសើរ​ជា​ដុំ​កំភួន ពី​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខណៈ​លោក ឱម យ៉ិនទៀង បំពេញ​តួនាទី​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស យើង​ឃើញ​មាន​បញ្ហា​ជា​ច្រើន​នៅ​កម្ពុជា ដូចជា​បញ្ហា​ដីធ្លី ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ភាព​ខ្វះ​សំណង​ជួស​ជុល​ការ​ខូច​ខាត និង​ការ​រឹត​ត្បិត​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»

អ្នកនាំពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា ការ​លើក​ឡើង​អំពី​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ទំនង​ដើរ​ថយ​ក្រោយ​នោះ ដោយសារ​គេ​មិន​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​មាន​ប្រសាសន៍​ថា ៖ «ការ​ចោទ​ប្រកាន់​របស់​សង្គម​ស៊ីវិល ដែល​ចោទ​ថា មាន​ការ​ដើរ​ថយ​ក្រោយ​ទាំង​សិទ្ធិ​សេរីភាព ក៏​ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ អ្នក​ហ្នឹង​និយាយ​គ្រាន់​បាន​តែ​និយាយ​ទេ និយាយ​អត់​មាន​គោល​ការណ៍ និយាយ​គ្រាន់​បាន​តែ​ថា​ហ្នឹង​ទេ ហើយ​រួម​ទាំង​អ្នក​ខំ​បន្ទរ​ផ្សាយ គឺ​អ្នក​សារព័ត៌មាន​នេះ​ឯង»

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ មាន​ក្ដី​រន្ធត់​ពេល​បាន​ដឹង​ថា លោក ឱម យ៉ិនទៀង ទើប​ទទួល​តំណែង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ពួក​គេ​បាន​ស្នើ​ឲ្យ​លោក ឱម យិន ទៀង ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​មុន​សិន មុន​ឡើង​កាន់​តំណែង​នេះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី Sophie Richardson មន្ត្រី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ក្នុង​រដ្ឋធានី Washington។

អ្នកស្រី​មាន​ប្រសាសន៍​ថា ៖ «គាត់​ទំនង​នឹង​ចូល​ចិត្ត​ធ្វើ​ការ​លើ​បញ្ហា​នេះ។ មជ្ឈដ្ឋាន​ជា​ច្រើន​ចោទ​ថា លោក ឱម យ៉ិនទៀង ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​យូរ​មក​ហើយ។ ដូច្នេះ យើង​អាច​និយាយ​បាន​ថា គាត់​ពិត​ជា​ដឹង​ហើយ​ពី​អំពើ​ពុក​រលួយ។ ហើយ​គាត់​ក៏​ត្រូវ​ប្រកាស​អំពី​ទ្រព្យ​សម្បត្តិ​របស់​គាត់​ជា​សាធារណៈ​សិន មុន​ធ្វើ​ការ​ងារ​លើ​បញ្ហា​នេះ»

ប្រទេស​កម្ពុជា​ទើប​អនុម័ត​ជា​ស្ថាពរ នូវ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ ។ ក្រុម​សង្គម​ស៊ីវិល​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ដល់​ច្បាប់​នោះ​ថា ជា​ច្បាប់​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​សម្រាប់​បិទ​មាត់ និង​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ​ទៅ​វិញ។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ប្រចាំ​ក្នុង​ទីក្រុង​ហុងកុង លោក Basil Fernando មាន​ប្រសាសន៍​ថា ដើម្បី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា ដែល​ទើប​អនុម័ត​ចេញ​ជា​ច្បាប់ មិន​មាន​ស្តង់ដារ​ល្អ និង​ជា​ច្បាប់​គួរ​ឲ្យ​អស់​សំណើច។

លោក​បន្ត​ថា ៖ «នេះ​ជា​ច្បាប់​ឆ្កួត​លីលា​មួយ ហើយ​វា​មិន​មែន​ជា​ច្បាប់​ត្រឹម​ត្រូវ​នោះ​ឡើយ។ អ្វី​ដែល​ត្រឹម​ត្រូវ​នោះ គឺ​គេ​ត្រូវ​ការ​ពារ និង​រក្សា​ការ​សំងាត់​ដល់​អ្នក​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ។ អ្នក​ទាំង​នោះ ត្រូវ​មាន​សេរីភាព​ពេញ​បរិបូណ៌​ពី​ការ​ភ័យ​ខ្លាច។ ហើយ​ក៏​គ្មាន​អ្នក​រង​ការ​ផ្ដន្ទា​ទោស ឬ​ដាក់​ពិន័យ​ពី​ការ​ប្ដឹង​ករណី​អំពើ​ពុក​រលួយ​នោះ​ឡើយ។ ដូច្នេះ​ហើយ បាន​ជា​ខ្ញុំ​និយាយ​ថា វា​ជា​ច្បាប់​គ្មាន​ន័យ​ខ្លឹម​សារ ហើយ​ជា​ច្បាប់​ដ៏​អាក្រក់​មួយ»

លោក Basil Fernando មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព​នៅ​កម្ពុជា គេ​ត្រូវ​ឲ្យ​ស្ថាប័ន​នោះ មាន​ឯករាជ្យ​ពី​រដ្ឋាភិបាល ត្រូវ​មាន​អំណាច និង​ធនធាន​ក្នុង​ការ​ស៊ើប​អង្កេត ដើម្បី​ចាប់​ខ្លួន​ជន​ពុក​រលួយ ត្រូវ​មាន​កិច្ច​ប្រឹង​ប្រែង​ដ៏​ធំធេង​ក្នុង​ការ​បំពេញ​ការ​ងារ​នេះ ត្រូវ​ការ​ពារ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ហ៊ាន​ប្ដឹង​ពី​ករណី​ពុក​រលួយ។

អង្គការ Global Witness និយាយ​ថា អំណាច​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ជោគ​ជាំ​ពី​សំណាក់​មន្ត្រី​មាន​អំណាច អាច​ជ្រៀតជ្រែក​ដល់​ការ​ងារ​ឯករាជ្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​ដំណោះ​ស្រាយ​តែ​មួយ​គត់ ដែល​គេ​អាច​សាក​ល្បង​ធ្វើ​បាន​ដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​នោះ គឺ​អង្គការ​សហ​ប្រជា​ជាតិ ឬ​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ត្រូវ​ផ្ដល់​ការ​ការពារ ឲ្យ​បាន​រឹង​មាំ​ដល់​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​មិន​ត្រូវ​ឲ្យ​មន្ត្រី​របស់​រដ្ឋាភិបាល​ធ្វើ​កិច្ច​ការ​នោះ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល