ក្រសួង​បោះ​ពុម្ព​សៀវភៅ​ស្ដីពី​​​នយោបាយ​ឈ្នះៗ​របស់​លោក ហ៊ុន សែន

ក្រសួង​ការពារ​ជាតិ​មាន​ផែនការ​បោះ​ពុម្ព​សៀវភៅ​ស្ដីពី​នយោបាយ​ឈ្នះៗ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​លើក​ទី​២ ចំនួន​ជាង ២០.០០០​ក្បាល ដើម្បី​ចែក​ជូន​គ្រឹះស្ថាន​សិក្សា និង​បណ្ណាល័យ​នានា​នៅ​កម្ពុជា​ដោយ​មិន​យក​កម្រៃ។

0:00 / 0:00

នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ មាន​ផែនការ​ប្រែ​សម្រួល​សៀវភៅ​នេះ​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​ចែក​ជូន​ដល់​ស្ថានទូត​បរទេស​នានា​នៅ​កម្ពុជា និង​នៅ​បរទេស។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ចេញ​ផ្សាយ​លើក​ដំបូង​នូវ​សៀវភៅ​ចំនួន​ជាង ៥.០០០​ក្បាល ស្ដីពី​នយោបាយ​ឈ្នះៗ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ជាង ៣​ទសវត្ស​នៅ​កម្ពុជា។

សៀវភៅ​នេះ​គឺ​មាន​កម្រាស់​ចំនួន ៥០០​ទំព័រ ជា​ភាសា​ខ្មែរ និពន្ធ​ដោយ​ប្រធាន​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍ឯក ណឹម សុវត្ថិ តាំង​ពី​ឆ្នាំ ២០០៣​មក ក្រោម​មូលនិធិ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក​បាន​ចែក​សៀវភៅ​នេះ​ដល់​ដៃ​អ្នក​កាសែត​មុន​គេ​ដោយ​មិន​យក​កម្រៃ។

ប្រធាន​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក ណឹម សុវត្ថិ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា សៀវភៅ​នេះ​លាតត្រដាង​អំពី​យុទ្ធសាស្ត្រ​ដ៏​ប៉ិនប្រសព្វ និង​គំនិត​ស៊ី​ជម្រៅ​ក្នុង​បញ្ចប់​សង្គ្រាម​ស៊ីវិល​របស់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​នៅ​កម្ពុជា៖ «ទិដ្ឋភាព​ដែល​បាន​បង្ហាញ​នៅ​ក្នុង​នេះ គ្រាន់​ជា​កម្រិត​មួយ កម្រិត​ចំហ​មួយ​ដែល​វិភាគ​ជូន ហើយ​នៅ​ជម្រៅ​នៃ​ការ​អនុវត្ត គឺ​ជ្រៅ​មែន​ទែន»

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា សៀវភៅ​នេះ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ទៀត៖ «អាច​រំលឹក​នូវ​ទំនាស់​រវាង​កម្ពុជា ជាមួយ​វៀតណាម និង​ឡាវ​ផង ជម្លោះ​នឹង​ប្រទេស​អាស៊ាន នៅ​ពេល​ដែល​មាន​ចម្បាំង គឺ​ពី​ឆ្នាំ​១៩៧៩ ទៅ​ដល់​ឆ្នាំ​១៩៩១»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ​ខេមរៈ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ហើយ៖ «និយាយ​ពី​ការ​ផ្ដួល​រំលំ​រចនាសម្ព័ន្ធ​របស់​ខ្មែរក្រហម យើង​ទទួល​បាន​ជោគជ័យ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ទាក់ទង​ទៅ​លើ​បញ្ហា​ដោះស្រាយ​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​កម្ពុជា យើង​នៅ​មាន​ច្រើន​សេសសល់។ ទី​១ បញ្ហា​ទំនាស់​ដីធ្លី នៅ​តែ​ជា​ជំងឺ​ដ៏​ក្ដៅ​គគុក មិន​រក​ដំណោះស្រាយ​បាន​ជោគជ័យ​ទេ»

នយោបាយ​ឈ្នះៗ​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​របស់​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​នោះ ត្រូវ​បាន​ផ្ដួចផ្ដើម​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៩០ មក ដោយសារ​តែ​សង្គ្រាម​ស៊ីវិល​នៅ​តែ​បន្ត ក្រោយ​ពី​ការ​បោះ​ឆ្នោត​សកល​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អ៊ុនតាក់ ប៉ុន្តែ​មិន​បាន​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា។

ចំណែក​ឯ​អ្នក​អនុវត្ត​នយោបាយ​នេះ គឺ​មាន​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ដូចជា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ លោក ប៉ុល សារឿន លោក ព្រាប តាន់ និង​បញ្ជាការ​យោធា​មួយ​ចំនួន​ទៀត។

នយោបាយ​នេះ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ខេត្ត​ប៉ៃលិន នៅ​ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​អន្លង់វែង នៅ​ឆ្នាំ​១៩៩៤ និង​ឆ្នាំ​១៩៩៦ កន្លង​មក រហូត​ដល់​ភ្លើង​សង្គ្រាម​បាន​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៩ ក្រោយ​ពី​មាន​ធ្វើ​សមាហរណកម្ម​នៃ​កងទ័ព​ខ្មែរ​ក្រហម ជាមួយ​កងទ័ព​រដ្ឋាភិបាល ប្រកប​ដោយ​ជោគជ័យ៕