នាយករដ្ឋមន្ត្រីខ្មែរថ្កោលទោសការធ្វើឲ្យផ្ទុះនាវាកូរ៉េខាងត្បូង
2010.05.30
ការថ្កោលទោសនេះ បានធ្វើឡើងបន្ទាប់ពីអ្នកជំនាញអន្តរជាតិ រួមជាមួយនិងអ្នកឯកទេសរបស់ប្រទេសកូរ៉េខាងត្បូងផង បានធ្វើនូវសេចក្ដីសន្និដ្ឋានថា គឺប្រទេសកូរ៉េខាងជើងជាអ្នកធ្វើឲ្យកប៉ាល់ឈ្មោះ Cheonan នោះ ផ្ទុះលិចដោយសារបាញ់កាំជ្រួចមុជទឹកឈ្មោះ Torpedo។
នៅក្នុងសារលិខិតមួយផ្ញើជូនប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) លោក ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុដែលនាំឲ្យមានអសន្តិសុខ និងអស្ថិរភាព ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសសម្ព័ន្ធមិត្តរបស់កម្ពុជា មកទល់នឹងថ្ងៃអាទិត្យ ទី៣០ ឧសភា នៅមិនទាន់បង្ហាញជំហររបស់ខ្លួនក្នុងការថ្កោលទោសប្រទេសកូរ៉េខាងជើងនៅឡើយ។
នៅថ្ងៃអាទិត្យ ទី៣០ ឧសភា ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃ រវាងបីភាគី គឺចិន កូរ៉េខាងត្បូង និងជប៉ុន ប្រទេសចិននៅតែមិនបានបង្ហាញជំហររបស់ខ្លួនក្នុងការថ្កោលទោសប្រទេសកូរ៉េខាងជើងទេ។
នាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) មានប្រសាសន៍ថា ការបញ្ចៀសកុំឲ្យមានជម្លោះរវាងប្រទេសកូរ៉េទាំង២ គឺជាការងារបន្ទាន់ តែលោកមិនបានទម្លាក់កំហុសទៅលើកូរ៉េខាងជើងឡើយ។ លោក វិន ជាបាវ ក៏មិនបានបង្ហាញសញ្ញាណណាមួយថា លោកនឹងគាំទ្រក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក្នុងការចាត់វិធានការប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនោះដែរ៕