នាយក​រដ្ឋមន្ត្រី​ខ្មែរ​ថ្កោលទោស​ការ​ធ្វើ​ឲ្យ​ផ្ទុះ​នាវា​កូរ៉េ​ខាង​ត្បូង

លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​នេះ បាន​ចូលរួម​ជាមួយ​និង​មេ​ដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក ថ្កោលទោស​ការ​ធ្វើ​ឲ្យ​ផ្ទុះ​នាវា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មួយ ឈ្មោះ Cheonan ដែល​បាន​ធ្វើ​ឲ្យ​កង​នាវិក​កូរ៉េ​ខាង​ត្បូង​ស្លាប់​អស់ ៤៦​នាក់។
ដោយ ជុន ច័ន្ទបុត្រ
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាវា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈ្មោះ Cheonan ក្នុង​អំឡុង​ពេល​ស្រង់​ចេញ​ពី​សមុទ្រ កាល​ពី​ថ្ងៃ​១២ មេសា ២០១០។
នាវា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈ្មោះ Cheonan ក្នុង​អំឡុង​ពេល​ស្រង់​ចេញ​ពី​សមុទ្រ កាល​ពី​ថ្ងៃ​១២ មេសា ២០១០។
AFP Photo

ការ​ថ្កោលទោស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​និង​អ្នក​ឯកទេស​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង បាន​ធ្វើ​នូវ​សេចក្ដី​សន្និដ្ឋាន​ថា គឺ​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​អ្នក​ធ្វើ​ឲ្យ​កប៉ាល់​ឈ្មោះ Cheonan នោះ ផ្ទុះ​លិច​ដោយសារ​បាញ់​កាំជ្រួច​មុជ​ទឹក​ឈ្មោះ Torpedo។

នៅ​ក្នុង​សារ​លិខិត​មួយ​ផ្ញើ​ជូន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) លោក ហ៊ុន សែន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​បង្ក​ហេតុ​ដែល​នាំ​ឲ្យ​មាន​អ​សន្តិសុខ និង​អស្ថិរភាព ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​នៅ​ឧប​ទ្វីប​កូរ៉េ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​កម្ពុជា មក​ទល់​នឹង​ថ្ងៃ​អាទិត្យ ទី​៣០ ឧសភា នៅ​មិន​ទាន់​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ថ្កោលទោស​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ ទី​៣០ ឧសភា ដែល​ជា​ថ្ងៃ​បញ្ចប់​កិច្ច​ប្រជុំ​រយៈ​ពេល ៣​ថ្ងៃ រវាង​បី​ភាគី គឺ​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ប្រទេស​ចិន​នៅតែ​មិន​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ថ្កោលទោស​ប្រទេស​កូរ៉េ​ខាង​ជើង​ទេ។

នាយក​រដ្ឋមន្ត្រី​ចិន លោក វិន ជាបាវ (Wen Jiabao) មាន​ប្រសាសន៍​ថា ការ​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​កូរ៉េ​ទាំង​២ គឺ​ជា​ការងារ​បន្ទាន់ តែ​លោក​មិន​បាន​ទម្លាក់​កំហុស​ទៅ​លើ​កូរ៉េ​ខាង​ជើង​ឡើយ។ លោក វិន ជាបាវ ក៏​មិន​បាន​បង្ហាញ​សញ្ញាណ​ណា​មួយ​ថា លោក​នឹង​គាំទ្រ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល