នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​ការ​ព្យាករ​របស់​ ADB ​និង ​WB

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​២៧ មេសា​នេះ បាន​ប្រតិកម្ម​បដិសេធ​ជា​លើក​ដំបូង​ដោយ​បញ្ជាក់​ថា វា​ជា​ការ​មិន​ពិត​ចំពោះ​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ធនាគារ​ពិភពលោក (WB) ដែល​ព្យាករ​ថា កំណើន​លូត​លាស់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១០​នេះ មាន​ការ​កើន​ឡើង​តិច​តួច។
ដោយ សុខ សេរី
2010-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រឿង​ចក្រ​ដំណើរ​ការ​យ៉ាង​មមាញឹក​នៅ​ឯ​ការដ្ឋាន​សំណង់​អគារ Golden Tower ៤២​ជាន់ នា​កណ្ដាល​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៧ មីនា ២០០៩។
គ្រឿង​ចក្រ​ដំណើរ​ការ​យ៉ាង​មមាញឹក​នៅ​ឯ​ការដ្ឋាន​សំណង់​អគារ Golden Tower ៤២​ជាន់ នា​កណ្ដាល​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៧ មីនា ២០០៩។
RFA/Mean Riddh

ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​ធនាគារ​ពិភពលោក (World Bank) កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ព្យាករ​ថា កំណើន​លូត​លាស់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០១០​នេះ គឺ​មាន​ចំនួន​រវាង​ពី ៤,៥% ឬ ៤,៨%។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​លើក​ទី​១៥ នៅ​ក្នុង​វិមាន​រដ្ឋាភិបាល (CDC) នៅ​ថ្ងៃ​អង្គារ បាន​មាន​ប្រសាសន៍​ថា កំណើន​លូត​លាស់​សេដ្ឋកិច្ច​នៅ​កម្ពុជា គឺ​ខ្ពស់​ជាង​ការ​ព្យាករ​នោះ​គឺ​មាន​ក្នុង​រង្វង់ ៥%។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ «ឥឡូវ​គ្រាន់​តែ​ប៉ុន្មាន​អាទិត្យ​មុន​នេះ ខាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថា ៤,៥% កំណើន ដល់​ធនាគារ​ពិភពលោក​ថា ៤,៨%។ អ៊ីចឹង​បាន​ខ្ញុំ​ផ្ដាំ​ផ្ញើ​មន្ត្រី​ខាង​ខ្ញុំ​ថា កុំ​ជឿ​អស់​លោក​ហ្នឹង​ខ្លាំង​ពេក! ខ្ញុំ​និយាយ​ដោយ​ត្រង់។ ស្ថាប័ន​ធំ​ៗ​ដែល​ជា​អ្នក​សេដ្ឋកិច្ច ដែល​ស៊ី​ប្រាក់​ខែ​រាប់​ម៉ឺន​ដុល្លារ បែរ​ជា​វាយ​តម្លៃ​មិន​ដូច​គ្នា រឿង​តែ​សេដ្ឋកិច្ច​កម្ពុជា​មួយ​គត់! បើ​អ៊ីចឹង​ចំណុច​របស់​ខ្ញុំ​ត្រូវ​បក យក​មក​ដោះស្រាយ​បញ្ហា គឺ​នៅ​ត្រង់​ថា ក្ដាប់​ជីពចរ​សេដ្ឋកិច្ច​ឲ្យ​ជាប់ គឺ​ធានា​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​អត់​អង្ករ​ច្រក​ឆ្នាំង»

លោក​បាន​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​មាន​ដំណើរការ​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​មាន​ស្រូវ​ចំនួន​ជាង ២​លាន​តោន​នៅ​សល់ សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​នៅ​ឆ្នាំ​២០១០​នេះ។

ជាមួយ​គ្នា​នេះ លោក​បាន​ទទួល​ស្គាល់​ថា វិស័យ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ គឺ​វិស័យ​កាត់​ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​សំណង់ ឬ​អចលន​ទ្រព្យ។

មាន​រដ្ឋ​មន្ត្រី​អ្នក​វិនិយោគ​ទុន​ជាតិ និង​បរទេស​នានា មន្ត្រី​តំណាង​ទូត​បរទេស​ក្នុង​ប្រទេស​កម្ពុជា និង​តំណាង​សហគ្រាស​មួយ​ចំនួន សរុប​ទាំង​អស់​ប្រមាណ ៦០០​នាក់​បាន​ចូលរួម​ក្នុង​វេទិកា​នោះ។

តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​ព្យាករ​របស់​ធនាគារ​ទាំង​នោះ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «សញ្ញាណ​ល្អ ប៉ុន្តែ​វា​នឹង​មិន​ជះ​ឥទ្ធិពល ជួយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​របស់​យើង។ យើង​ឃើញ​ថា នៅ​ពេល​ណា​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច គឺ​ប៉ះពាល់​ផ្ទាល់​ដល់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ដែល​ជា​កសិករ និង​កម្មករ ប៉ុន្តែ​បើ​មាន​ការ​កើន​ឡើង​នូវ​សេដ្ឋកិច្ច គឺ​ច្រើន​តែ​បាន​ផល​ទៅ​អ្នក​មាន​អំណាច អ្នក​មាន​ធន​ធាន​ធំ​ៗ»

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ឯករាជ លោក នៅ សីហា នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​របស់​លោក​ស្ដីពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​រក​ឃើញ​ប្រហាក់​ប្រហែល​នឹង​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក​ផង​ដែរ។ លោក​កំពុង​តែ​បូក​សរុប​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ ដើម្បី​ចេញ​ផ្សាយ​ខាង​មុខ។

លោក នៅ សីហា បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​ខ្ញុំ​រំពឹង​ថា វា​ងើប​រាង​លឿន​ជាង​គេ​ហ្នឹង គឺ​វិស័យ​កាត់​ដេរ និង​ទេសចរណ៍។ បើ​សំណង់​ខ្ញុំ​គិត​ថា នៅ​ឆ្នាំ​ក្រោយ​អី!»

សុខ សេរី ៖ លោក​មាន​ប្រសាសន៍​ថា ងើប​បន្តិច​ហើយ គឺ​ងើប​ដោយសារ​អ្វី? នៅ សីហា ៖  វិស័យ​កាត់​ដេរ យើង​មើល​ប្រទេស​អាមេរិក និង​ប្រទេស EU (អឺរ៉ុប)។ តែ​គាត់​ចាប់ផ្ដើម​ឡើង​ហើយ អា​ហ្នឹង​វា​ឡើង​ទៅ​ហើយ។

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល និង​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​រោងចក្រ​កាត់​ដេរ​ចំនួន ១៣៥​រោងចក្រ​ហើយ​បាន​បិទ​ទ្វារ តាំង​ពី​ឆ្នាំ​២០០៦​មក ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​ចប់​កិច្ច​សន្យា​មិន​យក​ពន្ធ​ពី​រដ្ឋាភិបាល​រយៈ​ពេល ៥​ឆ្នាំ និង​មូលហេតុ​ផ្សេង​ៗ​ទៀត​ដែល​ញ៉ាំង​ឲ្យ​កម្មករ​ចំនួន​ជាង ៤​ម៉ឺន​នាក់​បាត់​បង់​ការងារ។

អ្នក​ស្រាវជ្រាវ​ឯករាជ​ស្ដីពី​សេដ្ឋកិច្ច​កម្ពុជា​បាន​ផ្ដល់​ជា​យោបល់​ថា រដ្ឋាភិបាល​កម្ពុជា​គប្បី​ធ្វើ​កិច្ច​មួយ​ចំនួន​ដើម្បី​ទាក់​ទាញ​កំណើន​វិយោគ​ទុន​ពី​បរទេស រាប់​ទាំង​រក្សា​ស្ថានការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង, សម្រួល​ការ​នាំ​ចេញ និង​នាំ​ចូល ឲ្យ​បាន​ស្រួល​ជាង​មុន និង​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​ល្អ​ប្រសើរ ព្រម​ទាំង​លុប​បំបាត់​ចោល​អំពើ​ពុក​រលួយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល