មតិ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី

ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​មក​ពី​គណបក្ស​សមរង្ស៊ី ត្រូវ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តំណាង​រាស្ត្រ​ខ្លះ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ​និង​គួរ​ឲ្យ​ព្រួយ​បារម្ភ។
ដោយ ហ៊ុយ វណ្ណៈ
2009-06-23
Share
មូរ សុខហួរ រូបភាព​លោកស្រី មូរ សុខហួរ ថត​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​សភា​កាលពី​ថ្ងៃ​១៩ មិថុនា ២០០៩។
RFA Photo/Ouk Savborey

ពលរដ្ឋ​មួយ​រូប​ពី​ខេត្ត​កំពត ថ្លែង​ថា ៖ «មតិ​របស់​ខ្ញុំ​ផ្ទាល់​ថា​វា​មិន​សម​ស្រប​ដែរ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​វា​មិន​អាច​ធ្ងន់​ធ្ងរ​អី។ នេះ​ជា​រឿង​អ្នក​មាន​អំណាច​គាប​សង្កត់​ស្មារតី​របស់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​តាម​មើល​ទៅ»

ចំណែក​ឯ​លោក វីរៈ ជា​ពលរដ្ឋ​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ ថ្លែង​យ៉ាង​ដូច្នេះ​ដែរ​ថា ៖ «បើ​តាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់ ហើយ​ជា​អ្នក​ចូល​ចិត្ត​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​ផង​ដែរ ឃើញ​ថា​កំពុង​តែ​ឈាន​ទៅ​រក​របប​ផ្ដាច់​ការ ពីព្រោះ​ថា​តំណាង​រាស្រ្ដ គឺ​រាស្រ្ដ​ជា​អ្នក​បោះ​ឆ្នោត​ជូន រួច​ទៅ​ដក​អភ័យ​ឯក​សិទ្ធិ​របស់​គាត់​អ៊ីចឹង វា​ហាក់​បី​ដូច​ជា​ប្រទេស​មួយ​គ្មាន​ច្បាប់​ទម្លាប់​អី​ទាល់​តែ​សោះ។ វា​អាក្រក់​មែន​ទែន វា​បង្ហាញ​កេរ្ដិ៍​ឈ្មោះ​ទៅ​លើ​អន្តរជាតិ វា​អាក្រក់​មែន​ទែន»

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មិថុនា នេះ រដ្ឋ​សភា​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​បើក​កិច្ច​ប្រជុំ​មួយ​ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​ពីរ​រូប គឺ​ដក​អភ័យ​ឯក​សិទ្ធិ​លោកស្រី មូរ សុខហួរ ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពត និង​លោក ហូ វ៉ាន់ ជា​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ។

ការ​ដក​អភ័យ​ឯក​សិទ្ធិ​នេះ គឺ​ដោយសារ​លោកស្រី មូរ សុខហួរ រង​ការ​ប្តឹង​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ចំណែក​ឯ​លោក ហូ វ៉ាន់ ដែល​រង​ការ​ដក​អភ័យ​ឯក​សិទ្ធិ​ដែរ​នោះ គឺ​ដោយសារ​លោក​រង​ការ​ប្តឹង​ពី​បទ​បរិហារ​កេរ្តិ៍​និង​បទ​ញុះញ៉ង់ ចំពោះ​អ្វី​ដែល​លោក​បាន​អធិប្បាយ​អំពី​គុណភាព​សញ្ញាបត្រ​របស់​មន្ត្រី​យោធា​ខ្មែរ​ចំនួន ២២​រូប ក្នុង​នោះ​មាន​លោក​នាយ​ឧត្តម​សេនីយ៍ ប៉ុល សារឿន និង​លោក​ឧត្តម​សេនីយ៍ គន់ គីម ផង​ដែរ ដែល​ទទួល​ពី​សាលា​យោធា​វៀតណាម​នោះ។

កិច្ច​ប្រជុំ​របស់​រដ្ឋ​សភា​ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​នៃ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប គឺ​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គទូត​នានា ចូល​រួម​តាម​ដាន​នោះ​ឡើយ។

ប្រភព​ពី​រដ្ឋ​សភា​ជាតិ​បាន​ឲ្យ​ដឹង​ថា មាន​តំណាង​រាស្ត្រ​ចំនួន ៩១​រូប មក​ពី​គណបក្ស ៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ដែល​បាន​លើក​ដៃ​យល់​ព្រម​ឲ្យ​ដក​អភ័យ​ឯក​សិទ្ធិ​នៃ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​ក្នុង​ពេល​តែ​មួយ​នោះ។

លោក​តំណាង​រាស្ត្រ យឹម សុវណ្ណ ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី​ដែរ​នោះ មាន​ប្រសាសន៍​ថា ក្រុម​តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង​បាន​សុំ​ការ​អនុញ្ញាត​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ​ដើម្បី​មាន​ឱកាស​ថ្លែង​ការពារ​ខ្លួន​ក្នុង​រដ្ឋ​សភា ក៏ប៉ុន្តែ​សំណើ​នោះ​ត្រូវ​បាន​បដិសេធ។

ដោយ​គ្មាន​ឱកាស​ឡើង​ថ្លែង​ការពារ​ខ្លួន ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជាង ២០​រូប បាន​នាំ​គ្នា​ដើរ​ចេញ​ពី​រដ្ឋ​សភា​ជាតិ ដោយ​មាន​ពាក់​ម៉ាស់​បិទ​មាត់​ខ្លួន​ឯង​គ្រប់ៗ​គ្នា ក្នុង​ន័យ​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គទូត​ដែល​ឈរ​រង់ចាំ​នៅ​ខាង​ក្រៅ​របង​រដ្ឋ​សភា​នោះ ថា​ពួក​គេ​បាត់​បង់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដើម្បី​ការពារ​ខ្លួន​នោះ​ហើយ។

លោក​តំណាងរាស្ត្រ យឹម សុវណ្ណ បាន​ហៅ​នីតិវិធី​របស់​រដ្ឋ​សភា​យ៉ាង​ដូច្នេះ​ថា ៖ «យើង​ឃើញ​ព្រឹក​មិញ​នេះ តាម​រយៈ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​របស់​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី ២​រូប ក្នុង​ពេល​តែ​មួយ គឺ​ប្រទេស​កម្ពុជា កំពុង​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ផ្ដាច់​ការ ពីព្រោះ​ស្ថាប័ន​រដ្ឋ​សភា ស្ថាប័ន​រដ្ឋាភិបាល ស្ថាប័ន​តុលាការ​ហ្នឹង កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​បញ្ចប់​ទាំង​ស្រុង​នូវ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ហើយ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​របស់​អ្នក​តំណាង​រាស្រ្ត​ទាំង​ពីរ​រូប​ខាង​លើ​នេះ គឺ​ជា​ចេតនា​គំរាម​កំហែង បំផិត​បំភ័យ​មក​លើ​អ្នក​តំណាង​រាស្រ្ដ​នៃ​គណបក្ស​ជំទាស់ ហើយ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​មក​លើ​អភ័យ​ឯក​សិទ្ធិ​ជា​របស់​អ្នក​តំណាង​រាស្រ្ដ ដែល​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​និង​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»

ជាមួយ​គ្នា​នេះ លោក សារិទ្ធ ជា​ពលរដ្ឋ​មួយ​រូប​ទៀត​នៅ​ទីក្រុង​ភ្នំពេញ យល់​ឃើញ​ថា ៖ «ស្រុក​ខ្មែរ​យើង​នេះ គឺ​លោក ហ៊ុន សែន គឺ​គាត់​ជា​មេ​ខ្លោង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ហើយ អ្វី​គាត់​ចង់​ដក​មួយ​ណា​ក៏​បាន​ដែរ អំណាច​គឺ​ស្ថិត​នៅ​ដៃ​លោក ហ៊ុន សែន ទាំង​អស់។ ស្រុក​ខ្មែរ​ចប់ ប្រជាពលរដ្ឋ​រហេម​រហាម។ ឥឡូវ​សាំង​ឡើង​ដល់ ៣៧០០​រៀល​ទៀត​ហើយ។ ឥឡូវ​នេះ​ធ្វើ​បាប​តែ​ខ្មែរ​គ្នា​ឯង ខ្ញុំ​មិន​យល់​អ្នក​ដឹក​នាំ​សព្វ​ថ្ងៃ»។

ចំណែក​ឯ​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២២ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែរ​ថា សកម្មភាព​របស់​រដ្ឋ​សភា​ជាតិ​ដែល​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា ទាំង​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​តែ​ត្រូវ​ឈាន់​ឈ្លី។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ក៏​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​និង​តុលាការ​បញ្ចប់​ករណី​ប្តឹង​ផ្តល់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ និង​មេធាវី​របស់​គេ​ម្នាក់​ទៀត គឺ​លោក គង់ សំអុន នោះ​ផង។

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​ពីរ​ទៀត ដែល​គាំ​ទ្រ​ឲ្យ​ដក​អភ័យ​ឯក​សិទ្ធិ​នោះ មិន​អាច​ទាក់​ទង​ដើម្បី​អធិប្បាយ​អំពី​មូលហេតុ​ដែល​គេ​លើក​ដៃ​គាំទ្រ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​នោះ​ទេ។

សូម​ជម្រាប​បន្ថែម​ថា លោកស្រី មូរ សុខហួរ ក៏​បាន​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ផង​ដែរ បន្ទាប់​ពី​លោកស្រី​យល់​ឃើញ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​ស្រុក​ឈូក ខេត្ត​កំពត នា​ខែ​មេសា នោះ គឺ​មាន​បង្កប់​ភាព​អសុរោះ និង​ជា​ការ​ថ្លែង​ដែល​មាន​ខ្លឹមសារ​សំដៅ​មក​លើ​រូប​លោកស្រី។

ក៏ប៉ុន្តែ​បណ្តឹង​របស់​លោកស្រី​ត្រូវ​តុលាការ​ចាត់​ទុក​ថា​មិន​បាន​ការ ដោយសារ​តែ​គ្មាន​ភស្តុតាង។ ផ្ទុយ​ទៅ​វិញ​តុលាការ​បន្ត​ចាត់​ការ​លើ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លោកស្រី និង​ឈាន​ដល់​ការ​ដក​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្រ្ដ​របស់​លោកស្រី​ថែម​ទៀត​ផង។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​មួយ​សប្តាហ៍​មុន​រដ្ឋ​សភា​ជាតិ​សម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​ថា វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​រក​សំឡេង​ពីរ​ភាគ​បី​ដើម្បី​ដក​អភ័យ​ឯក​សិទ្ធិ​នោះ ហើយ​អ្វី​ដែល​បារម្ភ​នោះ គឺ​ការ​រក​សំឡេង​ពីរ​ភាគ​បី​ដើម្បី​ផ្តល់​អភ័យ​​ឯក​សិទ្ធិ​ដល់​អ្នក​ទាំង​នោះ​ឡើង​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៀត​ថា លោក​មិន​មាន​សិទ្ធិ​អំណាច​បញ្ជា​តុលាការ​និង​រដ្ឋ​សភា​នោះ​ឡើយ។ លោក​បន្ត​ថា ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​តែ​ដើរ​ទន្ទឹម​នឹង​ច្បាប់។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តុលាការ​នៅ​មិន​ទាន់​ប្រកាស​កំណត់​កាល​បរិច្ឆេទ​ដើម្បី​បើក​ការ​ជំនុំ​ជម្រះ ថា​តើ​សេចក្ដី​ថ្លែង​របស់​អ្នក​តំណាង​រាស្រ្ដ​ទាំង​ពីរ​រូប​នោះ ត្រូវ ឬ ខុស​នោះ​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល