គណបក្ស​មួយ​ចំនួន​បន្ត​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត

គណបក្ស​មួយ​ចំនួន​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ នៅ​អល់​អែក​ក្នុង​ការ​ទទួល​យក​លទ្ធផល​បោះឆ្នោត​សម្រេច ដែល​ប្រកាស​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.)។
ដោយ អ៊ុក សាវបូរី
2008-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។
មន្ត្រី​រៀបចំ​ការបោះឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត ក្នុង​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។
AFP Photo

ការមិន​ទទួល​យក​លទ្ធផល​ប្រកាស​នោះ បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​គណបក្ស​ខ្លះ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការចុះ​បញ្ជី​លទ្ធផល​នៃ​ការ​ផ្ទៀងផ្ទាត់​ចំនួន​សន្លឹក​ឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​និង​ការរាប់​សន្លឹក​ឆ្នោត​ដែល​ខុស​នឹង​ចំនួន​សន្លឹក​ឆ្នោត​ទទួល​បាន​ជាក់​ស្តែង ខុស​នឹង​ចំនួន​សន្លឹក​ឆ្នោត​ខូច ខុស​នឹង​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ប្រើ ខុស​នឹង​ចំនួន​អ្នក​បោះឆ្នោត ហើយ​ខុស​នឹង​ចំនួន​សន្លឹក​ឆ្នោត​ដែល​មាន​ក្នុង​ហិប​ឆ្នោត។

តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី​មណ្ឌល​ខេត្ត​ព្រៃវែង លោក ជា ប៉ូច មាន​ប្រសាសន៍​ថា គណបក្ស​សមរង្ស៊ី មិន​អាច​ទទួល​យក​លទ្ធផល​ប្រកាស​សម្រេច​ដោយ គ.ជ.ប កាលពី​ពេល​ថ្មីៗ​នេះ​ទេ។

លោក​បាន​លើក​ឧទាហរណ៍​នៅ​ការិយាល័យ​១ ក្នុង​ស្រុក​កំពង់លាវ លេខ​កូដ​០៩៥៥  លេខ​កូដ​ឃុំ​១០២ ឃុំ​ព្រែក​រន្ទះ មាន​ភាព​មិន​ប្រក្រតី​ដោយ​សន្លឹក​ឆ្នោត​ទទួល​បាន​ជាក់​ស្តែង ៦៥០​សន្លឹក។ សន្លឹក​ឆ្នោត​ខូច ៤​សន្លឹក។ សន្លឹក​ឆ្នោត​មិន​បាន​ប្រើ​១៩៦។ ចំនួន​អ្នក​បាន​បោះឆ្នោត ៤៥៤​នាក់។ ឯ​សន្លឹក​ឆ្នោត​ក្នុង​ហិប បែរ​ជា​មាន​ដល់​ទៅ​៤៥៥​សន្លឹក​ទៅ​វិញ។ លោក​ថា បើ​បូក​ចំនួន​សន្លឹក​ឆ្នោត​ចូល​គ្នា ឃើញ​ថា លើស​សន្លឹកឆ្នោត​ដែល​មាន​ជាក់​ស្តែង​៥​សន្លឹក ហើយ​លើស​ឆ្នោត​១​សន្លឹក ក្នុង​ហិប​ឆ្នោត ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នក​បោះឆ្នោត។

លោក ជា ប៉ូច មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ភាព​មិន​ប្រក្រតី គឺ​យើង​មើល​ឃើញ​ច្រើន​ករណី​ណាស់ មិនមែន​តែ​នៅ​ក្នុង​ឃុំ​ព្រែក​រន្ទះ​នេះ​មួយ​ទេ គឺ ៣០​-៤០​ឃុំ​ឯណោះ កន្លែង​ខ្លះ ជួន​កាល​ខ្វះ ១០​សន្លឹក»

ចំណែក​តំណាងរាស្រ្ត​គណបក្ស​សិទ្ធិ​មនុស្ស​មណ្ឌល​ខេត្ត​ព្រៃវែង លោក យ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​អំពី​ភាព​មិន​ប្រក្រតី​ដូចគ្នា​នេះ នៅ​ស្រុក​ស៊ីធរ​កណ្តាល ចំពោះ​ការិយាល័យ​លេខ​០៩៨៩ លេខ​កូដ​ឃុំ​១០៧ ឃុំ​ជ្រៃឃ្មុំ បញ្ជី​សរសេរ​ថា ឆ្នោត​ក្នុង​ហិប​មាន​តែ ១១៥​សន្លឹក​ទេ។ ឯ​អ្នក​បោះឆ្នោត​ក៏​១១៥​នាក់​ដែរ។ ប៉ុន្តែ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ២២៤​សន្លឹក គណបក្ស​នរោត្តម រណឫទ្ធិ ១១២​សន្លឹក គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ ២​សន្លឹក គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤​សន្លឹក គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១​សន្លឹក គណបក្ស​ហ៊្វុនស៊ិនប៉ិច ១១​សន្លឹក គណបក្ស​សមរង្ស៊ី ៧២​សន្លឹក គណបក្ស​ហង្ស​ដារ៉ា​ចលនា​ប្រជាធិបតេយ្យ ២​សន្លឹក គណបក្ស​សិទ្ធិ​មនុស្ស ៨២​សន្លឹក។

ឯ​សន្លឹក​ឆ្នោត​ជាក់ស្តែង​ទទួល​បាន​ពី​គ.ជ.ប មាន​៧៥០​សន្លឹក ខូច​អស់ ៣​សន្លឹក មិន​បាន​ប្រើ ២៣៣​សន្លឹក។ លោក​ថា បើ​ប្រៀបធៀប ខុស​តួលេខ​សន្លឹក​ឆ្នោត​ក្នុង​ហិប​ទាំង​ស្រុង ទើប​គណបក្ស​ប្តឹង​ជំទាស់។ ប៉ុន្តែ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ បដិសេធ​បណ្តឹង​គណបក្ស ហើយ​អះអាង​ថា ស្រង់​ពី​ទម្រង់​១១០៤ យក​ទៅ​ដាក់​១១០២។ ឯ​ទម្រង់​១១០២​នោះ មិន​បាន​បង្ហាញ​ជា​សាធារណៈ បែរ​ជា​គ.ជ.ប. ចេញ​ប្រកាស​លទ្ធផល​បោះឆ្នោត​សម្រេច​តែ​ម្តង។

លោក ញ៉ែម បុញ្ញាឫទ្ធិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​ដឹង​ថា នៅ​ខេត្ត​ព្រៃវែង មាន ១២​ស្រុក ១១៦​ឃុំ ហើយ​មាន ១១៣៧​ភូមិ ដូច្នេះ​ការិយាល័យ​មាន​ជាង ១៣០០​ការិយាល័យ​ហ្នឹង យើង​បាន​ឃើញ​ច្រើន​ក្នុង​ឃុំ​នីមួយៗ​នេះ មាន ១០​-២០​ការិយាល័យ ដែល​យើង​ពិនិត្យ​ឃើញ​ថា លទ្ធផល​នៅ​លើ ១១០៤​នេះ មាន​ភាព​មិន​ប្រក្រតី»

ចំណែក​តំណាង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក លន់ ឫទ្ធិ មាន​ប្រសាសន៍​ថា គណបក្ស​នោះ​ក៏​ទទួល​ស្គាល់​ភាព​មិន​ច្បាស់​លាស់​នេះ​ដែរ។ លោក​ថា មិន​ដឹង​ថា តើ​លេខ​ណា​មួយ  ដែល​គ.ជ.ប​ស្រង់​ពី​បញ្ជី​ក្រដាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​ការិយាល័យ​បោះឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​ហៅ​ថា ទម្រង់​១១០៤ យក​ទៅ​ប្រកាស​លទ្ធផល​សម្រេច​នោះ​ទេ។

លោក លន់ ឫទ្ធិ ថ្លែង​ថា ៖ «ខាង​ព្រៃវែង ទម្រង់ ១១០៤ ខ្ញុំ​អត់​បាន​ទទួល​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា អ្វី​ដែល​គណបក្ស​ប៉ុន្មាន​ហ្នឹង​លើក វា​មិន​ខុស​អី​ទេ ការពិត​វា​អ៊ីចឹង»

ចំណែក​តំណាង​គណបក្ស​ហង្ស​ដារ៉ា​ចលនា​ប្រជាធិបតេយ្យ លោក សេង សុខេង មាន​ប្រសាសន៍​ថា គណបក្ស​លោក​មិន​សម្បូរ​អ្នក​សង្កេតការណ៍​គ្រប់​ការិយាល័យ​បោះឆ្នោត​ទេ  ទើប​មិន​បាន​ទទួល​ក្រដាស​ទម្រង់ ១១០៤ ដូច​គណបក្ស​ដទៃ​ទៀត។ ប៉ុន្តែ​គណបក្ស​នេះ ក៏​មិន​អស់​ចិត្ត​នឹង​ទទួល​យក​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​សម្រេច​របស់​គ.ជ.ប.​នេះ​ដែរ។

លោក សេង សុខេង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ក៏​បាន​ទទួល​ព័ត៌មាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​ខាង​ខ្ញុំ ដោយសារ​តែ​អ្នក​សង្កេតការណ៍​ខ្ញុំ​ហ្នឹង មិន​បាន​គ្រប់​ការិយាល័យ​ទាំង​អស់ អ៊ីចឹង​ខាង​ខ្ញុំ​មិន​សូវ​បាន​ទទួល​ព័ត៌មាន​ផ្នែក​ហ្នឹង​ទេ។ អ្នក​សង្កេត​ការណ៍​ខ្ញុំ អត់​បាន​ផ្ដល់​មក​ឲ្យ»

រីឯ​មន្រ្តី​អង្គការ​ខុមហ្រ្វែល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា លោក ម៉ា សុផល មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី​កើត​មាន​ច្រើន​ក្នុង​ថ្ងៃ​បោះឆ្នោត ដែល​អង្គការ​នេះ​មិន​អាច​ទទួល​យក​លទ្ធផល​បោះឆ្នោត​សម្រេច ក៏​ដូចជា​មិន​បញ្ឈប់​ការបន្ត​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​មក​នោះ។

លោក ម៉ា សុផល ថ្លែង​ថា ៖ «ខុមហ្វ្រែល នឹង​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៀត ហើយ​យើង​គ្រោង​នឹង​ធ្វើ​កិច្ចការ​ហ្នឹង បើ​សិន​ជា​មាន​ការគាំទ្រ​គ្រប់គ្រាន់ យើង​នឹង​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ...។ យើង​គ្រោង​នឹង​សាកសួរ​ហ្នឹង ៨​ពាន់​នាក់ ដែល​នៅ​ទូទាំង ២៤​ខេត្ត​ក្រុង​តែ​ម្ដង ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​និង​សាកសួរ ស្រាវជ្រាវ​បន្ថែម​អំពី​ករណី​មិន​ប្រក្រតី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត រាប់​សន្លឹក​ឆ្នោត»

ពាក់ព័ន្ធ​នឹង​ភាព​មិន​ទុក​ចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​សម្រេច​ដោយ​គ.ជ.ប កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៨ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត​សម្រេច​នោះ​ទេ ដោយ​បណ្តឹង​របស់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ ៖ «សូម​ទោស ខ្ញុំ​អត់​ចង់​ធ្វើ​អត្ថាធិប្បាយ​អី​ទេ ព្រោះ​លទ្ធផល​ផ្លូវការ​ចេញ​មក​ហើយ»

បើ​តាម Website របស់​គ.ជ.ប ចំពោះ​លទ្ធផល​ប្រកាស​នៅ​ការិយាល័យ​បោះឆ្នោត ០៩៥៥ នៅ​ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង សន្លឹក​ឆ្នោត​បាន​ការ​មាន​៤៥២​សន្លឹក ខូច​តែ​៣​សន្លឹក​វិញ​និង​ប្រើប្រាស់​សន្លឹក​ឆ្នោត​៤៥៥។ ឯគ.ជ.ប ក៏​មិន​បាន​បញ្ជាក់​ពី​សន្លឹក​ឆ្នោត​សល់ មិន​បាន​ប្រើ​ប៉ុន្មាន​ទេ។

ចំពោះ​ការិយាល័យ​បោះឆ្នោត​លេខ​០៩៨៩ នៅ​ស្រុក​ស៊ីធរ​កណ្តាល​វិញ តាម​តួលេខ​របស់​គ.ជ.ប. ឃើញ​ថា ចំនួន​អ្នក​បោះឆ្នោត ឲ្យ​គណបក្ស​នយោបាយ ដូច​ការ​រៀបរាប់​របស់​តំណាងរាស្រ្ត​គណបក្ស​សិទ្ធិ​មនុស្ស ប៉ុន្តែ គ.ជ.ប. បាន​លេខ​ថ្មី​ប្រកាស​ថា សន្លឹក​ឆ្នោត បាន​ការ​៥១០​សន្លឹក សន្លឹក​ឆ្នោត​ខូច​៥ ហើយ​សន្លឹក​ឆ្នោត​ប្រើ​សរុប​៥១៥​សន្លឹក ដែល​ខុស​ពី​ទម្រង់​១១០៤​របស់​គណៈកម្មការ​ឃុំ​រៀចំ​ការ​បោះឆ្នោត ដែល​មាន​សន្លឹក​ឆ្នោត​តែ​១១៥​សន្លឹក នៅ​ក្នុង​ហិបឆ្នោត​ដែល​រាប់​ថា​បាន​ការ​នោះ។

សូម​ជម្រាប​ថា ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​លើក​ទី​៤ ឆ្នាំ​២០០៨ មាន​១១​គណបក្ស​ចូលរួម​បោះឆ្នោត។ អ្នក​មាន​សិទ្ធិ​បោះឆ្នោត ជាង​៨​លាន​នាក់។ ឯ​អ្នក​បាន​បោះឆ្នោត​ជាក់​ស្តែង ៦.០១០.២៧៧​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល