អាជ្ញាធរ​ប៉ៃលិន​ប្រកាស​ឲ្យ​ឈប់​គាស់​យក​កំណប់​នៅ​វត្ត​រតន​សោភ័ណ

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ បាន​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ដែន​ដី ដែល​បាន​ព្យាយាម​ប្រើ​គ្រឿង​ចក្រ​ជីក​កាយ​យក​កំណប់ ដែល​គេ​សង្ស័យ​ថា​មាន​កប់​ក្រោម​ដី​នៅ​ជាប់​​របង​វត្ត។
ដោយ សួន សុផល មុន្នី
2010.08.21
គេហទំព័រ​វត្ត​រតន​សោភ័ណ៣០៥ គេហទំព័រ​វត្ត​រតន​សោភ័ណ នៅ​ខេត្ត​ប៉ៃលិន
Screenshot, RFA

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ប៉ៃលិន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ផ្អាក​ការ​ជីក​កកាយ​ដី​រក​កំណប់ ​នៅ​ក្រោម​ដី​ជាប់​ខឿន​របង​វត្ត​រតន​សោភ័ណ ដោយ​គ្មាន​ថ្ងៃ​កំណត់ បន្ទាប់​ពី​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ ដែល​គង់​នៅ​ក្នុង​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង​នោះ បាន​ធ្វើ​ការ​ប្រឆាំង​ជំទាស់​ជា​មួយ​ក្រុម​អាជ្ញាធរ​រួច​មក។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១ ខែ​សីហា ឆ្នាំ​២០១០ ថា ការ​ប្រកាស​មិន​ឲ្យ​បន្ត​ជីក​រក​កំណប់​របស់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន គឺ​ដោយ​សារ​មាន​ការ​តវ៉ា​ពី​ក្រុម​ព្រះ​សង្ឃ និង​ការ​ដឹង​មិន​ច្បាស់​លាស់​ថា មាន​កំណប់ ឬ​អត់ ៖ «លោក​ប្រកាន់​រឿង​អ៊ីចឹង ហើយ​យើង​កុំ​ឲ្យ​ប៉ះ​ពាល់​ការ​ពិត​ព្រះ​សង្ឃ​មិន​ត្រូវ​ទៅ​ប៉ះ​ពាល់​រឿង​អ៊ីចឹង​ទេ យើង​អ្នក​ការ​ពារ​ទាំង​ផល​ប្រយោជន៍ សំខាន់​គឺ​រឿង​សន្តិសុខ​ព្រះ​សង្ឃ​ទេ ពី​ព្រោះ​សង្ឃ​គឺ​មិន​ត្រូវ​ពាក់​ព័ន្ធ​រឿង​អ៊ីចឹង ប៉ុន្តែ​ដល់​លោក​អ៊ីចឹង​ហើយ យើង​កុំ​ឲ្យ​មាន​កង្វល់​ឈឺ​ក្បាល​វិល​មុខ​អី រក្សា​ហ្នឹង​ទៅ»

កាល​ពី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​សីហា ព្រះសង្ឃ​ជា​ច្រើន​អង្គ ដែល​គង់​នៅ​ក្នុង​វត្ត​រតន​សោភ័ណ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ៃលិន បាន​ទូង​ស្គរ វ៉ៃ​ជួង លើក​គ្នា​ឈរ​ខាង​ក្រៅ​របង​វត្ត និង​ហ៊ុម​ព័ទ្ធ​ទី​កន្លែង​កប់​កំណប់ ប្រឆាំង​មិន​ឲ្យ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ចូល​ជីក​កំណប់ ស្ថិត​នៅ​ទិស​និរតី​​ជាប់​ខឿន​ព្រះ​វិហារ​នៃ​វត្ត​រតន​សោភ័ណ។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «ការ​រៀបចំ គឺ​បំណង​ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង ទី​១ ដោះ​អារម្មណ៍​ឲ្យ​ជ្រះ​ស្រឡះ​ទាំង​អស់ ទី​២ បើ​ពិត​ប្រាកដ​ទេ បាន​ទេ យើង​រាយ​ការណ៍​ជូន​ទៅ​លើ ពី​ព្រោះ​ខ្ញុំ​អត់​មាន​លាក់​បាំង ហើយ​ខ្ញុំ​មិន​នៅ​ផង»

ក្រុម​ព្រះ​សង្ឃ​ជិត ១០០​អង្គ បាន​ប្រឆាំង​មិន​ឲ្យ​ម្ចាស់​កំណប់ និង​ក្រុម​អាជ្ញាធរ​ជីក​ដី​រក​កំណប់​ជាប់​ខឿន​ព្រះ​វិហារ នៃ​វត្ត​រតន​សោភ័ណ​នោះ​ទេ ដរាប​នា​ពួក​គេ​គ្មាន​លិខិត​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​មន្ត្រី​ថ្នាក់​លើ។ កង​កម្លាំង​អាជ្ញាធរ​ចម្រុះ ប៉េអិម ប៉ូលិស និង​ទាហាន​ការ​ពារ​ព្រំដែន​រាប់​រយ​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ការ​ពារ​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ពិនិត្យ​មើល​ទី​តាំង​កប់​កំណប់​នោះ​ទេ។

ព្រះ​តេជ​គុណ ញឹម សុធន ព្រះ​ចៅ​អធិការ​វត្ត​រតន​សោភ័ណ​មាន​ថេរ​ដីកា​ថា ក្រោយ​ពី​កើត​មាន​បញ្ហា​ខាង​លើ ខាង​វត្ត​អារាម មាន​គម្រោង​ដោះ​ស្រាយ និង​កំពុង​ធ្វើ​ការ​ពិភាក្សា​គ្នា​ជា​មួយ​គណៈ​សង្ឃ ដើម្បី​ធ្វើ​យ៉ាង​ណា ដើម្បី​មាន​សេចក្ដី​ស្ងប់​ស្ងាត់​របស់​ព្រះ​សង្ឃ​ដែល​គង់​នៅ​ក្នុង​វត្ត ៖ «អ្វី​ដែល​នៅ​ក្នុង​វត្ត សុទ្ធ​តែ​ជា​របស់​រដ្ឋ​ទេ មិន​មែន​ជា​របស់​បុគ្គល​ណា​មួយ​ទេ ហើយ​បើ​យើង​និយាយ​ពី​វិន័យ នៅ​ក្នុង​សាសនា​គេ​ហៅ​ថា របស់​គរុភណ្ឌ»

លិខិត​ចុះ​ការ​បរិច្ឆេទ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១០ មួយ​ច្បាប់ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​បញ្ជាក់​ថា ម្ចាស់​កំណប់​នោះ​មាន​ឈ្មោះ សុខ សុខា អាយុ​៤៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​១៣ សង្កាត់​ទួល​គោក ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ។

លោក សុខ សុខា បាន​ស្នើ​សុំ​ជីក​កំណប់​ជា​ទ្រព្យ​របស់​ខ្លួន ដែល​បាន​កប់​រក្សា​ទុក​ក្នុង​ទីតាំង​វត្ត​រតន​សោភ័ណ ស្ថិត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន។ លោក សុខ សុខា ដែល​អះ​អាង​ជា​ម្ចាស់​កំណប់​នោះ បាន​បញ្ជាក់​ក្នុង​លិខិត​ថា កំណប់​នោះ​លោក​បាន​កប់​កាល​ពី​សម័យ​សង្គ្រាម ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទេ។

ក្រុម​អ្នក​ភូមិ​បាន​ជឿ​ថា នៅ​ក្នុង​ដី​ជាប់​របង​ខឿន​ព្រះ​វិហារ​នៃ​វត្ត​រតន​សោភ័ណ​នោះ ពិត​ជា​មាន​កំណប់ ព្រោះ​កន្លង​ទៅ​ថ្មីៗ នេះ មាន​មនុស្ស​បាន​យក​ម៉ាស៊ីន​រ៉ាវ​រក​កំណប់​នៅ​ទី​នោះ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​ទៀត​ជឿ​ថា មិន​មាន​កំណប់​កប់​នៅ​ទី​នោះ​ទេ។ ចំណែក​អាជ្ញាធរ​ខេត្ត និង​ក្រុម​ព្រះ​សង្ឃ​ក៏​មិន​ទាន់​បាន​ធ្វើ​ការ​សន្និដ្ឋាន​ច្បាស់​លាស់​ដូច​គ្នា ថា​តើ​នៅ​ទីនោះ​មាន​កំណប់ ឬ​ក៏​អត់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។