ហ៊ុនសែន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម​ប្រមូល​ដី​សម្បទាន​ដែល​មិន​ប្រើ​ប្រាស់

នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប្រមូល​យក​ដី​សម្បទាន​ពី​អ្នក​វិនិយោគ​ដែល​មិន​ប្រើប្រាស់​ដី​នោះ​មក​ឲ្យ​ក្រុមហ៊ុន Koh Kong Sugar Industry វិញ ​ដែល​កំពុង​ខ្វះ​ដី​ដាំ​អំពៅ។
ដោយ អ៊ុក សាវបូរី
2010-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
AFP/TANG CHHIN SOTHY

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ក្នុង​ថ្ងៃ​សម្ពោធ​រោងចក្រ​ផលិត​ស្ករ​ស នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃ​២៥ ខែ​មករា ឆ្នាំ​២០១០។ លោក​ថា ដី​ដែល​អាច​នឹង​ប្រមូល​យក​នោះ​មាន​នៅ​ក្នុង​ខេត្ត​កំពត កំពង់ស្ពឺ ព្រះសីហនុ​និង​ខេត្ត​កោះកុង ដែល​នៅ​មិន​ឆ្ងាយ​ពី​រោងចក្រ​ផលិត​ស្ករ​អំពៅ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «រោងចក្រ​នេះ​ធំ​កំពុង​ខ្វះ​ដី អ៊ីចឹង​ទេ​ក្បែរៗ​ហ្នឹង បើ​នរណា​មិន​ធ្វើ​អី​ទេ​ដក​ចេញ​ទៅ ដក​រួច​ហើយ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​តែម្ដង​ទៅ ហ្នឹង​ខ្ញុំ​ណែនាំ​ឲ្យ​វា​ស្រួល ព្រោះ​សុំ​ដី​ទុក​វា​មិន​តិច​ទេ។ ផ្ដាំ​ផ្ញើ​ឲ្យ​ហើយ ដក​គ្មាន​ទុក​ទេ រួច​កុំ​យក​អី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យក​មក​ដាក់​មុខ វិបត្តិ​អី​សូម​ពន្យារៗ ពន្យារ​យូរៗ​ទៅ​ជា​អត់​មាន​អ្នក​គ្រប់គ្រង»

ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​ដែល​នៅ​ជុំវិញ​រោងចក្រ​ផលិត​ស្ករ​អំពៅ​នោះ អ្នក​ភូមិ​រស់​នៅ​ស្រុក​ស្រែអំបិល នៃ​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម​ច្រើន​គ្រួសារ​បាន​រង​នូវ​ការ​បាត់​បង់​ដី​ដាំ​ដុះ ឯ​សត្វ​ពាហនៈ​រង​នូវ​ការ​បាញ់​ឲ្យ​របួស​និង​ចាប់​ឲ្យ​យក​ប្រាក់​ទៅ​លោះ​ពី​ឆ្មាំ​ក្រុមហ៊ុន​ដាំ​អំពៅ ព្រោះ​តែ​អ្នក​ស្រុក​លែង​សត្វ​ឲ្យ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​នា​រដូវ​ប្រាំង​ប៉ះពាល់​ដំណាំ​អំពៅ។ អ្នក​ភូមិ​កំពុង​តែ​ស្វែង​រក​កិច្ចអន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ មាន​រដ្ឋ​សភា អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដីធ្លី ក្រសួង​មហាផ្ទៃ​និង​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី​ផង​ដែរ សុំ​យក​ដី​ដែល​ក្រុមហ៊ុន​ដាំ​អំពៅ​ព័ទ្ធ​យក ដោយ​ដី​ពួកគាត់​ច្រើន​ឆ្នាំ​មក​ហើយ​មិន​បាន​ដាំ​ដុះ នាំ​ឲ្យ​មាន​មនុស្ស​កំពុង​ខ្វះ​ស្បៀង។

អ្នក​ភូមិ​ដែល​រស់​នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្រុមហ៊ុន​គេ​ថា គេ​អភិវឌ្ឍ​ឲ្យ​យើង​រីក​ចម្រើន។ ខ្ញុំ​ថា ខ្ញុំ​ទទួល​អត់​បាន​ទេ រីក​ចម្រើន​តែ​ក្រុមហ៊ុន ប្រជាពលរដ្ឋ​យូរ​ទៅ​វា​រួម អត់​មាន​រីក​ចម្រើន​ទេ»

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា នៅ​ពេល​ខាង​មុខ ប្រទេស​កម្ពុជា​នឹង​មិន​នាំ​ចូល​ស្ករ​ស​ទេ ដោយ​រោងចក្រ​ផលិត​ស្ករ​ស​នៅ​ស្រុក​ស្រែអំបិល​នេះ អាច​ផលិត​ស្ករ​ស​បាន​៧​ម៉ឺន​តោន​ ក្នុង​១​ឆ្នាំ​អាច​បម្រើការ​គ្រប់គ្រាន់​ក្នុង​សេចក្តី​ត្រូវ​ការ​ទីផ្សារ​ក្នុង​ប្រទេស។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «ហើយ​បើ​និយាយ​ប្រធាន​បទ​ស្ករ​ស អាហ្នឹង​វា​ទាក់ទង​ទៅ​កសិកម្ម ជាមួយ​នឹង​ទីផ្សារ ជាមួយ​នឹង​ការ​ដាំ​ដុះ​ស្អីៗ​នេះ។ អ៊ីចឹង​យើង​មក​ដល់​ពេល​នេះ អាច​កាត់​បន្ថយ​ការ​នាំ​ចូល​មួយ​ចំនួន។ អនាគត​របស់​ប្រទេស​កម្ពុជា គឺ​ភាព​ច្បាស់​លាស់​របស់​ខ្លួន​នៅ​ត្រង់​ថា ប្រទេស​នេះ​មិន​ត្រឹមតែ​មាន​សមត្ថភាព​នាំ​ចេញ​ស្រូវ​អង្ករ​ទេ តែ​ប្រទេស​នេះ​មាន​សមត្ថភាព​នាំ​ចេញ​នូវ​ស្ករ​ស​ធញ្ញជាតិ​ដទៃ​ទៀត»

លោក​នាយករដ្ឋមន្រ្តី ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​ដែល​គ្មាន​ការងារ​ធ្វើ គួរ​តែ​មក​ធ្វើ​កម្មករ​នៅ​រោងចក្រ​ផលិត​ស្ករ​ស​ដែល​ចម្រាញ់​ពី​ទឹក​អំពៅ​នៅ​ស្រុក​ស្រែអំបិល កំពុង​ខ្វះ​កម្មករ​ពី​១​ពាន់​ទៅ​២​ពាន់​នាក់។ លោក​អំពាវនាវ​នេះ គឺ​បំណង​ឲ្យ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​គួរ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស ចៀស​វាង​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ការ​ចាញ់​បោក៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

It's a good idea to build more and more factories in Cambodia. So Khmer people can have job in our country. They don't have to work in another countrie such as Thailand, Vietnam, or TaiWan.

Jan 27, 2010 02:54 PM

គេហទំព័រ​ទាំងមូល