ពលករ​ខ្មែរ​៣០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី

ពលករ​ខ្មែរ ៣០​នាក់​ទៀត​ដែល​ជា​ក្រុម​ទី​២ ត្រូវ​បាន​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) បាន​ចេញ​សោហ៊ុយ​សំបុត្រ​យន្តហោះ ដឹក​ជញ្ជូន​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ តាម​សំណើ​របស់​ក្រសួង​ការបរទេស​កម្ពុជា។

0:00 / 0:00

ពលករ​ចំណាក​ស្រុក​ចំនួន ៣០​នាក់​នៅ​ក្នុង​ចំណោម​ពលករ​សរុប ៦៥​នាក់ បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១ ពី​ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​ពី​ត្រូវ​បាន​សង្គ្រោះ​ដោយ​អាជ្ញាធរ​នគរបាល​ឥណ្ឌូនេស៊ី (Indonesia) តាម​សំណើ​របស់​ក្រសួង​ការបរទេស​កម្ពុជា ពី​ការ​ជួញដូរ​កំលាំង​ពលកម្ម និង​ការ​ជួញដូរ​មនុស្ស​កន្លង​មក។

ពលករ​ឈ្មោះ មាស សំអឿន អាយុ ២៥​ឆ្នាំ មក​ពី​ខេត្ត​សៀមរាប ដែល​ទើប​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា លោក​រីករាយ​ណាស់​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ៖ «គេ​ធ្វើ​បាប... គេ​វាយ។ ...​ចាញ់​បោក​គេ»

ពលករ​ម្នាក់​ទៀត​ឈ្មោះ ខាន់ ឈួន អាយុ ៣០​ឆ្នាំ មក​ពី​ខេត្ត​សៀមរាប បាន​និយាយ​ថា លោក​រីករាយ​គ្មាន​អ្វី​ប្រៀប​បាន​ទេ៖ «ត្រេកអរ​បាន​មក​ដល់​ស្រុក​ខ្មែរ​វិញ បាន​មក​ជួប​បង​ប្អូន​វិញ។ ខ្ញុំ​ទៅ​ចាញ់​បោក​គេ គេ​ថា គេ​នាំ​ទៅ​រក​ការងារ​ស្រាលៗ ទៅ​តាម​គេ គេ​យក​ទៅ​ឲ្យ​ចុះ​ទូក។ គ្មាន​ប្រាក់​ជាប់​ខ្លួន​បាន​រត់​មក​វិញ»

ពលករ​ទាំង​នោះ​ត្រូវ​បាន​ក្រុម​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស បាន​អម​ដំណើរ​នៅ​ពេល​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដឹក​តាម​រថយន្ត ឆ្ពោះ​ទៅ​កាន់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។

អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ត្រី ជីវ ផល្លី និង​សាកសួរ​ចំលើយ​ធ្វើ​កំណត់​ហេតុ ដើម្បី​ស្រាវជ្រាវ​ចាប់​ខ្លួន​មេខ្យល់​លក់​កំលាំង​ពលកម្ម និង​ជួញដូរ​មនុស្ស៖ «មេខ្យល់​ដែល​គាត់​បាន​ស្គាល់​អត្តសញ្ញាណ​នោះ គឺ​យើង​សុំ​ឲ្យ​គាត់​មាន​កិច្ច​សហការ​ល្អ ហើយ​ផ្ដល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ជំនាញ ដើម្បី​យើង​អនុវត្ត​តាម​នីតិវិធី ហើយ​យើង​ចង់​ស្វែង​រក​ចាប់​ខ្លួន​មេខ្យល់​ហ្នឹង ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការបរទេស​បន្ត​ដោះស្រាយ​ពលករ​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត៖ «នៅ​សល់ ៥​នាក់​ហ្នឹង ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​កម្ពុជា នៅ​ឥណ្ឌូនេស៊ី​នោះ កំពុង​តែ​បន្ត​សហការ​ជាមួយ​អង្គការ IOM ដើម្បី​បញ្ជូន​អ្នក​ដែល​នៅ​សេសសល់ ពលរដ្ឋ​យើង​រងគ្រោះ​ចំនួន ៥​នាក់​ទៀត​ហ្នឹង មក​កម្ពុជា​វិញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាក​ស្រុក​ចំនួន ៦៥​នាក់​នោះ ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​ឲ្យ​ធ្វើ​ជា​កម្មករ​នេសាទ​លើ​ទូក​ថៃ ជា​ច្រើន​ខែ​មក​ហើយ។

ពលករ​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ចាប់​ឃាត់​ខ្លួន​ពី​បទ​ចូល​នេសាទ​ខុស​ច្បាប់​នៅ​ខេត្ត​ម៉ាគូលូ (Makulu) នៃ​ប្រទេស​ឥណ្ឌូនេស៊ី៕