ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​​ថៃ​ប្រារព្ធ​ពិធី​បុណ្យ​​កាន់​បិណ្ឌ

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​ជាប់​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ លើ​ខ្នង​ភ្នំ​ដងរែក នា​ភូមិ​ជប់​គគីរ​ខាង​លិច និង​ខាង​កើត នៃ​ខេត្ត​ឧត្តរមានជ័យ តំបន់​ពួកគេ​មាន​សល់​​តែ​ទី​វត្ត​ប៉ុណ្ណោះ ហើយ​មិន​មាន​ព្រះសង្ឃ​គង់​នៅ​ទេ។ តើ​ក្រុម​​អ្នក​ភូមិ​ទាំង​នោះ​បាន​រៀបចំ​ធ្វើ​ពិធី​បុណ្យ​កាន់​បិណ្ឌ​យ៉ាង​ណា?

0:00 / 0:00

ក្រុម​អ្នក​ភូមិ​​ប្រមាណ​ជាង ៧០​គ្រួសារ ដែល​រស់​នៅ​លើ​ខ្នង​ភ្នំ​ដងរែក មាន​​ភូមិ​ជប់​គគីរ​ខាង​លិច និង​ខាងកើត នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល នៅ​តែ​តស៊ូ​ប្រកាន់​ជំនឿ​សាសនា​ខ្ជាប់ខ្ជួន​ ដោយ​​នាំ​គ្នា​ធ្វើ​​​បុណ្យ​​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ដូច​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​ដែរ បើ​ទោះ​បី​ជា​ពួកគេ​​ខ្វះ​ខាត​​ជីវភាព​ប្រចាំ​ថ្ងៃ ព្រម​ទាំង​គ្មាន​ព្រះ​សង្ឃ​គង់​នៅ​ជិត ដើម្បី​ធ្វើ​បុណ្យ​ទាន​ក៏ដោយ។

ចាប់​តាំង​ពី​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ រហូត​មក​ដល់​ថ្ងៃ​កាន់​បិណ្ឌ​ទី​១៤ នេះ ក្រុម​អ្នក​ភូមិ​នៅ​ជាប់​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ ទាំង​នោះ សុខ​ចិត្ត​​ធ្វើ​ម្ហូប ព្រម​ទាំង​មាន​នំ ចំណី ហើយ​នាំ​គ្នា​ធ្វើ​ដំណើរ​​ចុះ​ពី​ខ្នង​​ភ្នំ ចម្ងាយ​ជិត ១៥​គីឡូម៉ែត្រ ទៅ​កាន់​ទី​វត្ត​មួយ​ដែល​មាន​ព្រះ​សង្ឃ​គង់​នៅ ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ជំនឿ និង​ប្រពៃណី​របស់​ដូនតា។

លោក ឡេង ខ្លី គឺ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជប់​គគីរ​ខាងលិច។ គាត់​​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ដែល​រស់​នៅ​ជាប់​បន្ទាត់​ព្រំដែន មាន​ជីវភាព​ខ្វះ​ខាត​យ៉ាង​​ខ្លាំង​ មិន​ដូច​ជា​អ្នក​ទីក្រុង​​ទេ។

ចំណែក​ឯ​ទីវត្ត​ទៀត​សោត ពេល​បច្ចុប្បន្ន​នេះ​ក៏​មិន​មាន​ព្រះសង្ឃ​គង់នៅ ដើម្បី​ឱ្យ​ពុទ្ធ​បរិស័ទ្ធ​​​​បាន​ធ្វើ​បុណ្យ​ទាន​ស្រួល​​​ដែរ។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ គឺ​អ្នក​ភូមិ​របស់​គាត់​បាន​ជួយ​ដឹក​ជញ្ជូន​គ្នា ដើម្បី​ឱ្យ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​ទី​វត្ត​ផ្សេងៗ ដែល​មាន​ព្រះសង្ឃ​គង់​នៅ៖ «វត្ត​យើង​ដុះ​ស្មៅ​ជិត​សម្ភារៈ​តាម​វត្ត​ក៏​បាត់​អស់ វា​អត់​លោក​នៅ​ការពារ នៅ​គ្រប់គ្រង។ ក្នុង​ភូមិ​នេះ​ ប្រមូល​យក​គោយន្ត​ចេះ​តែ​ឌុប​គ្នា​ទៅ ឱ្យ​បាន​កុះករ​ទាំង​អស់​តែ​គ្នា​ចុះ​ទៅ​ធ្វើ​​នៅ​តាម​វត្ត​គេ។ ពួក​ខ្ញុំ​ចាស់​ទុំ​ទាំង​អស់​នេះ​ប្រុង​តែ​ពិគ្រោះ​ទៅ​រក​លោក​មក​គង់​នៅ​ដែរ តែ​ចាំ​ចេញ​វស្សា​សិន»

ក្រុម​អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ភូមិ​ពួកគេ​រស់​នៅ​មាន​តែ​វត្ត មិន​មាន​ព្រះសង្ឃ​គង់​នៅ គឺ​ក្នុង​រដូ​វភ្ជុំ​បិណ្ឌ​នេះ គេ​បាន​នាំគ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ប្រាសាទ​តាមាន់ ឬ​ក៏​វត្ត​ពងទឹក ដែល​មាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ភូមិ​​របស់​ពួកគេ។

កាល​ពី​មុន​ឆ្នាំ​២០០៨ ដែល​​មិន​ទាន់​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ កើត​ឡើង ភូមិ​ជប់គគីរ​ខាង​លិច និង​ខាងកើត គឺ​មាន​ប្រជាពលរដ្ឋ​រស់​​នៅ​ជាង ១៦០​គ្រួសារ និង​មាន​វត្ត​អារាម​ រួម​ទាំង​ព្រះ​សង្ឃ​គង់​នៅ​ផង។ ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​កើត​ឡើង ហើយ​ច្រក​របៀង​ព្រំដែន​ទី​នោះ​បាន​បិទ​ជា​ច្រើន​ឆ្នាំ ធ្វើ​ឱ្យ​អ្នក​ភូមិ​ដែល​មាន​របរ​ទី​ពឹង​តែ​លើ​ច្រក​ទ្វារ​ព្រំដែន​បាន​ចាក​ចោល​ភូមិ​បន្តិច​ម្ដងៗ។ចំណែក​ឯ​ព្រះសង្ឃ​ដែល​ប្រឈម​មុខ​នឹង​ការ​ដាច់​ចង្ហាន់​ក៏​បាន​និមន្ត​ចាក​ចោល​ទី​អារាម​ជា​បន្ត​​បន្ទាប់​ដែរ។

បច្ចុប្បន្ន បើ​ទោះ​បី​ជា​ស្ថានការណ៍​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ បាន​ស្ងប់ស្ងាត់ ក៏​​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជប់គគីរ​ខាងកើត​ជា​ច្រើន មិន​ទាន់​វិល​ត្រឡប់​ទៅ​រស់​នៅ​លើ​ខ្នង​ភ្នំវិញ​​ទេ ហើយ​ព្រះសង្ឃ​ក៏​មិន​​ទាន់​និមន្ត​ទៅ​គង់​នៅ​​ជាប់​លាប់​ដែរ ដោយ​សារ​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះ​ចង្ហាន់ ដោយសារ​តែ​​អ្នក​ភូមិ​មាន​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ​ផង​នោះ។

លោក ហួក ហៀវ ជា​ប្រធាន​ភូមិ​ជប់​គគីរ​ខាងកើត បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន អ្នក​​ភូមិ​របស់​គាត់​បាន​ទីពឹង​តែ​លើ​ការ​បើ​ច្រក​របៀង​ព្រំដែន ក៏​ប៉ុន្តែ​ជីវ​ភាព​មិន​សំបូរ​សប្បាយ​ទេ ដោយសារ​តែ​ទី​នោះ​ពុំ​មាន​ដីស្រែ គឺ​មាន​តែ​ដី​ចំការ​តិចតួច។

លោក​មេ​ភូមិ​ដដែល មាន​បាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អ្នក​ភូមិ​របស់​លោក​មិន​សូវ​មាន​ទ្រព្យធន​សម្រាប់​ធ្វើ​បុណ្យ​ដូច​អ្នក​ទីក្រុង​យ៉ាង​ណា​ក៏ដោយ ក៏​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​គេ​នៅ​តែ​នាំ​គ្នា​គោរព និង​ប្រតិបត្តិ​ទៅ​តាម​ជំនឿ​សាសនា និង​ប្រពៃណី​ខ្មែរ​​​ដូច​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ។

លោក ហួក ហៀ៖ «ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​បាន​វេច​នំ ជា​អន្សម សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​គគ្រឹកគគ្រេង​តាម​ផ្ទះ​នីមួយៗ​ដែរ ប៉ុន្តែ​មិន​បាន​ដូច​ជា​អ្នក​​ទី​កន្លែង​ប្រជុំ​ជន​ធំៗ​ទេ ព្រោះ​ថា តំបន់​នេះ​គ្នា​ខ្សត់​ក្រ មាន​ស្តួចស្តើង។ ខ្ញុំ​ក៏​ដឹកនាំ​ធ្វើ​កុំ​ឱ្យ​វា​ដាច់​កម្មវិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ ធ្វើ​តែ​ឱ្យ​បំពេញ​តាម​ប្រពៃណី ហើយ​នេះ​ខ្ញុំ​​ដង្ហែ​ជា​​​អង្គ​ផ្កា​ប្រាក់​មួយ​ទៅ​ដាក់​នៅ​វត្ត​ប្រាសាទ​កោះកែ ពង​ទឹក។ កាន់​វេន​នឹង​គេ​បាន​មួយ​វេន»

ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ជំនឿ​តៗ​គ្នា​ជា​យូរ​លង់​មក​ហើយ​ថា នៅ​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​យមរាជ​បាន​ដោះ​លែង​ព្រលឹង​សាច់​ញាតិ​របស់​គេ​ដែល​ស្លាប់​ទាំង​អស់ បើ​ទោះ​បី​ជា​ព្រលឹង​​ខ្លះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ ហើយ​ធ្លាក់​ខ្លួន​ទៅ​ជា​នរក​ប្រេត​យ៉ាង​ណា​ក៏ដោយ ឱ្យ​មក​ទទួល​យក​​កុសលបុណ្យ និង​​បាយ​ទឹក នំ ចំណី ដែល​កូន​ចៅ​នៅ​រស់​បាន​ឧទ្ទិស​ឱ្យ​តាម​រយៈ​ព្រះសង្ឃ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ កូន​ចៅ​​​​មិន​បាន​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ​ទេ គឺ​ព្រលឹង​អ្នក​ស្លាប់​​ខ្លះ​ដែល​ក្លាយ​ទៅ​ជា​ប្រេត​​កំពុង​ស្រេកឃ្លាន តែ​​មិន​​បាន​ទទួល​អ្វី​ទាល់​តែ​សោះ​​នោះ នឹង​យំ​ទួញ​សោក ព្រម​ទាំង​​ដាក់​បណ្តាសា​ផង។

លោក ខ្លូត អ៊ីវ គឺ​ជា​មេ​ឃុំ​អំពិល នៃ​ស្រុក​បន្ទាយអំពិល បាន​មាន​​ប្រសា​សន៍​ថា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ជប់​គគីរ​ខាងលិច និង​ខាង​កើត បាន​ខិត​​ខំ​នាំ​គ្នា​ធ្វើ​បុណ្យភ្ជុំ​បិណ្ឌ​ បើ​ទោះ​បី​ជា​ពួក​គេ​មាន​ជីវភាព​ខ្វះខាត មិន​ដូច​ប្រជាពលរដ្ឋ​​នៅ​តាម​ទីក្រុង​ក៏ដោយ។

លោក​មេ​ឃុំ​មាន​ប្រសាសន៍​ទៀត​ថា អ្នក​ភូមិ​ជប់​គគីរ ដែល​នៅ​លើ​ខ្នង​ភ្នំដង​រែក ​តែង​នាំ​គ្នា​ចុះ​ពី​លើ​ខ្នង​ភ្នំ ចម្ងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ ទៅ​កាន់​ទីវត្ត​ពងទឹក ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ៖ «ឆ្ងាយ​គ្រាន់​ដែរ ប៉ុន្តែ​គាត់​ព្យាយាម​ធ្វើ​បុណ្យ​ដែរ។ ពេល​ធ្វើ​បុណ្យ​ធ្វើ​ទាន ម្នាក់ៗ​ព្យាយាម​រក​ម្ហូប​អាហារ​ចំណី​មក​ដើម្បី​បុណ្យ។ សូម្បី​តែ​គាត់​ខ្វះ​ខាត​យ៉ាង​ម៉េច​ក៏​គាត់​ព្យាយាម បើ​ថា ធ្វើ​ឱ្យ​បាន​អធិកអធម​គាត់​មិន​មាន​ទេ ព្រោះ​ជីវភាព​របស់​គាត់​មិន​ដូច​ទីក្រុង»

ព្រះភិក្ខុ ឈន់ ឈឿន គង់​នៅ​វត្ត​ដំណាក់ ក្នុង​ទី​រួម​ខេត្ត​សៀមរាប បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ក្នុង​ជំនឿ​នៃ​ព្រះពុទ្ធ​សាសនា គឺ​ជា​ការ​ដែល​អាច​ជួយ​រំដោះ​បាបកម្ម​ឱ្យ​សាច់​​ញាតិ​ដែល​ស្លាប់​ទៅ ដោយ​សារ​​ការ​ឧទ្ទិស​មគ្គផល កុសល​ផល​បុណ្យ​តាម​រយៈ​ព្រះ​សង្ឃ។ ចំណែក​នៅ​ក្នុង​សង្គម​ខ្មែរ​វិញ​ ការ​ប្រារព្ធ​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ជា​ឱកាស​ឱ្យ​ក្រុម​គ្រួសារ​បាន​ជួបជុំ​គ្នា និង​ធ្វើ​​​សេចក្ដី​​ល្អ​​ជា​ច្រើន​​​ជាមួយ​គ្នា៕​​​​​​​​​​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។