កម្ពុជា​បើក​ច្រក​ព្រំដែន​នៅ​មុខ​ប្រាសាទ​ព្រះវិហារ

ប្រភព​ពី​អាជ្ញាធរ​ខ្មែរ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​គម្រោង​នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​មុខ​ប្រាសាទ​ព្រះវិហារ ឲ្យ​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ថៃ បាន​ចូល​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​ខ្មែរ។
ដោយ ហង្ស សាវយុត
2010-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ​ខ្មែរ​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០០៩
ប្រាសាទ​ព្រះវិហារ​ខ្មែរ​ស្ថិត​នៅ​លើ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០០៩
RFA/Uy Sophea

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា បាន​ដឹក​នាំ​គណ​ប្រតិភូ​មួយ​ក្រុម ទៅ​កាន់​ខេត្ត​ស៊ី​សា​កេត ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​វិច្ឆិកា ដើម្បី​ជួប​ជជែក​គ្នា​អំពី​បញ្ហា​មួយ​ចំនួន ដែល​គេ​រំពឹង​ថា ការ​ជួប​ពិភាក្សា​គ្នា​នោះ អាច​នឹង​ជជែក​ស្វែង​រក​ចំណុច​យោគ​យល់​គ្នា​ជា​ច្រើន ដើម្បី​ឈាន​ទៅ​រក​បើក​ច្រក​ព្រំដែន​ខ្មែរ-ថៃ នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​បេតិកភណ្ឌ ទទួល​បន្ទុក​ការ​ពារ និង​ថែ​រក្សា​ប្រាសាទ​ព្រះវិហារ បាន​បង្ហើប​ឲ្យ​ដឹង​ថា គម្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​ទល់​មុខ​ប្រាសាទ​ព្រះវិហារ អាច​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ដើម​ខែ​ធ្នូ ឆ្នាំ​២០១០ ខាង​មុខ​នេះ។

ចំណែក​លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ​បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ វិច្ឆិកា​ថា លោក​កំពុង​នៅ​ឯ​ខេត្ត​ស៊ី​សា​កេត​របស់​ថៃ ប៉ុន្តែ​លោក​មិន​បាន​អធិប្បាយ​ឲ្យ​ដឹង​អំពី​ព័ត៌មាន​នៃ​គម្រោង​ដែល​ថា​នឹង​ឈាន​ទៅ​រក​ការ​បើក​ច្រក​ព្រំដែន​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ៖ «អត់​ទាន់​និយាយ​ដល់​រឿង​ហ្នឹង​ទេ ឥឡូវ​កំពុង​តែ​នៅ​ស៊ី​សា​កេត។ ខ្ញុំ​សូម​ទោស​នៅ​ជា​ពិធី​ការ​ជា​មួយ​គ្នា​ទេ»

មន្ត្រី​យោធា​ខ្មែរ ដែល​គ្រប់គ្រង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​មាន​ប្រសាសន៍​ថា គេ​កំពុង​រៀបចំ​សម្រួល​កម្លាំង​កងទ័ព​ខ្មែរ-ថៃ ដើម្បី​ឲ្យ​មាន​សន្តិសុខ​ល្អ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​ឧត្ដម​សេនីយ៍​ផ្កាយ​៤ ជា តារា ជា​អគ្គ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ទទួល​គ្រប់គ្រង​យោធា​ខ្មែរ ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៤ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដួច​ផ្ដើម​នៃ​គម្រោង​បើក​ច្រក​ព្រំដែន​នៅ​មុខ​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ បាន​ផ្ដោត​ចេញ​ពី​ជំនួប​រវាង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​លោក អាហ្វីស៊ីត វីចាជីវាស (Abhisit Vejjajiva) នាយក​រដ្ឋ​មន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​កន្លង​មក នៅ​ទីក្រុង​ញីវយ៉ក សហ​រដ្ឋ​អាមេរិក ដែល​បាន​ដាក់​ចេញ​នូវ​ចំណុច​ចំនួន​៥ ៖ «ចំណុច​ទី១ សំខាន់​ចំពោះ​យើង​ខ្ញុំ គឺ​ការ​កែ​សម្រួល​ដក​កម្លាំង ហើយ​ឈាន​ទៅ​បើក​ច្រក។ ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​ការ​ងារ​យ៉ាង​ច្រើន​ជា​មួយ​ភាគី​កង​ទ័ព​ថៃ រួមគ្នា​ដោះ​ស្រាយ​បញ្ហា​កុំ​ឲ្យ​មាន​ទំនាស់​ជា​មួយ​នឹង​គ្នា»

ទោះ​យ៉ាង​ណា មន្ត្រី​ខេត្ត​ព្រះវិហារ​របស់​ខ្មែរ នៅ​មិន​ទាន់​អះអាង​កាល​បរិច្ឆេទ​នៃ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​នោះ ពេល​ណា​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ដោយ​គេ​និយាយ​ថា នៅ​មាន​ការ​ជជែក​លើ​បញ្ហា​ជា​ច្រើន​ចំណុច​ទៀត​ជា​មួយ​ភាគី​ថៃ ដែល​តែង​តែ​ស្នើ​សុំ​ឲ្យ​កម្ពុជា​បើក​ច្រក​ព្រំដែន​មួយ​នោះ​ឡើង​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល