ហ៊ុន​សែន​ឲ្យ​ដក​សញ្ញា​កង​យោធពល​ខេមរ​ភូមិន្ទ​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រសួង​ការពារ​ជាតិ​ដក​រូប​សញ្ញា​កង​យោធពល​ខេមរ​ភូមិន្ទ​ចេញ​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដោយសារ​ស្ថានីយ​ទូរទស្សន៍​នោះ​បាន​ផ្សព្វផ្សាយ​ចម្រៀង​ច្រើន​ជាង​សកម្មភាព​កង​ទ័ព។
ដោយ សួន សុផលមុន្នី
2010.02.27
ហ៊ុន​សែន ៣០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​អំឡុងពេល​ចុះ​សួរ​សុខទុក្ខ​កង​ទាហាន​នៅ​​​ស្រុក​​រតនៈ​មណ្ឌល ក្នុង​ខែត្រ​បាត់ដំបង នៅ​ថ្ងៃ​២៧ កុម្ភៈ ២០១០។
RFA/Soun Sophalmony

នៅ​ចំពោះ​មុខ​កង​ទ័ព​ជា​ច្រើន​រយ​នាក់ ខណៈ​ដែល​លោក​បាន​ចុះ​សួរ​សុខ​ទុក្ខ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ នៅ​ឃុំ​ផ្លូវមាស ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ ៖ «ដក​សញ្ញា​កង​យោធពល​ខេមរ​ភូមិន្ទ មិន​ចាំ​បាច់ ទុក​តែ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​ហើយ ព្រោះ​ប្រើប្រាស់​សញ្ញា​កង​ទ័ព ប៉ុន្តែ​ទូរទស្សន៍​មួយ​នេះ​មិន​បាន​ផ្សព្វផ្សាយ​ពី​ការងារ​កង​ទ័ព​ច្រើន​ប៉ុន្មាន​ទេ! អ៊ីចឹង​គួរ​តែ​ដក​ចេញ​ដែរ។ ឲ្យ​អ្ហែង​ប្រើ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ចុះ តែ​លុប​ឈ្មោះ​កង​ខេមរ​ភូមិន្ទ​ចោល។ រូបភាព​កង​យោធពល​ខេមរ​ភូមិន្ទ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប៉ុស្តិ៍​លេខ​៥​ប្រើ​ត​ទៅ​ទៀត​ទេ!»

លោក ហ៊ុន សែន បាន​ថ្លែង​រិះគន់​ថា ទូរទស្សន៍​កង​យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ មាន​នាយ​ឧត្តមសេនីយ៍​យោធា​ច្រើន​នាក់​គិត​តែ​ពី​ផ្សាយ​ពី​បទ​ចម្រៀង តែ​មិន​គិតគូរ​ដល់​កង​ទ័ព​ទេ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ឲ្យ​ពាក់​សុទ្ធ​តែ​ផ្កាយ តែ​ផ្កាយ​ហ្នឹង​វា​អត់​កើត វា​អត់​ចេះ​ធ្វើ ហើយ​វា​មិន​មើល​ទៅ​ទៀត ហើយ​បើ​មិន​កើត​ទេ លក់​ភាគ​ហ៊ុន​ឲ្យ​អញ​ទាំង​អស់​មក! ទិញ​យក​ទាំង​អស់​តែម្ដង ដល់​អត់​កែ​អត់​អី​សោះ​អ៊ីចុះ។ សុន្ទរកថា​ទើប​តែ​ឃើញ​ចាក់​ប៉ុន្មាន​នេះ ពី​មុន​មិន​ដែល! ទោះបី​យើង​ទៅ​និយាយ​ជាមួយ​កង​ទ័ព​ក៏​វា​មិន​ដែល​ចាក់​សុន្ទរកថា​រឿង​កង​ទ័ព វា​អត់​តែម្ដង​អា​ហ្នឹង! អ៊ីចឹង​បាន​ថា កុំ​ប្រើ! អាច​ត្រឡប់​ទៅ​វិញ ឯកឧត្តម ទៀ បាញ់ នាំ​គ្នា​ពិនិត្យ​ទៅ!»

លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​កង​យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ទេ។

ចំណែក​លោក ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ក្រសួង​ការពារ​ជាតិ​នឹង​ធ្វើ​ការ។

ទាក់ទិន​នឹង​ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​ឯករាជ​បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​គួរ​សរសេរ​សំណើ​ជា​ផ្លូវការ​មួយ​ទៅ​អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍។

លោក​ស្រី ជា វណ្ណាត បាន​អះអាង​ថា ៖ «ព្រោះ​ថា មិន​អាច​អ្នក​នយោបាយ​ណា ឬ​ក៏​អ្នក​ដឹកនាំ​ណា​ទៅ​បង្គាប់​ឲ្យ​ទូរទស្សន៍​ដូរ​ឈ្មោះ​ដាក់​អ៊ីចេះ ដូរ​ឈ្មោះ​ដាក់​អ៊ីចុះ! បើ​ធ្វើ​ក្នុង​នាម​ជា​ពលរដ្ឋ​ជន សសេរ​សំបុត្រ​ទៅ អា​ហ្នឹង​អត់​អី​ទេ!»

ស្ថានីយ​ទូរទស្សន៍​កង​យោធពល​ខេមរ​ភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ គឺ​ជា​ទូរទស្សន៍​ឯកជន​ដែល​មាន​ភាគហ៊ុន​ជា​មួយ​ក្រុមហ៊ុន​ថៃ ចូល​ជាមួយ​ក្រសួង​ការពារ​ជាតិ ដោយ​មាន​មន្រ្តី​តំណាង​ក្រសួង​ការពារ​ជាតិ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ទូរទស្សន៍​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។