អ្នក​វិភាគ​សេដ្ឋកិច្ច៖ លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ គឺ​អាច​ធ្វើ​ទៅ​បាន

អ្នក​សេដ្ឋកិច្ច​បាន​រក​ឃើញ​ថា លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ គឺ​អាច​ធ្វើ​ទៅ​បាន។ ហេតុ​ផល គឺ​រោងចក្រ​កាត់​ដេរ​កម្ពុជា មាន​ផល​ចំណេញ​ច្រើន​ពី​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ ដែល​មាន​កំណើន​ខ្លាំង​ទៅ​ទីផ្សារ​អន្តរជាតិ។
ដោយ អាន ស៊ីថាវ
2013-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​ឈរ​ទិញ​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ទទួល​ទាន នៅ​មុខ​រោងចក្រ សេន ចូវ (SHEN ZHOU) នា​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១។
កម្មការិនី​ឈរ​ទិញ​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ទទួល​ទាន នៅ​មុខ​រោងចក្រ សេន ចូវ (SHEN ZHOU) នា​សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Khe Sonorng

ប៉ុន្តែ ការ​ដំឡើង​ប្រាក់​ខែ​នោះ​ត្រូវ​ពិនិត្យ​មើល​ពី​ស្ថានភាព​ប្រាក់​គោល​នៅ​ប្រទេស​ជិត​ខាង​ផង​ដែរ ព្រោះ​កត្តា​នេះ​អាច​ទាក់​ទង​នឹង​ការ​បិទ​ទ្វារ​រោងចក្រ ដោយ​សារ​តែ​តម្លៃ​ពលកម្ម​ខ្ពស់។ ផ្ទុយ​ទៅ​វិញ រោងចក្រ​ត្រូវ​ដំឡើង​ប្រាក់​គោល​ដែរ ដើម្បី​ជៀសវាង​បាត់​បង់​កម្លាំង​ពលកម្ម​តាម​រយៈ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​បរទេស ប្រសិន​បើ​ប្រាក់​ខែ​គោល​នៅ​កម្ពុជា តិច​ជាង​ប្រទេស​ជិត​ខាង​នោះ។

ចំនួន​អ្នក​ធ្វើ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ មាន​ការ​កើន​ឡើង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជាច្រើន គឺ​ក្រុម​អ្នក​តវ៉ា​ទាម​ទារ​ចង់​បាន​នោះ គឺ​ការ​ដំឡើង​ប្រាក់​ខែ។

ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា មូលហេតុ​ប្រាក់​ខែ​តិច ធ្វើ​ឲ្យ​កម្មករ​មិន​អាច​រស់​នៅ​បាន​នៅ​ពេល​ដែល​តម្លៃ​ស្បៀង​អាហារ​កាន់​តែ​កើន​ខ្ពស់​នោះ ហើយ​មាន​កម្មករ​ជាង ៧០% មាន​ភាព​ស្គមស្គាំង និង​ស្លេកស្លាំង។ បញ្ហា​នេះ ក៏​ជា​បញ្ហា​ផ្ទាល់​សំខាន់ ធ្វើ​ឲ្យ​មួយ​ចំនួន​កម្មករ​សន្លប់​កំឡុង​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។

របាយការណ៍​ចុង​ក្រោយ​នៃ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បាន​កត់​សម្គាល់​ចំនួន​រោងចក្រ​ជាង ១៦០​រោងចក្រ ថា​មាន​កម្មករ​សន្លប់​នៅ​ក្នុង ៩​រោងចក្រ។ មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់ គឺ​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​គាំទ្រ​ផ្នែក​សុខភាព​ចំនួន ៥​ដុល្លារ​ក៏​ដោយ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទឹក​ប្រាក់​ដែល​ផ្ដល់​ឲ្យ​នេះ មិន​អាច​ទូទាត់​ទៅ​នឹង​ការ​ឡើង​ថ្លៃ​យ៉ាង​គំហុក​នៃ​ម្ហូប​អាហារ និង​ការ​ស្នាក់​នៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​អំពី​ទស្សនៈ​យល់​ឃើញ​របស់​អ្នក​គ្រប់គ្រង​រោងចក្រ​វិញ ដែល​ជួយ​គាំទ្រ​ដោយ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ បាន​បង្ហាញ​ថា មាន​ប្រមាណ ៥២% នៃ​អ្នក​គ្រប់គ្រង​រោងចក្រ ថា​កង្វះ​អាហារូបត្ថម្ភ​ជះ​ឥទ្ធិពល​ដល់​ផលិតភាព​ការងារ មាន ៣៣% យល់​ថា កម្មករ​បាន​ទទួល​ទាន​ចំណី​អាហារ​គ្រប់គ្រាន់ ហើយ ៧៧% ផ្សេង​ទៀត មិន​ច្បាស់​ថា​កម្មករ​ទទួល​ទាន​ចំណី​អាហារ​គ្រប់គ្រាន់ ឬ​យ៉ាង​ណា​នោះ​ទេ។

ការ​សិក្សា​នោះ បាន​រក​ឃើញ​ទៀត​ថា កម្មករ​បាន​ចំណាយ​លុយ​សម្រាប់​អាហារ​ពេល​ព្រឹក​ប្រមាណ ១.៥០០​រៀល និង​ការ​ចំណាយ​អាហារ​ពេល​ថ្ងៃ និង​ល្ងាច ប្រមាណ ៤​ពាន់​រៀល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា កម្មករ​ម្នាក់ៗ​ចំណាយ​លើ​ចំណី​អាហារ​ប្រមាណ​ជាង ៤០​ដុល្លារ​ក្នុង​មួយ​ខែ។

សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល ២០% ពិត​ជា​គ្មាន​បញ្ហា​ទេ ដែល​អាច​ដំឡើង​ពី ៦១​ដុល្លារ​ទៅ ៧៣​ដុល្លារ​អាមេរិក ប៉ុន្តែ​សហជីព​ផ្សេងៗ​ចង់​បាន​រហូត​ដល់ ១៥០​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សមាគម​រោងចក្រ​កាត់​ដេរ បាន​កត់​សម្គាល់​ឃើញ​ថា កម្មករ​អាច​ទទួល​ប្រាក់​ខែ​ជា​មធ្យម​ប្រមាណ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​តែ​បទ​ពិសោធន៍​ការងារ ផលិត​ភាព​ខ្ពស់ និង​ការ​ធ្វើ​ការ​ថែម​ម៉ោង​របស់​កម្មករ​ទាំង​នោះ។

អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សហប្រតិបត្តិការ និង​សន្តិភាព លោក ជៀក ច័ន្ទសម្ផស្ស មាន​ប្រសាសន៍​ថា ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​តិច​បំផុត គឺ​ប្រមាណ ៧០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​អាច​រស់​នៅ​បាន​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​ជួប​ប្រទះ​ខ្វះ​ខាត គឺ​ការ​ផ្ញើ​ប្រាក់​ដែល​ខ្លួន​បាន​ធ្វើ​ការងារ ទៅ​ឲ្យ​អាណាព្យាបាល​នៅ​តាម​បណ្ដា​ខេត្ត។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រាក់​ខែ រោងចក្រ​អាច​មាន​យន្តការ​ផ្សេងៗ​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​កម្មករ គឺ​ការ​ជួយ​សម្រួល​តម្លៃ​ស្បៀង​អាហារ​នៅ​កន្លែង​ធ្វើ​ការ ការ​ជួយ​សម្រួល​តម្លៃ​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ ឬ​ម្ចាស់​រោងចក្រ​ធានា​ផ្ដល់​ចំណី​អាហារ​ដល់​កម្មករ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​ជីវភាព​កម្មករ​ប្រសើរ​ឡើង ហើយ​អាច​ជំរុញ​ឲ្យ​ផលិត​ភាព​ការងារ​កើន​ឡើង​ដែរ ដែល​អាច​ជួយ​ដល់​ប្រាក់​ចំណេញ​របស់​រោងចក្រ។

ការ​បន្ថយ​បន្ទុក​​ចំណាយ​កម្មករ ដូច​ជា​ការ​ផ្ញើ​ប្រាក់​ទៅ​ផ្គត់ផ្គង់​គ្រួសារ គឺ​ជា​ផ្នែក​មួយ​សំខាន់​ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​សល់​លុយ​សម្រាប់​រស់​នៅ​កំឡុង​ពេល​ធ្វើ​ការ។ ការ​ជួយ​នេះ អាច​សម្រេច​ដោយ​រដ្ឋាភិបាល លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​កម្មករ​នៅ​ជនបទ ឲ្យ​មាន​ភាព​ធូរធារ តាម​រយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​កសិកម្ម សេវា​សុខាភិបាល អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ការ​ដាំដុះ។ ស្រប​ពេល​នេះ រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក៏​ដូច​ជា​សង្គម​ស៊ីវិល និង​សហជីព ត្រូវ​សហការ​គ្នា ដើម្បី​ជួយ​លើក​ហ្វឹកហ្វឺន​លើក​តម្កើង​សមត្ថភាព​បច្ចេកទេស ដើម្បី​អោយ​សមស្រប​ប្រាក់​បៀវត្ស​ខ្ពស់។

ម៉្យាង​វិញ​ទៀត លោក ហេង ឌីណា មាន​ប្រសាសន៍​បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​សម្រាប់​រោងចក្រ ដូច​ជា​ថ្លៃ​ដឹក​ជញ្ជូន ការ​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ផ្សេង ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ម្ចាស់​រោងចក្រ​លៃលក​ផ្ទេរ​ការ​ចំណាយ​នោះ​សម្រាប់​ដំឡើង​ប្រាក់​បៀវត្សរ៍​ដែរ​ដល់​កម្មករ។

ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង មាន​ប្រសាសន៍​ថា ទំហំ​ទឹក​ប្រាក់​ដែល​កម្មករ​ទទួល​បាន​ជា​មធ្យម​ចន្លោះ​ពី ៨០ ទៅ ១០០​ដុល្លារ គឺ​អាច​រស់​នៅ​បាន ដោយ​លោក​បញ្ជាក់​ថា ការ​ឡើង​ប្រាក់​ខែ​នេះ គឺ​ឡើង​ទៅ មាន​តម្លៃ​អតិផរណា និង​ផលិត​ភាព​ការងារ ហើយ​មិន​មែន​ឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​នយោបាយ​ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំពោះ​កម្មករ​នេះ​អាច​ធ្វើ​ទៅ​បាន មាន​ន័យ​ថា អាច​ដំឡើង​ដល់​លើស ១០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ ការ​ប្រមូល​ឯកសារ​ដែល​ចេញ​ផ្សាយ​កន្លង​ទៅ​ដោយ​អ្នក​វិភាគ​សេដ្ឋកិច្ច អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​កាត់​ដេរ ដែល​ចង​ក្រង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​នៃ​វិស័យ​កាត់​ដេរ មាន​ទឹក​ប្រាក់​ច្រើន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២។

ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​នៅ​កម្ពុជា វិញ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១.៧០០​លាន​ដុល្លារ​អាមេរិក។ ការ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​មាន​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ការ​ទូទាត់​ចំណាយ​ទាំង​នេះ​ចេញ រោងចក្រ​កាត់​ដេរ​ទាំង​អស់​មាន​ទឹក​ប្រាក់​ដែល​នៅ​សល់​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ទុក​សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការ និង​ផល​ចំណេញ។

ក្រុម​អ្នក​សេដ្ឋកិច្ច និង​សហជីព​កម្មករ បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំង​អស់​ទទួល​បាន​ប្រាក់​ចំណេញ​ខ្លាំង​ពី​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។

លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ត្រូវ​មើល​អំពី​ស្ថានភាព​ប្រទេស​ជិត​ខាង​ដែរ និង​ផលិត​ភាព​កម្មករ​ខ្មែរ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​បិទ​ទ្វារ​រោងចក្រ និង​ផ្លាស់​ទៅ​ប្រទេស​ដទៃ។ ផ្ទុយ​ទៅ​វិញ ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ ម្ចាស់​រោងចក្រ​ក៏​ត្រូវ​តែ​ដំឡើង​ដែរ ដើម្បី​ទាក់​ទាញ​កម្លាំង​កម្មករ និង​ដំឡើង​ផលិត​ភាព​របស់​កម្មករ និង​ដើម្បី​ជៀស​វាង​កម្លាំង​ពលកម្ម​របស់​កម្ពុជា ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​បរទេស នៅ​ពេល​ដែល​ប្រាក់​ខែ​គោល​នៅ​ប្រទេស​កម្ពុជា តិច​ជាង​ប្រទេស​ជិត​ខាង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Phnom Penh

ពី Phnom Penh

សហជីពដែលទាមទារប្រាក់ខែកម្មករ ១៥០ ដុល្លារ/១ខែ គឺធ្វើដើម្បីឲ្យមានភាពអសន្តិសុខការងារ មានភាពច្រលាចល ព្រោះពួកគេដឹងហើយថាបច្ចុប្បន្ន ប្រាក់ខែកម្មករមិនទាន់អាចបាន ១៥០ ដុល្លារ/១ខែនោះទេ អ្នកណាក៏ចង់ឲ្យកម្មករបានប្រាក់ខែច្រើនដែរ ប៉ុន្តែមិនទាន់អាចទៅរួច ខ្ញុំសូមគាំទ្រសម្តីលោក ឌីណា

Jan 27, 2013 11:19 AM

ភាពភ្នំពេញ

ពី Phnom Penh

បើតម្លើងប្រាក់ខែអោយកម្មករមានតែអត់លុយទិញសារ៉ុង ប៊ីចេង!

Jan 27, 2013 01:13 AM

អ្នក​អាន​អនាមិក

The government of hun sen can raise up the salary for all the workers and can clean up the corruption ,but why hun sen don't do ? it's the good way of hun sen to keep his power . When the people are poor ,they don't think about the interest of country ,they think only their stomach ,even they do the demonstration only for stomach ,they don't care about the interest of country ,even the hun sen destroy the country ,they ask only the problem of stomach . And when the salary is low some government's workers can be rich by corruption so they support hun sen ,because they want keep their job . Hun sen know the height rank corrupt ,but he let they corrupt ,when they corrupt they have the fault and hun sen don't punish them ,after hun sen save them ,they know the grace of hun sen and they support support him ,this is the way that hun sen use to keep his power.And corruption is the good way of hanoi ,the illegal vietnam immigrants in cambodia can spend small money to get khmer I.D .

Jan 26, 2013 10:42 AM

គេហទំព័រ​ទាំងមូល