នាយករដ្ឋមន្ត្រីបញ្ជាឲ្យបិទហាងលក់គោដុតណាមិនគោរពការណែនាំ
2012.02.28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការអំពី «ចលនាប្រលងប្រណាំងទីក្រុងស្អាត» នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃច័ន្ទ ២៧ កុម្ភៈ បានប្រកាសអោយបញ្ឈប់ការធ្វើអាជីវកម្មទៅលើសត្វបែបនេះ។
លោក ហ៊ុន សែន៖ «បើមិនដាក់អ៊ីចឹងគេថាលក់មិនដាច់។ ឥឡូវដើម្បីឆ្លើយតបទៅនឹងការបិណ្ឌបាត្ររបស់ព្រះសង្ឃ ខ្ញុំសូមអំពាវនាវឲ្យគ្រប់ភោជនីយដ្ឋានដែលធ្លាប់ដុតគោយកមកដាក់អ៊ីចឹង វាឃើញទិដ្ឋភាពសាហាវឃោរឃៅពេក! របៀបដូចជានៅទីផ្សារមួយចំនួន គេយកស្វាមកទាំងរស់ ហើយចោះក្បាលនោះ កោតតែស៊ីកើត! សូមឲ្យយកចិត្តទុកដាក់គ្រប់ទីកន្លែងទាំងអស់។ រឿងនេះជាបែបហិង្សាមួយមិនត្រូវនឹងធម៌ព្រះពុទ្ធទេ។ យើងដាក់ទៅស្លាក "គោដុតឆ្ងុយឆ្ងាញ់" កុំយកគោទៅដាក់នៅហ្នឹង...»។
លោកនាយករដ្ឋមន្ត្រីបានប្រកាសបង្គាប់អោយមន្ត្រីអនុវត្តច្បាប់ចាត់វិធានការអោយបានម៉ឺងម៉ាត់៖ «អ៊ីចឹងត្រូវតាមដានត្រួតពិនិត្យអាហ្នឹងផង ដើម្បីចៀសវាងនូវការដែលយើងបានដាក់ចេញ ព្រះសង្ឃបិណ្ឌបាត្រ រាជរដ្ឋាភិបាលបានឯកភាពហើយបែរជាមិនអនុវត្ត។ ហើយបើសិនជាភោជនីយដ្ឋានណាដែលគាត់មិនធ្វើតាម បិទភោជនីយដ្ឋានហ្នឹងចោលទៅ...។ កន្លងទៅខ្ញុំដឹងថានៅមាននៅឡើយទេ»។
កន្លងមកបញ្ហាមួយចំនួនដែលបានកើតឡើង គេសង្កេតឃើញថា មន្ត្រីដែលមានតួនាទីអនុវត្តច្បាប់មិនបានចាត់ការតាមផ្លូវច្បាប់ទេ ប៉ុន្តែរង់ចាំរហូតដល់មានបញ្ជាប្រកាសផ្ទាល់មាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបមានការអនុវត្ត។ ឧទាហរណ៍ដូចជាបញ្ហាកុងត្រូលជជុះ និងពេលថ្មីៗនេះ ការចាប់ខ្លួនសន្តិសុខការពារក្រុមហ៊ុនធីធីវ៉ាយ (TTY) ពីរនាក់ ដែលបានបាញ់ពលរដ្ឋ ៤នាក់ ឲ្យរងរបួសធ្ងន់នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាដើម។
ក្រុមអ្នកសង្កេតការណ៍និយាយថា ដើម្បីអោយការអនុវត្តច្បាប់នៅកម្ពុជា មានប្រសិទ្ធភាព និងនិរន្តរភាពយូរអង្វែងនោះ មន្ត្រីអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ត្រូវតែអនុវត្តច្បាប់នៅពេលណាមានបទល្មើសកើតឡើង ដោយមិនត្រូវរង់ចាំតែបទបញ្ជាពីឥស្សរជន ឬបុគ្គលណាមួយនោះទេ ដោយសារថា ឥស្សរជន ឬមន្ត្រីរូបណាមួយនោះ គឺជាមនុស្សដែលអាចប្រែប្រួលទៅតាមកាលៈទេសៈ និងមនោសញ្ចេតនា រីឯច្បាប់វិញមិនប្រែប្រួលទេ។ ដូច្នេះការអនុវត្តច្បាប់ល្អនាំអោយមានការពង្រឹងនីតិរដ្ឋ ឬការយកច្បាប់ជាធំដែលនាំអោយមានស្ថិរភាពសង្គមដែលផ្ទុយទៅនឹងការយកបុគ្គលជាធំ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។