ពលរដ្ឋ​​ក្នុង​ភូមិ​​៨​នៅ​បន្ទាយមានជ័យ​ចង់​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ

ប្រជាពលរដ្ឋ​ចំនួន ៨​ភូមិ ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ នៅ​ពុំ​ទាន់​ក្លាយ​ខ្លួន​ជា​អ្នក​ភូមិ​ស្រប​ច្បាប់​ទេ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​ពុំ​បាន​ចេញ​អនុក្រឹត្យ​ប្រកាស​ទទួល​ស្គាល់​ភូមិ​ជា​ផ្លូវការ។
ដោយ សួន សុផលមុន្នី
2012.11.25

ទន្ទឹម​គ្នា​នេះ សហគមន៍​នៅ​ក្នុង​តំបន់​នោះ ក៏​បាន​លើក​សំណើ​សុំ​បង្កើត​ភូមិ​ស្របច្បាប់​ដាក់​ទៅ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា រហូត​មក​ទល់​នេះ​ គេ​នៅ​ពុំ​ទាន់​បាន​ដឹង​ ថា ក្រសួង​មហាផ្ទៃ ឆ្លើយ​តប​បែប​ណា​នោះ​ឡើយ។

នៅ​ឆ្នាំ​១៩៩៨ មាន​ជន​ភៀស​ខ្លួន​ទៅ​ពី​តំបន់​ផ្សេង​គ្នា​បាន​នាំ​គ្នា​ចូល​ទៅ​បោះ​ទីតាំង​រស់​នៅ​តំបន់​កូន​ខ្លែង។ នៅ​ពេល​នោះ​ពួកគាត់​នាំ​គ្នា​សង់​លំនៅឋាន​តូចៗ រស់​នៅ​រតេតរតូត ហើយ​ពុំ​ទាន់​មាន​ការ​រៀបចំ​បង្កើត​ឈ្មោះ​ភូមិ​ទេ។ នៅ​ឆ្នាំ​១៩៩៩ នៅ​តំបន់​នោះ​មាន​ប្រជាជន​កើន​ចំនួន​ឡើង​រហូត​ដល់​ទៅ ១.៤៥០​គ្រួសារ។ ភាគ​ច្រើន​ជា​អតីត​កងកម្លាំង​ផ្ដាច់​ខ្លួន​របស់​កងទ័ព​ខ្មែរ​ក្រហម អ្នក​មក​ពី​ជំរំ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ហៀរ​ចូល​ទៅ​ពី​បណ្ដា​ភូមិ​នៅ​ជិត​ខាង។

លោក ទៀង សំអូន ជា​សមាជិក​សហគមន៍​បាន​ឲ្យ​ដឹង​ថា លុះ​ដល់​ឆ្នាំ​២.០០០ អ្នក​ភូមិ​នាំ​គ្នា​បង្កើត​សហគមន៍​មួយ​ឲ្យ​ឈ្មោះ​ថា​ សហគមន៍​កូន​ខ្លែង។ សហគមន៍​កូន​ខ្លែង​ស្ថិត​នៅ​ចំណុះ​ឲ្យ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ សហគមន៍​បាន​កើត​ឡើង​ក្រោម​ការ​ជួយ​ទំនុក​បម្រុង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ក្នុង​ស្រុក​ជា​ច្រើន។ សហគមន៍​កូន​ខ្លែង​មាន​ភូមិ​ចំនួន​៨ ក្នុង​នោះ​មាន​ភូមិ​ត្រពាំងភៀស ភូមិ​ព្រះ​អណ្ដូង ភូមិ​ចង្វាទូក ភូមិ​ស្រះស្រង់ ភូមិ​កូនខ្លែង ភូមិ​បឹងអំពិល ​ភូមិ​បឹងរាំង និង​​ភូមិ​ធ្មេញត្រី។

លោក​បញ្ជាក់​ថា ភូមិ​ទាំង​៨ រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ទេ៖ «កាល​នុះ​ នៅ​ភូមិ​រតាត់រតាយ បាន​ពីរ​ឆ្នាំ បាន​មក​ដល់​ឆ្នាំ​២០០០​ ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ​ បង្កើត​ជា​សហគមន៍។ ប្រជាពលរដ្ឋ​មាន​បាត​ដៃ​ទទេ ​ហើយ​ពឹង​ពាក់​ទៅ​លើ​អង្គការ​មនុស្សធម៌ អង្គការ អេស៊ីអេស មក​បុក ​អណ្ដូង ​អង្គការ​ជួយ​សង្គ្រោះ​ស្ត្រី​មេម៉ាយ និង​អង្គការ​ពុទ្ធសាសនា ​ចេះ​ជួយ​មក​រហូត។ អង្គការ​ទាំង​នោះ​បាន​ជួយ​បង្កើត​អណ្ដូង​ស្នប់ កាំបិត ពូថៅ ចបកាប់​ តង់​កៅស៊ូ ​និង​ពូជ​ស្រូវ​ បន្លែ ។ល។ កាល​នុះ​មាន ១.៤៥០​គ្រួសារ ប៉ុន្តែ​ស្រង់​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​មាន​នៅ ៤៩៦​គ្រួសារ ចុះ​មក​នៅ​តិច ដោយសារ ​អ្នក​វិល​ទៅ​ស្រុក​ទៅ​ស្រែ​គេ​វិញ»

ការ​ថយ​ចុះ​ចំនួន​គ្រួសារ​ដោយសារ​តែ​នៅ​តំបន់​ស្ថិត​នៅ​ចុងកាត់មាត់ញក ឆ្ងាយ​ទី​ប្រជុំ​ជន ហើយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​តំបន់​ផ្សេង ​និង​ខ្លះ​ទៀត​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ។

អ្នក​ភូមិ​មាន​មុខ​របរ​ធ្វើ​ស្រែ ចិញ្ចឹម​ជ្រូក​ មាន់ ទា និង គោ ក្របី។ នៅ​ពេល​ទំនេរ ពួកគេ​នាំ​គ្នា​ចុះ​ច្រូត​ស្បូវ​យក​មក​ក្រង​លក់ និង​ដើរ​រក​អនុផល​ពី​ព្រៃ​ឈើ ​យក​ទៅ​លក់​បន្ទាប់​បន្សំ។ ក្រៅ​ពី​នេះ​អ្នក​ភូមិ​មិន​មាន​មុខ​របរ​ផ្សេង​នោះ​ឡើយ។

លោក ទៀង សំអូន៖ «សហគមន៍​នេះ​ កំពុង​រៀបចំ​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ ទៅ​ក្រសួង​ យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ​សុំ​បង្កើត​ភូមិ​ឲ្យ​ស្រប​ច្បាប់​វិញ។ ធ្វើ​តែ​ពីរ​ភូមិ​ទេ ក្នុង​ប្រាំបី​ភូមិ បង្រួម​ឲ្យ​ទៅ​តាម​ស្តង់ដារ​គេ ​ភូមិ​កំណត់ ១៥០​គ្រួសារ ក្នុង​មួយ​ភូមិ ទើប​បង្កើត​ភូមិ ​ដល់​អា​នេះ​ដាក់​ជាង ២០០ អ៊ីចឹង​ត្រូវ​ធ្វើ​ជា​ពីរ​ភូមិ​វិញ។ ភូមិ​ទី​១ ឈ្មោះ​ភូមិ​ព្រះអណ្ដូង ទី​២ ភូមិ​កូន​ខ្លែង»

សំណើ​របស់​សហគមន៍​បាន​ដាក់​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១២ ​ដើម្បី​បញ្ជូន​បន្ត​ទៅ​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ទទួល​ស្គាល់​ជាប់​ជា​អង្គការ​លេខ​ ទៅ​ជា​ភូមិ​ស្រប​ច្បាប់។ នៅ​សហគមន៍​កូន​ខ្លែង​សព្វថ្ងៃ គេ​សង្កេត​ឃើញ​មាន​លំនៅឋាន ប្រជាពលរដ្ឋ ​ធំ​តូច ​មាន​ជា​ហូរហែ​ មាន​ប៉ុស្តិ៍​សុខភាព​មួយ​ឈ្មោះ​ថា ប៉ុស្តិ៍​សុខភាព​កូន​ខ្លែង មាន​សាលា​បឋមសិក្សា​ត្រពាំង​ភៀស ​មួយ​ខ្នង ​បី​បន្ទប់។

នៅ​ភូមិ​ចង្វា​ទូក មាន​មួយ​ខ្នង​បី​បន្ទប់ នៅ​ភូមិ​កូន​ខ្លែង មាន​ប្រាំបី​បន្ទប់​ និង​នៅ​ភូមិ​ធ្មេញ​ត្រី មួយ​ខ្នង​បី​បន្ទប់។ សាលា​ទាំង​នោះ​ត្រូវ​បាន​​ជួយ​ឧបត្ថម្ភ​ដោយ​អង្គការ​កុមារ​មេគង្គ។

មេ​ឃុំ​ប៉ោយចារ លោក ប៉េង ប៊ុនថារ៉ា បាន​ឲ្យ​ដឹង​ថា នៅ​សហគមន៍​កូន​ខ្លែង ​មាន​ភូមិ​ចំនួន ៨ ក៏​ប៉ុន្តែ​ ភូមិ​ទាំង​នោះ ​រដ្ឋាភិបាល​នៅ​ពុំ​ទាន់​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឡើយ។ បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ រៀបចំ​កែ​សម្រួល​សុំ​​បង្កើត​ទៅ​ជា​ភូមិ​ផ្លូវការ៖ «ប៉ុន្តែ​យើង​មិន​អាច​ទទួល​ស្គាល់​ដល់​ទៅ ៨​ភូមិ​ហ្នឹង​បាន​ទេ ពី​ព្រោះ​មុន ៨​ភូមិ ​យើង​រៀបចំ​ធ្វើ​ពីរ​ភូមិ​ចំណុះ​ឲ្យ​ឃុំ​ប៉ោយចារ សិន​ គេ​រៀបចំ​យ៉ាង​ម៉េច​ក៏​អត់​ដឹង​ដែរ​ សំណើ​សុំ​ហ្នឹង យើង​មិន​ទាន់​ធ្វើ​ចប់​ចុង​ចប់​ដើម​ទេ ​យើង​កំពុង​ទៅ​ពិនិត្យ​ស្ថានភាព​ យើង​រៀបចំ​ ដូច​ថា ​ប្រជាពលរដ្ឋ​ពី​ដើម​មួយ​ភូមិ​មាន​តែ ៥០​គ្រួសារ​ ៦០​គ្រួសារ​ អ៊ីចឹង​យើង​រៀបចំ​ដល់​ទៅ ១៥០​គ្រួសារ​ទៅ ១៦០​គ្រួសារ»

ទាក់ទិន​ការ​សុំ​បង្កើត​ភូមិ​ថ្មី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​បញ្ជូន​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ស្នើ​សុំ​បង្កើត​ភូមិ​ចំនួន​ជាង ២០​ភូមិ នៅ​តាម​បណ្ដា​ស្រុក​នានា នៅ​ក្នុង​ខេត្ត។ ក្នុង​នោះ​មាន​នៅ​ស្រុក​ម៉ាឡៃ ​ស្រុក​អូរជ្រៅ ​ស្រុក​ថ្មពួក ​ស្រុក​ភ្នំស្រុក ជាដើម​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​ក្រសួង​មហាផ្ទៃ នៅ​ពុំ​ទាន់​ឆ្លើយ​តប​នោះ​ទេ។

លោក អ៊ុក កែវរតនៈ ​មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ ​ថ្លែង​ថា ភាព​យឺតយ៉ាវ​របស់​ក្រសួង​មហាផ្ទៃ ​ដោយសារ​សំណើ​សុំ​បង្កើត​ភូមិ​ទាំង​នោះ ​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ ពុំ​ទាន់​មាន​ ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ៖ «ដោយសារ​តែ​ការ​សិក្សា​ទៅ​វា​មិន​គ្រប់​ប្រជាពលរដ្ឋ ​ផ្ទះ​សំបែង​អត់​គ្រប់​តាម​គម្រោង​ផែនការ​ដែល​គេ​ត្រូវ​បង្កើត ​គាត់​នៅ​ឆ្ងាយៗ ដាច់​ពី​គ្នា អ៊ីចឹង​ទៅ​ការ​បង្កើត​ភូមិ ​ដូច​ថា​ ភូមិ​មួយ​មាន​ប្រជាជន​តិច​ពេក ដូច្នេះ​វា​អត់​គ្រប់​បាន​គេ​ក្រសួង​មហាផ្ទៃ ពិចារណា​រង់ចាំ​សិន​អត់​ទាន់​សម្រេច​ឲ្យ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ដដែល​បន្ត​ថា ​នៅ​តាម​តំបន់​ខ្លះ ប្រជាពលរដ្ឋ​បាន​ដាក់​ឈ្មោះ​ភូមិ​ដោយ​ខ្លួន​ឯង ​ប៉ុន្តែ​ឈ្មោះ​ភូមិ​ដែល​គាត់​ទម្លាប់​ហៅ​នោះ ​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា​ មិន​គ្រប់​ចំនួន​គ្រួសារ។ ខ្លះ​មាន​ចំនួន ​២០ ៣០ ទៅ ៤០​គ្រួសារ មិន​គ្រប់​ចំនួន​មិន​អាច​បង្កើត​​​រចនាសម្ព័ន្ធ​ភូមិ​បាន​ទេ។

លោក អ៊ុក កែវរតនៈ៖ «កន្លង​មក​នៅ​ស្រុក​អូរជ្រៅ មាន​តែ ១៥ ទៅ ២០​គ្រួសារ​ប៉ុណ្ណឹង​ឯង ហើយ​គាត់​ក៏​ដាក់​ឈ្មោះ​ភូមិ​ទៅ ហើយ​មួយ​ទៀត ​នៅ​ខាង​ម៉ាឡៃ ក៏​មាន​ភូមិ​មួយ​ដែរ​ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ យើង​បាន​​ដាក់​បង្រួម​គ្នា​ហើយ ​ភូមិ​មួយ​ដាច់​ដោយ​ឡែក​តែ​ឯង​ ចូល​ដី​ម៉ាឡៃ​ខ្លះ ​ចូល​ដី​ប៉ោយប៉ែត នេះ​ខ្លះ​ទៅ យើង​ក៏​បាន​រួម​បញ្ចូល​ដាក់​ភូមិ​តែ​មួយ​ទៅ​យក​មេភូមិ​ឲ្យ​ទៅ​គ្រប់​គ្រង​ភូមិ​តែ​មួយ​ទៅ ​ឥឡូវ​នៅ​សេស​សល់​ខ្លះ​ដែល​យើង​កំពុង​សិក្សា​ តើ​វា​គ្រប់​ចំនួន​តាម​រចនាសម្ព័ន្ធ​នៃ​ការ​បង្កើត​ភូមិ​បាន​អត់»

បច្ចុប្បន្ន ​អាជ្ញាធរ​ខេត្ត​កំពុង​សិក្សា​រៀបចំ​ថែម​ទៀត ហើយ​រក្សា​ឈ្មោះ​ភូមិ​ដែល​អ្នក​ភូមិ​បង្កើត​ឈ្មោះ​ដោយ​ខ្លួន​ឯង​នោះ ​ប្រើប្រាស់​ជា​ទម្លាប់​ជា​បណ្ដោះអាសន្ន​សិន​ រង់​ចាំ​ការ​សិក្សា​ច្បាស់លាស់ ​ដើម្បី ​រៀបចំ​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ​បង្កើត​ទៅ​ជា​ភូមិ​ស្រប​ច្បាប់។

ខេត្ត​បន្ទាយមានជ័យ ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។ បន្ទាយមានជ័យ ត្រូវ​បាន​កាត់​ផ្ដាច់​ ចេញ​ពី​ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ​១៩៩៧។ លុះ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា ​ឆ្នាំ​១៩៩៨ រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​ថា ជា​ខេត្ត​បន្ទាយមានជ័យ។ ខេត្ត​នេះ​មាន​ស្រុក និង​ក្រុង ចំនួន ៩។ មាន​ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​អូរជ្រៅ ស្រុក​ភ្នំ​ស្រុក ស្រុក​ព្រះនេត្រព្រះ ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។