នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា ទេសចរ​អន្តរជាតិ​បាន​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ដោយសារ​តែ​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​និង​សន្តិសុខ​សង្គម។
ដោយ ទីន ហ្សាការីយ៉ា និង ឃឹម សារ៉ង
2010-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៩-មករា-២០១០: ទេសចរ​ដើរ​តាម​ឆ្នេរ​ខ្សាច់នៅ​មាត់​សមុទ្រ​ក្នុង​ក្រុង​កំពង់សោម។
៩-មករា-២០១០: ទេសចរ​ដើរ​តាម​ឆ្នេរ​ខ្សាច់នៅ​មាត់​សមុទ្រ​ក្នុង​ក្រុង​កំពង់សោម។
RFA/An Sophearak

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទេសចរ​អន្តរជាតិ​បាន​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ មាន​២.០២៥.៤៦៤​នាក់ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០០៧ គឺ​កើន​ឡើង​៥,៥% ហើយ​ក្នុង​រយៈ​ពេល​១១​ខែ​ក្នុង​ឆ្នាំ​២០០៩ គឺ​មាន​១.៩២៦.៦១៥​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨ គឺ​កើន​ឡើង​១,៦%។ លោក ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា ការ​កើន​ឡើង​នៃ​ទេសចរ​បរទេស​នេះ បាន​ធ្វើ​ឲ្យ​ចំណូល​ថវិកា​មាន​ការ​កើន​ឡើង​ផង​ដែរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ចំណូល​ពី​វិស័យ​ទេសចរណ៍​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ ដែល​បាន​កើន​ឡើង​ពី ៥៧៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៤ ដល់ ១៥៩៤​លាន​ដុល្លារ​ឆ្នាំ​២០០៨ ផ្ដល់​ការងារ​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់ និង​រួម​ចំណែក​ប្រមាណ​ជាង ១២,៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក»

លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ចំណូល​ពី​វិស័យ​ទេសចរណ៍​គឺ​ជា​ការ​ដាក់​​បញ្ចូល​ភ្លាមៗ​នូវ​រូបិយប័ណ្ណ​បរទេស​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា ដែល​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ហើយ​ចំណូល​នេះ​ជ្រាប​ចូល​គ្រប់​សមាសភាព​ស្ថាប័ន​សេដ្ឋកិច្ច។

ទាក់ទង​នឹង​សំណួរ​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួល​អត្ថ​ប្រយោជន៍​ផ្ទាល់​ពី​ចំណូល​នៃ​វិស័យ​ទេសចរណ៍​នេះ​ប៉ុណ្ណា​ដែរ លោក សុន ឆ័យ អ្នក​តំណាង​រាស្ត្រ​ពី​គណបក្ស​សមរង្ស៊ី បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ការ​ចាយវាយ​របស់​ទេសចរ​បរទេស គឺ​បាន​ទៅ​លើ​អ្នក​វិនិយោគ​បរទេស​ដែល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ហ្នឹង​គឺ​ភាគ​ច្រើន​នៅ​ក្នុង​កណ្ដាប់​ដៃ​បរទេស។ ឧទាហរណ៍ ការ​ប្រើប្រាស់​យន្តហោះ ខ្មែរ​យើង​មិន​មាន​យន្តហោះ​ដើម្បី​ដឹក​ភ្ញៀវ​ទេ គឺ​យន្តហោះ​បរទេស​ជា​អ្នក​នាំ​មក ហើយ​ភាគ​ច្រើន​គឺ​គេ​ស្នាក់នៅ​អូតែល​បរទេស ជា​ពិសេស​តំបន់​អង្គរ​នេះ ច្រើន​មាន​អូតែល​កូរ៉េ ថៃ អូតែល​របស់​បារាំង ឬ​ក៏​អូតែល​របស់​យៀកណាម​ជាដើម ហើយ​បើ​យើង​ចូល​មើល​ប្រាសាទ​អង្គរ គឺ​ក្រុមហ៊ុន​ឯកជន សុខា អូតែល របស់​លោក​ឧកញ៉ា សុខ គង់ ក្រុមហ៊ុន​សាខា​របស់​សូគីម៉ិច ដែល​ជា​អ្នក​ប្រមូល​លុយ​ពី​ប្រាសាទ​អង្គរ​ហ្នឹង»

ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ក្រុងត្រា​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខា​អូតែល ជា​អ្នក​ប្រមូល​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត។ តាម​ការ​ស្រាវជ្រាវ អ្នក​តំណាង​រាស្ត្រ សុន ឆ័យ បាន​អះអាង​ថា ក្រុមហ៊ុន សុខា​អូតែល ប្រមូល​បាន​បា្រក់​ពី​ការ​ទិញ​សំបុត្រ​ប្រមាណ ៧០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្រុមហ៊ុន​នេះ​បាន​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តែ​ប្រមាណ ២៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «តាម​តួលេខ​ដែល​យើង​សិក្សា អាច​ប្រមូល​លុយ​ពី​ប្រាសាទ​ហ្នឹង​ប្រហែល​ជា ៧០​លាន​(ដុល្លារ) ប៉ុន្តែ​ក្នុង​តួលេខ​ដែល​ក្រុមហ៊ុន​នេះ​ទើប​តែ​បង់​ឲ្យ​រដ្ឋ​ហ្នឹង​ឡើង​បាន​ប្រហែល​ជា ២៥​លាន​ទេ ចុង​ក្រោយ​នេះ។ ដូច្នេះ​យើង​ឃើញ​ថា មាន​ការ​បំបាត់​ជា​ច្រើន»

អ្នក​តំណាង​រាស្ត្រ សុន ឆ័យ បាន​បន្ត​ទៀត​ថា គេ​មិន​ដឹង​ទេ​ថា តើ​ប្រាក់​ដែល​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ប្រមាណ ៤៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៀត​នោះ អាច​ធ្លាក់​ទៅ​ក្នុង​ការ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រវាង​មន្ត្រី​រដ្ឋាភិបាល​ដែល​ទទួល​ខុស​ត្រូវ​ជាមួយ​ក្រុមហ៊ុន សុខា​អូតែល​នោះ​ឬ​ទេ។

លោក សុន ឆ័យ បាន​អះអាង​ថា ៖ «អា​ហ្នឹង​គេ​យក ដោយសារ​តែ​ទី​១ គឺ​របៀប​នៃ​ការ​កត់ត្រា​នូវ​ចំនួន​សំបុត្រ​ដែល​គេ​លក់​ឲ្យ​ទេសចរ​ហ្នឹង​គឺ​គ្មាន​ការ​ត្រួត​ពិនិត្យ ហើយ​ទី​២ កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋាភិបាល​ហ្នឹង គឺ​ផ្ដល់​សិទ្ធិ​ឲ្យ​គេ​យក​ចំណេញ​ច្រើន ម៉្លោះ​ហើយ​គេ​អាច​បន្លំ។ ទី​២ គឺ​ថា កិច្ច​សន្យា​យើង​អត់​មាន​ធានា​អំពី​ផល​ឲ្យ​មក​រដ្ឋ​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ។ អាជ្ញាធរ​អប្សរា​នេះ​គឺ​ត្រូវ​បាន​ចំណែក​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ទេ ហើយ​អាជ្ញាធរ​អប្សរា​នេះ​ជា​អាជ្ញាធរ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ឯកឧត្ដម សុខ អាន តែម្ដង។ យើង​យល់​ថា វា​ប្រហែល​ជា​អាច​ត្រូវរ៉ូវ​ដោយ​ប្រភេទ​ណា​មួយ ហើយ​យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត»

លោក សុន ឆ័យ បាន​បន្ថែម​ថា ដើម្បី​ឲ្យ​មាន​តម្លាភាព​អំពី​ចំនួន​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​វត្ត និង​ការ​ចាត់ចែង​ថវិកា​នេះ លោក​បាន​សើ្នសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​មួយ​ស៊ើប​អង្កេត​បញ្ហា​នេះ ប៉ុន្តែ​សំណើ​របស់​លោក​ពុំ​បាន​ទទួល​ស្វាគមន៍​ឡើយ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Tourists increase but money go to pocket. Poor is still poor

Jan 26, 2010 07:14 PM

គេហទំព័រ​ទាំងមូល