មនុស្សប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១២ នាំគ្នាហែក្បួនលើកបដាពាក្យស្លោក និងចែកខិត្តប័ណ្ណផ្សព្វផ្សាយពីការិយាល័យច្រកចេញចូលតែមួយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវកម្ម សិប្បកម្ម សេវាកម្ម យល់ដឹងពីសារប្រយោជន៍នៃការិយាល័យច្រកចេញចូលតែមួយ។
នៅខេត្តរតនគិរី ការិយាល័យច្រកចេញចូលតែមួយ នៃសាលាក្រុងបានលុង ចាប់ផ្ដើមផ្តល់សេវាជូនប្រជាពលរដ្ឋតាំងពីខែសីហា ឆ្នាំ២០១១ លើវិស័យចំនួន៧ រួមមាន វិស័យនីត្យានុកូលដ្ឋាន វិស័យសំណង់ សាធារណការដឹកជញ្ជូន ទេសចរណ៍ វប្បធម៌ វិចិត្រសិល្បៈ ពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម រ៉ែ និងថាមពលរដ្ឋ។ ហើយនៅពេលបច្ចុប្បន្ន ការិយាល័យនេះបានទទួលប្រតិភូកម្មលើវិស័យចំនួន៣ទៀត គឺវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុខាភិបាល និងវិស័យអប់រំ យុវជន និងកីឡា។
ប្រធានការិយាល័យច្រកចេញចូលតែមួយ កញ្ញា សុខជា មានប្រសាសន៍បញ្ជាក់ថា ដោយសារតែប្រជាពលរដ្ឋមិនទាន់បានទទួលដំណឹងគ្រប់គ្រាន់ ស្ដីពីអត្ថប្រយោជន៍នៃសេវាការិយាល័យច្រកចេញចូលតែមួយ ហេតុនេះសាលាក្រុង បានរៀបចំយុទ្ធនាការហែក្បួនផ្សព្វផ្សាយជាលើកទីពីរ ដើម្បីបំផុសឲ្យប្រជាពលរដ្ឋទៅទទួលយកសេវាកម្មពីការិយាល័យ ដើម្បីកាត់បន្ថយការខាតបង់ពេលវេលា ប្រាក់កាស និងជាពិសេស អំពើពុករលួយ ការិយាធិបតេយ្យនៅតាមអង្គភាព ក្រសួង មន្ទីរជំនាញ ក្នុងការចេញលិខិតស្នាម ឬឯកសារច្បាប់ធ្វើអាជីវកម្ម សេវាកម្ម និងសិប្បកម្ម។
កញ្ញា សុខជា៖ «កាលមុន យើងសុំអ្វីមួយ គឺត្រូវរត់ទៅច្រើនសមត្ថកិច្ច។ គាត់អាចទៅទំនាក់ទំនងនៅស្ថាប័នជាច្រើន ពីកន្លែងមួយទៅកន្លែងមួយ ធ្វើឲ្យគាត់ចំណាយពេលវេលាច្រើន ហើយលុយកាក់ក៏ធ្វើឲ្យគាត់ត្រូវចំណាយច្រើន ហើយតម្លៃសេវាក៏អត់មានការកំណត់ដែរ។ តាមអ្នកស្គាល់ក៏អត់មានការកំណត់ជាក់លាក់ដែរ។ តែការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ គឺបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ គឺប្រមូលផ្តុំសេវាមួយចំនួន ដែលប្រតិភូកម្មមកនៅកន្លែងតែមួយ គឺប្រជាពលរដ្ឋគាត់ទៅកន្លែងហ្នឹង គាត់នឹងទទួលបានលទ្ធផលសម្រេចនៅកន្លែងហ្នឹងតែម្តង»។
ចាប់ពីដើមខែមករា ឆ្នាំ២០១១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ របាយការណ៍របស់ការិយាល័យច្រកចេញចូលតែមួយ នៃសាលាក្រុងបានលុង ឲ្យដឹងថា អង្គភាពនេះបានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន៣.៥៤៦សេវា និងរកប្រាក់ចំណូលសរុបចំនួន៣១.២០៥.៩០០រៀល និងប្រាក់ដុល្លារ៧.២៤០ដុល្លារ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា សមាគមលោកមិនទាន់បានទទួលពាក្យប្ដឹង ឬការបញ្ជាក់ណាមួយពីប្រជាពលរដ្ឋ ស្ដីពីភាពមិនប្រក្រតីនៃការិយាល័យច្រកចេញចូលតែមួយនៅក្រុងបានលុង នៅឡើយ។ ក៏ប៉ុន្តែ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋនៅក្រុងបានលុង ភាគច្រើននៅមិនទាន់មានជំនឿលើសេវារបស់អង្គភាពនេះ ថាអាចផ្តល់សេវាជូនប្រជាពលរដ្ឋបានប្រសើរនៅឡើយ៖ «យើងមានការព្រួយបារម្ភ ទោះបីមានច្រកចេញចូលតែមួយ ក៏មានវិស័យជំនាញខ្លះ គេមានរបៀបរត់ការរបស់គេ។ យើងសូមសំណូមពរឲ្យប្រជាពលរដ្ឋយើងទំនាក់ទំនងជាមួយច្រកចេញចូលតែមួយ។ ទោះបីមានជនខិលខូចខ្លះគាត់ថាមានតម្លៃថោកជាងខាងក្រៅក៏ដោយ»។
យ៉ាងនេះក្តី អភិបាលក្រុងបានលុង លោក លីវិន មានប្រសាសន៍បញ្ជាក់ថា តាមគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្រោយពេលធ្វើប្រតិភូកម្មវិស័យជំនាញទាំងឡាយមកការិយាល័យច្រកចេញចូលតែមួយនោះ ការផ្តល់សេវាពីមន្ទីរជំនាញពាក់ព័ន្ធជូនប្រជាពលរដ្ឋ ត្រូវតែធ្វើតាមរយៈអង្គភាពនេះ។
លោកបញ្ជាក់ថា ការិយាល័យច្រកចេញចូលមានបង្កើតការិយាល័យប្រជាពលរដ្ឋ និងប្រអប់សំបុត្រ ដើម្បីទទួលពាក្យប្ដឹង និងសេចក្តីរាយការណ៍ ឬដោះស្រាយបញ្ហាអសកម្ម អំពើពុករលួយរបស់មន្ត្រីបុគ្គលិកក្នុងអង្គភាពនេះ៖ «ការផ្សព្វផ្សាយរបស់យើងនៅពេលនេះ ហាក់បីដូចជាទូលំទូលាយដែរ ដូច្នេះសូមប្រជាពលរដ្ឋលោកអញ្ជើញមកភ្ជាប់សេវា ដើម្បីស្របច្បាប់វិស័យទាំង១០ហ្នឹង។ ម៉ូតូមានផ្លាកលេខមានអ្វីត្រឹមត្រូវទៅ»។
របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ ឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន មន្ត្រីការិយាល័យនេះទទួលបានសំណូមពរ ការសរសើរ និងសាកសួរព័ត៌មានពីប្រជាពលរដ្ឋចំនួន៧៤ករណី រួមមាន ភាពយឺតយ៉ាវផ្តល់សេវាចំនួន១០ករណី សំណូមពរចំនួន១០ករណី សរសើរចំនួន១១ករណី និងសាកសួរព័ត៌មានចំនួន៤៣ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
