នាយក​រដ្ឋមន្ត្រី​ព្រមាន​ស្ថានីយ​ទូរទស្សន៍​ពី​ការផ្សាយ​រឿង​ទាក់​ទង​ព្រះពុទ្ធ​សាសនា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៨ កុម្ភៈ បាន​ព្រមាន​ចំពោះ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ថា មុន​នឹង​បញ្ចាំង​ផ្សាយ​រឿង​ដែល​ទាក់​ទង​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា​ត្រូវ​មាន​ការត្រួត​ពិនិត្យ​ពី​ក្រសួង​ធម្មការ​និង​ព្រះ​សង្ឃ​នាយក​ជា​មុន​សិន។
ដោយ មណ្ឌលកែវ
2009-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​និស្សិត​នៅ​ក្នុង​ពិធី​ផ្ដល់​អាហារូបករណ៍ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០០៨។
AFP Photo

មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ពិធី​បុណ្យ​បញ្ចុះ​សីមា​វត្ត​សន្សំកុសល​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​បាន​លើក​យក​ឈុត​ឆាក​ខ្លះ​ក្នុង​រឿង​ល្ខោន​អូប៉េរ៉ា ទី​ដំរី​យំ មក​ជា​ឧទាហរណ៍ លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ជា​ការប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះ​សង្ឃ អារម្មណ៍​គោរព​បូជា​នៃ​ពុទ្ធសាសនិកជន​ខ្មែរ និង​ធ្វើ​ឲ្យ​ស្រអាប់​ពណ៌​ដល់​ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «បណ្ដា​ក្រុមហ៊ុន​ទូរទស្សន៍​ទាំងអស់​សូម​មេត្តា​ផង បើ​ឃើញ​ថា​រឿង​ហ្នឹង​ពាក់ព័ន្ធ​ទៅ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា រឿង​ហ្នឹង​យក​ទៅ​ឆ្លង​ក្រសួង​ធម្មការ ហើយ​ក្រសួង​ធម្មការ​យក​ទៅ​ស្នើសុំ​ឲ្យ​មាន​ការត្រួត​ពិនិត្យ​ពី​សង្ឃ​នាយក​សិន គ្រប់​ក្រុមហ៊ុន​ទូរទស្សន៍​ទាំងអស់ ទាំង​រដ្ឋ​ទាំង​ផ្នែក​ឯកជន»

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ផងដែរ​ថា អ្នក​និពន្ធ​រឿង​គ្រប់​ប្រភេទ​ដែល​បទនិពន្ធ​មាន​ទាក់ទង​ដល់​វិស័យ​ពុទ្ធ​សាសនា​ក៏​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិនិត្យ​ឬ​ការអនុញ្ញាត​ពី​ក្រសួង​ធម្មការ​និង​ពី​ព្រះ​សង្ឃ​នាយក​ផងដែរ​ទើប​អាច​បោះពុម្ព​ផលិត​ជា​ខ្សែ​ភាពយន្ត​ឬ​សម្ដែង​បាន។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ហើយ​សូម​យក​ឱកាស​នេះ​អំពាវនាវ​ចំពោះ​អ្នក​និពន្ធ មិន​ថា​ទម្រង់​និពន្ធ​នោះ​បែប​ណា ជា​ល្ខោន ជា​របៀប​អូប៉េរ៉ា ឬ​ល្ខោន​បាសាក់ ឬ​ក៏​ភាពយន្ត ដែល​ទាក់​ទង​ទៅ​នឹង​វិស័យ​ព្រះពុទ្ធ​សាសនា​ដែល​មាន​តួអង្គ​ជា​ព្រះសង្ឃ ត្រូវ​ទទួល​ការអនុញ្ញាត​ពី​សង្ឃ​នាយក​និង​ក្រសួង​ធម្មការ​ជា​មុន​សិន»

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការត្រួត​ពិនិត្យ​មុន​ការចេញ​ផ្សាយ​គឺ​ជា​ការរំលោភ​លើ​មាត្រា​នៃ​ច្បាប់​ហើយ​និង​ឆ្លុះ​បញ្ចាំង​ពី​ការខ្វះ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ។

លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ថា​យើង​គួរតែ​មាន​ការអនុញ្ញាត​ដោយ​សេរី​នេះ យើង​មិន​គួរ​រឹត​ត្បិត​ទេ ហើយ​ការអនុវត្ត​នេះ គឺ​បណ្ដាល​ឲ្យ​មាន​ការភ័យ សូម្បី​តែ​នៅ​ក្នុង​វិស័យ​សាសនា ដែល​ជា​វិស័យ​មួយ​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​យើង»

គួរ​បញ្ជាក់​ថា ល្ខោន​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ​ត្រូវ​បាន​យក​មក​សម្ដែង​កាលពី​ចុង​ខែ​វិច្ឆិកា​រហូត​ដល់​សប្តាហ៍​ទី​១ នៃ​ដើម​ខែ​ធ្នូ ឆ្នាំ​២០០៨​កន្លង​ទៅ​ហើយ បន្ទាប់​មក​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​ជា​សាធារណៈ​នៅ​ទូរទស្សន៍ CTN។

ក្រោយ​ពី​ការបញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ សម្តេច​សង្ឃ​នាយក​បាន​ប្រតិកម្ម​ចំពោះ​ឈុត​ឆាក​ខ្លះ​នៃ​រឿង​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល