ហ៊ុន​សែន​គ្រោង​ចុះសួរសុខ​ទុក្ខ​ទាហាន​​នៅ​តំបន់​ជម្លោះ​ព្រំដែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ធ្វើ​ដំណើរ​ចុះ​សួរ​សុខទុក្ខ​កង​យោធពល​ខេមរ​ភូមិន្ទ​ដែល​កំពុង​បំពេញ​​​បេសកកម្ម​ការពារ​ទឹក​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​មាន​ជម្លោះ​កម្ពុជា​-​ថៃ នៅ​ដើម​ខែ​កុម្ភៈ​នេះ។
ដោយ ដែន អយុធ្យា
2010.01.26
ហ៊ុន សែន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ឱកាស​ចូលរួម​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៤ កញ្ញា ២០០៨។
AFP/Tang Chhin Sothy

លោក ខៀវ កាញារីទ្ធ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ ថា នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​​​ចុះ​ជួប​សួរ​សុខ​ទុក្ខ​កងទ័ព​កំពុង​បំពេញ​បេសកកម្ម​ការពារ​ទឹក​ដី​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​មាន​ជម្លោះ ទោះបី​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ថ្មីម្តង​ទៀត​រវាង​កងទ័ព​ការពារ​ព្រំដែន​​កម្ពុជា​-​ថៃ កាល​ពី​ថ្ងៃទី​២៤ ខែ​មករា នៅ​ចំណុច​ជាំតែ​ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ឆៀង​ខាង​កើត​ប្រាសាទ​ព្រះវិហារ​ប្រមាណ ២០​គីឡូ​ម៉ែត្រ​ក៏​ដោយ។

លោក​បន្តថា វត្តមាន​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​នៅ​ព្រំដែន​ពេល​នេះ​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​កម្ពុជា​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​ឲ្យ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត ដើម្បី​ត​ទល់​នឹង​ការ​ឈ្លានពាន​ពី​ប្រទេស​​​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​កើត​ឡើង។

លោក ខៀវ កាញារីទ្ធ បន្ថែម​ថា ៖ «គាត់​នឹង​អញ្ជើញ​ទៅ​ព្រំដែន​មួយ​រយៈ​នៅ​ដើម​ខែ​កុម្ភៈ ព្រោះ​ឥឡូវ​ស្ថានភាព​មិន​តឹង​តែង​មែន។ គាត់​ទៅ​ចង់​មើល​ស្ថានភាព​ដែល​ប្រជាជន​យើង​ទាំង​អស់​បាន​ចំណាយ​លុយ​ទៅ​កង​ទ័ព​អស់​អី​ចឹង សម្តេច​ចង់​មើល​វិញ​តើ​លទ្ធផល​យ៉ាង​ម៉េច! អ្វី​ដែល​ប្រជាជន​ចំណាយ​ពី ១​រៀល​ដល់​លាន​រៀល​តើ​បាន​អី​ខ្លះ? ទី​២ ចង់​សួរ​អំ​ពី​កងទ័ព​ប្រឈម​មុខ​អ្វី​ខ្លះ?»

នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មករា​នេះ លោក​ឧត្តម​សេនីយ៍​ឯក ជា តារា អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ ដែល​បាន​ដឹក​នាំ​កង​ទ័ព​ល្បាត​តាម​ព្រំដែន​មាន​ប្រសាសន៍​ដោយ​ខ្លី​ថា បច្ចុប្បន្ន​នេះ​កង​ទ័ព​កម្ពុជា​ប្រចាំការ​នៅ​តាម​​​ព្រំដែន​បាន​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​ការពារ​ បូរណភាព​ទឹក​ដី​អធិបតេយ្យ​កម្ពុជា​ដោយ​មិន​ធ្វេស​ប្រហែស​ឡើយ ដោយ​លោក​ឧត្តមសេនីយ៍​បញ្ជាក់​​ថា ៖ «កំពុង​ប្រជុំ​លើ​ភ្នំ»

ទោះ​ជា​បែប​ណា​ក៏​ដោយ​សភាពការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​អាទិត្យ​ត្រូវ​​បាន​លោក ខៀវ កាញារីទ្ធ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ថា ស្ថានការណ៍​គឺ​ស្ថិត​នៅ​ទ្រឹង​ធម្មតា​ដោយ​ពុំ​មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​រវាង​កង​ទ័ព​កម្ពុជា​-​ថៃ ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​សភាព​តានតឹង​នោះ​ទេ។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បន្ថែម​ថា ៖ «មិន​មាន​តឹង​តែង​អី​ទេ ដោយសារ​តែ​ម្សិលម៉្ងៃ​ហ្នឹង​គ្រាន់​តែ​រញ៉េរញ៉ៃ​បន្តិច​ប៉ុណ្ណឹង​ទេ។ យើង​អាច​ទប់​សភាពការណ៍​មិន​ឲ្យ​ដល់​ថ្នាក់​អាសន្ន​ទេ»

គួរ​រំឭក​ថា ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ចាប់ផ្តើម​កើត​មាន​ជាថ្មី​នៅ​ក្រោយ​ពេល​មួយ​សប្តាហ៍​បន្ទាប់​ពី​អង្គការ​យូណេស្កូ​បាន​សម្រេច​ដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​របស់​​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភព​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក (Quebec) ប្រទេស​កាណាដា។ ចាប់​ពី​ពេល​នោះ​មក​ប្រទេស​ថៃ​បាន​បញ្ជូន​កម្លាំង​ទ័ព​មក​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន និង​បាន​ចូល​មក​ឈ្លានពាន​តំបន់​មួយ​ចំនួន​ក្នុង​ទឹក​ដី​កម្ពុជា ជា​ពិសេស​នៅ​បរិវេណ​វត្ត​កែវសិខាគិរីស្វរៈ ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដក​ទ័ព​ចេញ​នៅ​ឡើយ។

ការ​ចូល​មក​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​នៅ​តាម​ព្រំដែន​បាន​បង្ក​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​មាន​ការ​ផ្ទុះ​អាវុធ​ចំនួន​បី​លើក និង​បាន​បណ្តាល​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 25, 2010 08:50 PM

Why don't you go to the east? Based on the donation, it looks like the solidiers have plenty. I hope soooooo. They are not eating soy sauces.

Anonymous
Jan 26, 2010 05:25 PM

Mr Hun Sen is the best prime minister of cambodia. He is a good khmer leader and I am proud of him and grateful.