ហ៊ុន សែន៖ ហេតុការណ៍​ផ្អើល​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​គឺ​ជា​កំហុស​រួម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា សោកនាដកម្ម​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ស្ពាន​កោះ​​ពេជ្រ​ នៅ​ថ្ងៃ​បុណ្យ​អុំ​ទូក​កន្លង​មក​នេះ គឺ​ជា​កំហុស​រួម ពោល​គឺ​កំហុស​ទាំង​អ្នក​ចូល​រួម និង​កំហុស​របស់​រដ្ឋាភិបាល​ផង​ដែរ។
ដោយ វោហារ ជាតិ
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
RFA

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មួយ​ក្នុង​ក្រសួង​សង្គមកិច្ច យុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ៖ «ក្នុង​ក្របខ័ណ្ឌ​នយោបាយ ខ្ញុំ​ត្រូវ​តែ​ហ៊ាន​និយាយ​អំពី​ចំណុច​ខ្វះ​ខាត​ទៅ​លើ​វិស័យ​នយោបាយ ដែល​ទាក់ទង​ក្របខ័ណ្ឌ​រួម ជា​ក្របខ័ណ្ឌ​ម៉ាក្រូ​តែម្ដង។ កំហុស​ធំ​បំផុត​របស់​យើង​ នោះ​គឺ​ការ​វាយ​តម្លៃ​សភាពការណ៍​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ មើល​ស្រាល​សភាពការណ៍ នឹក​ស្មាន​មិន​ដល់​ ព្រម​ទាំង​មាន​ការ​ធ្វេសប្រហែស នេះ​ជា​ចំណុច​រួម​ដែល​នាំ​ទៅ​ដល់​សភាពការណ៍​បែប​នេះ។ យើង​មើល​ស្រាល​សភាពការណ៍​ថា វា​នឹង​មិន​កើត​ឡើង​រឿង​នេះ​ទេ»

សេចក្តី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ជា​ការ​ដោះសា​យក​រួច​ខ្លួន ហើយ​បាន​បញ្ជាក់​ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដូច​មុន​ដដែល។

លោក យឹម សុវណ្ណ មន្ត្រី​បក្ស សម រង្ស៊ី បញ្ជាក់ ៖ «មិន​អាច​បញ្ចប់​ទៅ​ដោយ​គ្មាន​ន័យ​បាន​ទេ។ យើង​ត្រូវ​តែ​បន្ត​ការ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ សុំ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ ហើយ​គឺ​មន្ត្រី​ទទួល​ខុស​ត្រូវ ត្រូវ​តែ​លា​ចេញ​ពី​តំណែង។ យើង​នឹង​អញ្ជើញ​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋ​សភា»

មនុស្ស​ចំនួន ៣៥១​នាក់ និង​របួស ៣៩៥​នាក់ ក្នុង​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ចំនួន​នេះ​ខុស​ពី​ចំនួន​ដែល​រដ្ឋាភិបាល​​បាន​ប្រកាស​លើក​មុន ដែល​មាន​អ្នក​របួស និង​អ្នក​ស្លាប់​ជិត ១.០០០​នាក់។ ប្រឆាំង​ទាមទារ​ឲ្យ​រក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្ដី​ស្លាប់​យ៉ាង​រន្ធត់​នោះ។

ខណៈ​ដែល​គណៈកម្មាធិការ​ស៊ើប​អង្កេត​កំពុង​បន្ត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​​​ថា មិន​មាន​ការ​ដក​តំណែង​មន្ត្រី​ណា​ម្នាក់​ក្នុង​រឿង​នេះ​ទេ ៖ «គេ​ថា យើង​អសមត្ថភាព គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​សុំ​សួរ​ទៀត​ថា ចុះ​បើ​អសមត្ថភាព​ហើយ​ម៉េច​មិន​លាលែង? ខ្ញុំ​សួរ​បញ្ជាក់​ទៅ​វិញ​ថា តើ​ប្រធានាធិបតី ប៊ូស បាន​លាលែង​ពី​តំណែង​ទេ? ព្រោះ​អ្នក​ដែល​បាន​លើក​ឡើង​ហ្នឹង​ច្រើន​តែ​ប៉្រូ​អាមេរិកាំង។ ព្រឹត្តិការណ៍​នៅ​អាមេរិក​អាច​ទប់​ស្កាត់​បាន ព្រោះ​គេ​បាន​ព្រមាន​រួច​ហើយ​ថា នឹង​មាន​ភេរវកម្ម។ នៅ​ពេល​ដែល​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក តើ​ចៅហ្វាយ​ក្រុង​ញូវយ៉ក (New York) លា​លែង​ទេ? តើ​ប្រធានាធិបតី ប៊ូស (George W. Bush) លាលែង? តើ​ដូណាលដ៍ រ៉ាំស្វែលដ៍ (Donald Rumsfeld) រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​អាមេរិក​លាលែង​ទេ?»

លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ​នោះ គ្រួសារ​សព​នីមួយ​ៗ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១២.០០០​ដុល្លារ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Yes, we have money to pay for their life, so no need to conduct a transparant investigation for the real in charge persons!

Nov 30, 2010 03:18 AM

គេហទំព័រ​ទាំងមូល