ប្រជា​កសិករ​នៅ​កំពង់ចាម​បារម្ភ​អំពី​ការ​នាំ​ជ្រូក​ចូល​ពី​វៀតណាម

ការ​នាំ​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់​កំពុង​តែ​សម្លាប់​ជីវភាព​កសិករ​នៅ​កម្ពុជា។
ដោយ គឹម ពៅ
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។
កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។
RFA/LENG MALY

ការ​លួច​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​កំពុង​តែ​វាយ​លុក​ទីផ្សារ​ជ្រូក​រស់ នៅ​ក្នុង​ខេត្ត​កំពង់ចាម​យ៉ាង​ចាស់​ដៃ បើ​ទោះ​បី​ជា​មន្ត្រី​កសិកម្ម​ខេត្ត បាន​បដិសេធ​ថា គ្មាន​ការ​លួច​នាំ​ចូល​ជ្រូក​មក​ពី​វៀតណាម​ក៏​ដោយ។

កសិករ​អ្នក​ចិញ្ចឹម​ជ្រូក ឈ្មោះ ថាន់ វណ្ណា បាន​រៀប​រាប់​ថា អ្នក​ស្រី​បាន​ពង្រីក​កន្លែង​ចិញ្ចឹម​ជ្រូក ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រោយ​ពី​អាជ្ញាធរ​បាន​ប្រកាស​ដាច់​ណាត់ ហាម​ប្រាម​មិន​ឲ្យ​នាំ​ចូល​ជ្រូក​មក​ពី​វៀតណាម ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ស្រី​កំពុង​តែ​បារម្ភ​ខ្លាំង​ណាស់ ពេល​ដែល​ជ្រូក​នាំ​ចូល​មក​ពី​វៀតណាម កំពុង​វាយ​សន្ធាប់​ទីផ្សារ​តំបន់​នោះ ៖ «ធ្វើ​កន្លែង​ថ្មី​រាង​ធំ​បន្តិច ដល់​ឥឡូវ​ធ្វើ​ហើយ​អ៊ីចឹង​ស្រាប់​តែ​ជ្រូក​នាំ​ចូល​ច្រើន​អ៊ីចឹង ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជ្រូក​វា​ច្រើន អ៊ីចឹង​យើង​ចិញ្ចឹម​ជ្រូក​វា​ថោក យើង​កសិករ​ខាត»

ប្រភព​ពី​អ្នក​ចិញ្ចឹម​ជ្រូក​បាន​អះអាង​ថា តម្លៃ​ជ្រូក​រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាម ពី​មុន​មាន​តម្លៃ ៨៥០០​រៀល ក្នុង​មួយ​គីឡូ​ក្រាម បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​តែ ៧០០០​រៀល ទៅ​៧៥០០​រៀល​ប៉ុណ្ណោះ។ តម្លៃ​នេះ កំពុង​តែ​សំយុង​ក្បាល​ចុះ​ក្រោម​ថែម​ទៀត នៅ​ពេល​ដែល​ជ្រូក​កាន់​តែ​សម្បូរ ហើយ​ក្រុម​អ្នក​រក​ស៊ី​កាប់​ជ្រូក ក៏​កាន់​តែ​សប្បាយ​ចិត្ត ក្នុង​ការ​បង្អាប់​តម្លៃ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។

កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត ឈ្មោះ លោក យឿង​ហ៊ាន ថ្លែង​យ៉ាង​ដូច្នេះ ៖ «ឥឡូវ​ចុះ​ទៀត​ហើយ ចុះ​នៅ​សល់ ៧៤ ឬ​៧៥ អី​ហ្នឹង រក​ស៊ី​អ៊ីចឹង ដល់​ជ្រូក​ចុះ​ថោក​បាន​អី​ចំណេញ? ខាត»

ការ​ធ្លាក់​ចុះ​តម្លៃ​ជ្រូក​រស់ នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​កើត​ឡើង​ជិត​មួយ​ខែ​មក​ហើយ ក្រោយ​ពី​មាន​ការ​លួច​នាំ​ចូល​ជ្រូក​ខុស​ច្បាប់​កាន់​តែ​ច្រើន​ឡើង​ៗ ពី​វៀតណាម ចូល​មក​កាន់​ខេត្ត​កំពង់ចាម។

លោក ទឹង វុទ្ធី ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​កំពង់ចាម មាន​ប្រសាសន៍​ថា យ៉ាង​ហោច​ណាស់ មាន​ជ្រូក​រស់​ប្រមាណ ២០០​ក្បាល​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ចូល​មក​កម្ពុជា តាម​ច្រក​ត្រពាំង​ផ្លុង តាម​ម៉ូតូ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ ឬ​ដាក់​ពិន័យ។

ជ្រូក​ខ្លះ​ត្រូវ​គេ​ដឹក​នៅ​ពេល​យប់ ហើយ​បាន​ទុក​រយៈ​ពេល ២-៣​ថ្ងៃ ដើម្បី​ធ្វើ​សំណុំ​បែប​បទ​ក្លែង​បន្លំ​ថា​ជា​ជ្រូក​ចិញ្ចឹម​ក្នុង​ស្រុក ទើប​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ។

លោក ទឹង វុទ្ធី បញ្ជាក់​ទៀត​ថា ជ្រូក​ទាំង​នោះ​មាន​តម្លៃ​ថោក ដោយសារ​តែ​ជា​ជ្រូក​ឈឺ ហើយ​ក្រុម​អ្នក​រក​ស៊ី តែ​អាច​លួច​ដឹក​បាន បើ​ទោះ​បី​ជា​លោក​ទទូច​ឲ្យ​មាន​ការ​បង្ក្រាប​ក៏​ដោយ ៖ «យើង​ពិបាក​ចោទ​គាត់​ដែរ ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​តាម​ការ​ដែល​យើង​សួរ​គាត់​ណឹង គឺ​ជ្រូក​ដែល​យក​មក​នឹង គឺ​គាត់​ត្រូវ​រូវ​គ្នា មួយ​ចំនួន អ៊ីចឹង​បាន​ន័យ​ថា យើង​កំពុង​តែ​សង្ស័យ​ថា ជ្រូក​ដែល​នាំ​មក វា​នាំ​នូវ​ជំងឺ ដែល​ប៉ះ​ពាល់​ដល់​អាជីវករ​របស់​យើង​ផង ហើយ​ការណ៍​ដែល​នាំ​មក​ដោយ​មិន​បាន​ពិនិត្យ​បែប​នេះ គឺ​ថា អាជីវករ​អ្នក​ដែល​កាប់​នោះ នឹង​នំា​ឲ្យ​ប៉ះ​ដល់​អ្នក​បរិភោគ​ទាំង​ស្រុង»

កសិករ អ្នក​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត ឈ្មោះ យាយ រី បន្ថែម​ការ​ចូល​ជ្រូក​ចូល​ពី​វៀតណាម បាន​ធ្វើ​ឡើង​ខ្លាំង នា​ប៉ុន្មាន​សប្ដាហ៍​មុន។ អ្នក​ស្រី​ទាមទារ​ឲ្យ​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ ដើម្បី​ជួយ​យឹត​យោង​ដល់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក ប៉ុន្តែ​អ្នក​ស្រី​ថា គ្មាន​ការ​រវីរវល់​ឡើយ ៖ «ប្រហែល​ជា​កន្លះ​ខែ​មុន ដឹក​យក​មក​ទុក​ទ្រុង​គេ នៅ​មាន​ហ្នឹង រួច​រាយ​ការណ៍​ទៅ​ខេត្ត ទៅ​ពេទ្យ​សត្វ​ដែរ ប៉ុន្តែ​គេ​ថា​ពិបាក​ដែរ កសិករ​សុទ្ធ​តែ​រក​ស៊ី​ខ្ចី​ធនាគារ​យក​មក​រក​ស៊ី រួច​ដល់​ខាត​បង់ ផ្ដល់​នូវ​ជំងឺ​អ៊ីចឹង​ទៅ វា​អត់​មាន​លុយ​សង​ធនាគារ»

ថ្វី​បើ​កសិករ​ចិញ្ចឹម​ជ្រូក​បាន​ត្អូញ​អំពី​រឿង​នេះ ប៉ុន្តែ​មន្ត្រី​កសិកម្ម​ខេត្ត បាន​បដិសេធ​ថា ពុំ​មាន​ការ​នាំ​ចូល​ជ្រូក​ឈឺ​មក​ពី​វៀតណាម ដែល​នាំ​មក​ឆ្លង​ដល់​ជ្រូក​ក្នុង​ស្រុក​នោះ​ឡើយ។

លោក ហេង ប៊ុន​យ៉ិន បាន​ថ្លែង​ទទួល​ស្គាល់​ថា ជ្រូក​ជា​ច្រើន​បាន​ឆ្លង​ជំងឺ គឺ​ជំងឺ​ប៉េស ប៉ុន្តែ​ត្រូវ​បាន​គេ​ព្យាបាល ស្រាក​ស្រាន្ត​ហើយ ហើយ​ក៏​មិន​មែន​បណ្ដាល​មក​ពី​ការ​ចម្លង​ដោយសារ​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ដែរ។ លោក​បញ្ជាក់​ថា គ្មាន​ការ​លួច​នាំ​ចូល​ជ្រូក​ពី​វៀតណាម​នោះ​ទាល់​តែ​សោះ ៖ «ខ្ញុំ​តាម​ជាប់​អា​កិច្ច​ការ​ហ្នឹង ប៉ុន្តែ​អត់​ដែល​ឃើញ​មាន​សោះ។ ខ្ញុំ​តាម ខ្ញុំ​ដាក់​មន្ត្រី​របស់​ខ្ញុំ​នៅ​ក្រែក ៦​នាក់ ដាក់​នៅ​គល់​ស្ពាន​គីហ្សូណា ៦​នាក់ ប៉ុន្តែ​អត់​ឃើញ​មាន​សោះ»

ទោះបី​ជា​មាន​ការ​បញ្ជាក់​ដូច្នេះ​ក្តី លោក ផល្លី តំណាង​សមាគម​ចិញ្ចឹម​ជ្រូក​ម្នាក់​ទៀត អះអាង​ថា លោក​បាន​រួម​គ្នា​ជា​មួយ​ប៉ូលិស ចាប់​ជ្រូក​នាំ​ចូល​មក​ពី​វៀតណាម បាន​មួយ​រថយន្ត កាល​ពី​ខែ​មុន។ ចាប់​ពី​ពេល​នោះ​មក​លែង​មាន​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ទៀត​ហើយ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​តាម​ម៉ូតូ​នៅ​តែ​មាន ៖ «ឡាន​យើង​ទប់​ស្កាត់​បាន​ហើយ ប៉ុន្តែ​នៅ​តែ​ម៉ូតូ។ ខ្ញុំ​ឃើញ​ម្សិល​មិញ ម្សិល​ម៉្ងៃ ត្រឡប់​មក​ពី​កំពង់ចាម នៅ​តែ​មាន​ម៉ូតូ​វា​ធ្វើ​រូប​ភាព វា​ទិញ​ជ្រូក​ប្រជាជន​អ៊ីចឹង ហើយ​តាម​ថ្នាល់​ធម្មតា»

ច្រក​សំខាន់​នៅ​ខេត្ត​កំពង់ចាម ក្នុង​ការ​ដឹក​ជញ្ជូន​ជ្រូក​មក​ពី​វៀតណាម មាន​ច្រក​ត្រពាំង​ផ្លុង និង​ច្រក​តំបែរ នៅ​ក្នុង​ស្រុក​ពញាក្រែក។ ជួន​កាល​ក្រុម​អ្នក​ដឹក​ជ្រូក​ខុស​ច្បាប់​ទាំង​នោះ មិន​ដឹក​ចូល​មក​កំពង់ចាម​ទេ ប៉ុន្តែ​គេ​បាន​គេច​ចូល​ទៅ​កាន់​ខេត្ត​ក្រចេះ។

មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ពញាក្រែក ទេព កុសល្យ វិញ​ទទួល​ស្គាល់​ថា មាន​ការ​ដឹក​តាម​ម៉ូតូ ប៉ុន្តែ​តិច​តួច​បំផុត ៖ «ដែល​គាត់​ក្រីក្រ ហើយ​គាត់​ទៅ​ទិញ​ពី​វៀតណាម​តិច​តួច ហើយ​នាំ​ចេញ​មក ហើយ​មក​លក់​ឲ្យ​ប្រជាជន​ហ្នឹង»

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ក្រសួង​កសិកម្ម​បាន​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់ ដោយ​ទុក​ឲ្យ​មាន​ការ​នាំ​ចូល​ជ្រូក​មក​ពី​ថៃ ចំនួន ៨០០​ក្បាល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​នៅ​ក្នុង​ស្រុក។

ការ​បន្ថយ​ការ​នាំ​ចូល ឬ​ហាម​ប្រាម​ទាំង​ស្រុង ចំពោះ​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម ធ្វើ​ឡើង​ក្រោយ​ពី​កសិករ​ខ្មែរ អ្នក​ចិញ្ចឹម​ជ្រូក​រាប់​ពាន់​នាក់ បាន​ទទួល​ការ​ខាត​បង់ លក់​ជ្រូក​មិន​រួច​ថ្លៃ​ចិញ្ចឹម ដោយសារ​តែ​ការ​នំា​ចូល​នោះ មាន​សភាព​គគ្រឹក​គគ្រេង។

បើ​ទោះ​បី​ជា​តម្លៃ​ជ្រូក​រស់​របស់​កសិករ​ខ្មែរ​ធ្លាក់​ថ្លៃ​ក៏​ដោយ ប៉ុន្តែ​តម្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ មិន​ដែល​ចុះ​ថ្លៃ​ឡើយ គឺ​មាន​តែ​ឡើង​ថ្លៃ​ទៅៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល