នាយករដ្ឋមន្ត្រីបញ្ជាឲ្យបញ្ឈប់ផែនការប្ដឹង ជា មុនី
2009.08.30
ក្នុងកិច្ចសម្ភាសន៍ខ្លីតាមទូរស័ព្ទជាមួយនឹងលោក ខៀវ កាញារីទ្ធ មន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាល នៅថៃ្ងសៅរ៍ ទី២៩ ខែសីហា លោកបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាកាលពីថៃ្ងសុក្រកន្លងទៅថ្មីៗនេះ មិនឲ្យមន្រ្តីរដ្ឋាភិបាលនានានិងមេធាវីរបស់រដ្ឋាភិបាលផងដែរនោះ ប្តឹងលោក ជា មុន្នី ទេ។
លោកបានបញ្ជាក់ថា មូលហេតុជុំវិញការហាមឃាត់នោះដោយសារតែលោកនាយករដ្ឋមន្រ្តីបានយល់ថា ការចោទប្រកាន់របស់លោក ជា មុនី នោះ បានផុសចេញពីអារម្មណ៍ក្តុកក្តួលនិងកំហឹងនៃការបាត់បង់បងប្រុសជាទីស្រឡាញ់របស់ខ្លួន។ បញ្ហាសំខាន់គឺមិនមែនប្តឹងទេ គឺសែ្វងរកឃាតករពិតនៃឃាតកម្មនោះ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ ជាមន្ត្រីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទ បានមានប្រសាសន៍ថា ក្រសួងនឹងអនុវត្តតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះបញ្ហានេះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានមានប្រសាសន៍ប្រតិកម្មជាមួយនឹងការស្វាគមន៍ថា ៖ «អ្វីដែលសម្ដេចលើកឡើងអំពីការបញ្ជាឲ្យមន្ត្រីទាំងឡាយបោះបង់ចោលការប្ដឹងផ្ដល់មកលើខ្ញុំ ហើយសុំឲ្យស្វែងរកឃាតករជូនលោក ជា វិជ្ជា រូបខ្ញុំ ក៏ដូចជាបងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារ គឺយើងខ្ញុំសប្បាយរីករាយណាស់ ព្រោះខ្ញុំចង់បានយុត្តិធម៌មួយ ដូច្នេះខ្ញុំស្វាគមន៍ជានិច្ច។ ជាទូទៅខ្ញុំបានឈឺចាប់ចំពោះឃាតកម្មរបស់លោក ជា វិជ្ជា អស់រយៈពេល៦ឆ្នាំហើយ»។
សូមជម្រាបថា លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់សពលោក ជា វិជ្ជា នោះ បានមានប្រសាសន៍ដោយផ្ទុះចេញជាកំហឹង ដោយសម្ដីខ្លាំងៗនៅក្នុងសវនាការសាលាឧទ្ធរណ៍ កាលពីថៃ្ងទី១៧ ខែសីហា ចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាជាអ្នករៀបចំផែនការសម្លាប់លោក ជា វិជ្ជា ជាបងប្រុសរបស់លោក នៅគ្រាដែលលោកបានបដិសេធថា លោក ប៊ន សំណាង និងលោក សុខ សំអឿន មិនមែនជាឃាតករពិតទេ។
ក្រោយមកក្រសួងមហាផៃ្ទនិងរដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា គេមានផែនការប្តឹង លោក ជា មុនី ក្រោមបទបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត ដោយយកវេទិកានៃតុលាការសាលាឧទ្ធរណ៍នោះសម្រាប់ឃោសនានិងញុះញង់។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់គុកម្នាក់ៗ២០ឆ្នាំ កាលពីខែសីហា ឆ្នាំ២០០៥កន្លងទៅ ក្រោមបទចោទថាបានបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកម្ពុជា កាលពីថៃ្ងទី២២ ខែមករា ឆ្នាំ២០០៤កន្លងទៅ។
តុលាការសាលាឧទ្ធរណ៍កាលពីថៃ្ងទី១៧ ខែសីហាកន្លងទៅនេះ បានបង្គាប់ឲ្យលោក ប៊ន សំណាង និងលោក សុខ សំអឿន នោះ ស្ថិតក្រៅឃុំជាបន្តទៀត ហើយបានបង្គាប់ឲ្យមានការបើកកិច្ចស៊ើបអង្កេតជាបន្ថែមចំពោះការខ្វះចន្លោះប្រហោងកន្លងមក៕