កម្មករ ៣០០០​នាក់ នៅ​រោង​ចក្រ​កាត់​ដេរ PCCS ធ្វើ​កូដកម្ម​ជា​បន្ត

កម្មករ កម្មការិនី ជាង ៣​ពាន់​នាក់ បម្រើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ ភី.ស៊ី.ស៊ី.អេស (PCCS) អះ​អាង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម ប្រសិន​បើ​ថៅកែ​រោង​ចក្រ មិន​ទទួល​យក​តំណាង​របស់​ខ្លួន​ម្នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​នោះ។
ដោយ ដែន អយុធ្យា
2010.07.30
កម្មករ៣០៥ កម្មករ​រោង​ចក្រ​កាត់​ដេរ PCCS ៣០០០​នាក់ នៅ​ក្រុង​ភ្នំពេញ​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​ទី​៣០ កក្កដា ២០១០
RFA/ដែន អយុធ្យា

កម្មករ កម្មការិនី​រាប់​ពាន់​នាក់ បម្រើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ ភី.ស៊ី.ស៊ី.អេស (PCCS) មាន​ទីតាំង​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ បាន​បន្ត​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើ​ការ​ជា​បន្ត​ទៀត ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​ទទួល​យក​តំណាង​របស់​ខ្លួន​ម្នាក់​ឲ្យ​ចូល​ធ្វើការ បន្ទាប់​ត្រូវ​បណ្ដេញ​ពី​ការ​ងារ​កន្លង​មក។

ក្រុម​កម្មករ​អះ​អាង​ដូច​ៗ​គ្នា​ថា ប្រសិន​បើ​ថៅកែ​រោង​ចក្រ មិន​ព្រម​ទទួល​យក​តំណាង​របស់​គេ​ឲ្យ​ចូល​ធ្វើ​ការ​ទេ កម្មករ​ទាំង​អស់​នឹង​បន្ត​ធ្វើ​កូដ​កម្ម មិន​ចូល​ធ្វើ​ការ​ជា​បន្ត​ទៀត។

ក្រុម​កម្មករ​បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ដឹង​ពី​គោល​បំណង​ធ្វើ​កូដកម្ម​ដូច្នេះ ៖ «ទាមទារ​ដក​រដ្ឋ​បាល​ចេញ​មួយ ហើយ​ទាម​ទារ​ឲ្យ ម៉ម ចន្ទនា ចូល​ធ្វើ​ការ​វិញ​តែ​ប៉ុណ្ណឹង​អត់​ព្រម។ សំណូមពរ​ឲ្យ​តំណាង​កម្មករ​ខ្ញុំ​ចូល​ធ្វើ​ការ​វិញ​ធម្មតា។ កម្មករ​ខ្ញុំ នឹង​ចូល​ធ្វើ​ការ​វិញ​ធម្មតា​វិញ​ហើយ អត់​មាន​រឿង​អី​ធំ​ដុំ​ទេ»

លោក ស៊ុំ ផារ៉ែន អនុ​ប្រធាន​ការិយាល័យ​វិវាទ​ការ​ងារ នៃ​នាយកដ្ឋាន​វិវាទ​ការ​ងារ មាន​ប្រសាសន៍​ថា ជម្លោះ​រវាង​កម្មករ និង​ថៅកែ​រោង​ចក្រ ភី ស៊ី ស៊ី អេស គឺ​បាន​ផុត​ពី​សមត្ថកិច្ច​ក្រសួង​ការ​ងារ​ត្រូវ​ដោះ​ស្រាយ។ ព្រោះ​ជម្លោះ​នេះ​ក្រសួង​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដោល​ដើម្បី​ជំនុំ​ជម្រះ​ក្ដី​។

លោក ស៊ុំ ផារ៉ែន អនុ​ប្រធាន​ការិយាល័យ​វិវាទ​ការ​ងារ នៃ​នាយកដ្ឋាន​វិវាទ​ការ​ងារ មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​សំណុំ​រឿង​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។ ខាង​អាជ្ញា​កណ្ដាល​ជា​អ្នក​កាត់​ឲ្យ​កម្មករ និង​ក្រុម​ហ៊ុន​តែ​ម្ដង។ ឥឡូវ​ផុត​ពី​ដៃ​ខ្ញុំ​ហើយ ដាក់​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​រួច​ហើយ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និង​តំណាង​ក្រុម​ហ៊ុន ភី ស៊ី ស៊ី អេស ដើម្បី​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ជុំវិញ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​គំរាម​ថា ប្រសិន​បើ​ថៅកែ​ក្រុម​ហ៊ុន ភី ស៊ី ស៊ី អេស មិន​រក​ដំណោះ​ស្រាយ និង​មិន​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​ម្នាក់​បាន​ចូល​ធ្វើ​ការ​វិញ​ទេ នៅ​សប្តាហ៍​ខាង​មុខ សហជីព និង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ធំ​មួយ ប្រឆាំង​រោង​ចក្រ​នេះ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​គ្រាន់​តែ​ជម្រាប​ថា បើ​សិន​ជា​មាន​ការ​អូស​បន្លាយ​នូវ​អំពើ​ទាំង​អស់​ហ្នឹង​ទេ យើង​នឹង​ធ្វើ​មហា​បាតុកម្ម កូដកម្ម​មួយ​ដ៏​ធំ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​មួយ គឺ​ក្រុម​ហ៊ុន​មិន​ត្រូវ​មាន​ការ​រើស​អើង​មេ​ដឹក​នាំ​សហ​ជីព​ទេ»

កម្មករ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​អស់​ពេល​ដប់​ថ្ងៃ​មក​ហើយ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ ថៅ​កែ​ក្រុម​ហ៊ុន និង​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​មិន​ទាន់​រក​ដោះស្រាយ​ជូន​កម្មករ​នៅ​ឡើយ​ទេ។

ប្រភព​បាន​ចោទ​ថៅកែ​ក្រុម​ហ៊ុន​ថា បាន​ជួល​សមត្ថកិច្ច​ចម្រុះ​មក​ដាក់​ពង្រាយ​គំរាម​កំហែង​វាយ​សំពង និង​ឆក់​កម្មករ​ឲ្យ​រង​របួស​ជា​ច្រើន​នាក់ ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​របស់​កម្មករ។

ក្រុម​កម្មករ​មាន​ប្រសាសន៍ ៖ «ប៉ូលិស​ចូល​ឆក់​ដល់​ក្នុង​រោង​ចក្រ​ទៀត។ ថ្នាក់​ដឹក​នាំ​ប៉ូលិស​ហ្នឹង​សូម​ឲ្យ​ជួយ​ដោះ​ស្រាយ​ដល់​កម្មករ​ផង ដែល​ចូល​មក​ឆក់​កម្មករ​ដល់​ក្នុង​រោង​ចក្រ ឲ្យ​រង​របួស​បី​បួន​នាក់ និង​មាន​អ្នក​ពោះ​ធំ​ដួល​សន្លប់។ ហើយ​បើ​នៅ​ព្រះវិហារ​អី​ហ្នឹង មិន​ទៅ​ការពារ​នៅ​ព្រះវិហារ មក​ការ​ពារ​អី​កម្មករ មាន​តែ​បាត​ដៃ​ទទេ កម្មករ​ស្លូត​ត្រង់​ធ្វើ​ការ​ដើម្បី​តែ​លុយ​បាន​ចិញ្ចឹម​កូន ចិញ្ចឹម​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណឹង​ទេ»

កម្មករ​ក្រុម​ហ៊ុន​កាត់​ដេរ​សំលៀក​បំពាក់ ភី ស៊ី ស៊ី អេស បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា​មក​ម្ល៉េះ។ មូល​ហេតុ​នៃ​ការ​ធ្វើ​កូដកម្ម កើត​ឡើង​បន្ទាប់​ពី​ថៅកែ​រោង​ចក្រ​បាន​បណ្ដេញ​តំណាង​សហ​ជីព​ម្នាក់ ប្រចាំ​រោង​ចក្រ​ចេញ​ពី​ការ​ងារ។ យ៉ាង​នេះ​ក្តី កម្មករ​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​បន្ត​ទៀត បើ​ថៅកែ​មិន​អនុញ្ញាត​ឲ្យ​តំណាង​របស់​គេ​បាន​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។