កម្មករ​រោងចក្រ PCCS ៣​ពាន់នាក់​ធ្វើ​កូដកម្ម

ថៅកែ​រោង​ចក្រ​មួយ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​ឫស្សី​កែវ បាន​បញ្ឈប់​តំណាង​កម្មករ​រោង​ចក្រ​ម្នាក់​ហើយ​ការ​បញ្ឈប់​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កម្មករ​កើត​ទុក្ខ មិន​សុខចិត្ត។
ដោយ មុំ សុផុន
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ឈ្មោះ PCCS ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​ឫស្សី​កែវ ក្រុង​ភ្នំពេញ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១០ ថា កម្មករ​រោង​ចក្រ​ចំនួន​ជាង ៣​ពាន់​នាក់​បាន​ធ្វើ​កូដកម្ម រយៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ ដើម្បី​ទាម​ទារ​ឲ្យ​តំណាង​កម្មករ​ម្នាក់ បាន​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ថៅកែ​រោង​ចក្រ​នេះ បាន​បញ្ឈប់​ពី​ការ​ងារ។

អ្នក​ស្រី អ៊ុក សុភី ជា​អ្នក​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​ទាម​ទារ​នោះ បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា តំណាង​កម្មករ​ឈ្មោះ ម៉ម ច័ន្ទ​ណា ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​តំណាង​កម្មករ​រូប​នោះ បាន​សាក​សួរ​ផ្នែក​រដ្ឋបាល អំពី​ការ​សុំ​ច្បាប់​ឈប់​របស់​កម្មករ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទំនាក់​ទំនង​តំណាង​រោង​ចក្រ PCCS ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​ករណី​នេះ បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា។

អគ្គ​លេខាធិការ​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ស្រី គឹម​ហេង បាន​ថ្លែង​ថា លោក​បាន​ចូល​រួម​ដោះ​ស្រាយ​វិវាទ​កម្មករ និង​តំណាង​រោង​ចក្រ​នោះ​ដែរ គឺ​តំណាង​រោង​ចក្រ​នៅ​មិន​ព្រម​ទទួល​យក​កម្មករ​នោះ​វិញ​នៅ​ឡើយ បើ​ទោះបី​ជា​មាន​ការ​សម្របសម្រួល​ពី​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ក៏​ដោយ។

លោក​បាន​បន្ថែម​ទៀត​ថា តំណាង​រោង​ចក្រ មិន​បាន​បង្ហាញ​ពី​មូលហេតុ​ក្នុង​ករណី​បញ្ឈប់​តំណាង​កម្មករ​ពី​ការងារ​នោះ​ឡើយ។

លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​សមាគម​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នេះ គឺ​បាន​ផ្អាក​ដំណើរ​ការ​ផលិត​ដែល​ធ្វើ​ឲ្យ​ខាត​បង់​ទាំង​ភាគី​កម្មករ និង​ថៅកែ។ លោក​កម្មករ និង​សហជីព​គួរ​តែ​រង់ចាំ​មើល​ការ​សម្រេច​ពី​អធិការកិច្ច​ការងារ។

ក្រុម​កម្មករ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម ប្រសិន​បើ​ថៅកែ​រោងចក្រ​មិន​ព្រម​ទទួល​យក​តំណាង​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​ដូច​ដើម​នោះ​ទេ។ ប្រភព​ពី​សហជីព​សេរី​កម្មករ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី ម៉ម ច័ន្ទណា នឹង​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដើម្បី​ទាមទារ​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល