ប្រភពពីមន្ត្រីយោធាកម្ពុជា និងថៃ បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣ ឧសភា ថា យ៉ាងហោចណាស់ក៏មានទាហានថៃម្នាក់ស្លាប់ និងរងរបួស ៣នាក់ ចំណែកឯភាគីទាហានខ្មែររបួសម្នាក់ក្នុងការប្រយុទ្ធគ្នានៅថ្ងៃអង្គារ ទី៣ ឧសភា នេះ។ អត្រាទាហានស្លាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ និងថៃ បានកើនឡើងចំនួន ១៨នាក់។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃអង្គារ បានចោទប្រកាន់ទាហានថៃ ជាអ្នកបង្កឲ្យផ្ទុះអាវុធសាជាថ្មីម្ដងទៀត។
សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិ កាលពីថ្ងៃអង្គារ ផ្សាយថា ទាហានថៃ បានបាញ់ផ្លោងដោយអាវុធត្បាល់ ៦០មិល្លីម៉ែត្រ ៨១មិល្លីម៉ែត្រ និង ១២០មិល្លីម៉ែត្រ ទៅលើកងយោធពលខេមរភូមិន្ទ នៅតំបន់ប្រាសាទតាក្របី បណ្ដាលឲ្យទាហានខ្មែរម្នាក់រងរបួស។ ប៉ុន្តែទាហានខ្មែរនៅតែបន្តរក្សាការពារទីតាំងឈរជើងរបស់ខ្លួនបាននៅឡើយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងថៃ បានឲ្យដឹងនៅថ្ងៃអង្គារ ថា បើទោះបីជាការប្រយុទ្ធគ្នានៅតែបន្ត ប៉ុន្តែការប្រយុទ្ធគ្នាជាទ្រង់ទ្រាយធំបានធូរស្បើយបន្តិច ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅភូមិកំណើតខ្លួនវិញ។
ទីភ្នាក់ងារ អា.អេហ្វ.ប៉េ (AFP) ដកស្រង់សម្ដីមន្ត្រីយោធាថៃ និងកម្ពុជា ឲ្យដឹងថា ស្ថានភាពការប្រយុទ្ធគ្នាបានធូរស្រាល ធ្វើឲ្យពលរដ្ឋស៊ីវិលប្រមាណ ៨ម៉ឺន ៥ពាន់នាក់បានវិលត្រឡប់ទៅផ្ទះសម្បែងវិញ។
ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ចាប់តាំងពីថ្ងៃទី២២ មេសា ដល់ថ្ងៃទី៣ ឧសភា បានបណ្ដាលឲ្យទាហានថៃ ស្លាប់ ៩នាក់ និងទាហានខ្មែរស្លាប់ ៩នាក់។
ព្រឹត្តិការណ៍ចុងក្រោយនៃពាក្យបណ្ដឹងកម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីស្នើឲ្យមានការបកស្រាយសាលក្រមតុលាការ ឆ្នាំ១៩៦២ ដែលបានសម្រេចប្រគល់ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទស្ថិតក្នុងបូរណភាពទឹកដីខ្មែរ តុលាការបានប្រកាសថា បានទទួលពាក្យបណ្ដឹងកម្ពុជារួចហើយ។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការបញ្ជាក់ថា កម្ពុជាបានទាមទារឲ្យថៃ ដកកងទ័ពខ្លួនចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារជាបន្ទាប់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅថ្ងៃអង្គារ មានប្រសាសន៍ថា កម្ពុជារំពឹងតុលាការយុត្តិធម៌អន្តរជាតិ នឹងអាចផ្ដល់យុត្តិធម៌ឲ្យកម្ពុជា ៖ «អ្វីដែលយើងសង្ឃឹម ដែលដាក់ស្នើឲ្យមានការបកស្រាយនេះ គឺដំណោះស្រាយស្ថាពរមួយ»។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការបន្ថែមទៀតថា តុលាការនឹងបើកសវនាការពាក្យបណ្ដឹងកម្ពុជា ក្នុងរយៈពេល ២ ឬ ៣ខែខាងមុខនេះ ប៉ុន្តែតុលាការនៅមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នៅឡើយទេ។ តុលាការបន្ថែមទៀតថា ពាក្យបណ្ដឹងកម្ពុជា នឹងជំរុញឲ្យមានការពិនិត្យសំណុំរឿងថ្មីមួយ។ ការស្នើសុំរបស់កម្ពុជា ឲ្យមានការបកស្រាយនេះ ជាការស្នើសុំលើកទី៧ ហើយដែលតុលាការនេះទទួលបានចាប់តាំងពីតុលាការបង្កើតឡើងកាលពីឆ្នាំ១៩៤៦៕