ពលរដ្ឋ៖ ការ​ផាក​ពិន័យ​របស់​នគរបាល​ចរាចរណ៍​គឺ​ដើម្បី​តែ​ប្រាក់

មន្ត្រី​នគរបាល​ដែល​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​តាម​ដង​វិថី និង​តាម​គោល​ដៅ​ភ្លើង​ស្តុប ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ពល​រដ្ឋ​ចោទ​ថា មន្ត្រី​ទាំង​នោះ​មិន​បាន​ផ្ដល់​ការ​អប់រំ​ឲ្យ​ពល​រដ្ឋ​យល់​ដឹង​ពី​ច្បាប់​ ចរាចរណ៍​នោះ​ទេ។
ដោយ ដែន អយុធ្យា
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ដែន អយុធ្យា អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី​សម្ភាស​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ២០១០
លោក ដែន អយុធ្យា អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី​សម្ភាស​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ សីហា ២០១០
RFA/Ven Sawath

ពលរដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ​មួយ​ចំនួន ចោទ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ប្រចាំ​ការ​នៅ​តាម​ភ្លើង​ស្តុប​មួយ​ចំនួន នា​ទី​ក្រុង​ភ្នំពេញ​ថា បាន​រង​ចាំ​ស្ទាក់​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ធ្វើ​ដំណើរ​ខ្លះ ដែល​នៅ​មិន​ទាន់​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍ ដោយ​គិត​តែ​ពី​ទារ​ឲ្យ​បង់​ប្រាក់​ពិន័យ ជា​ជាង​ពន្យល់​អប់រំ​ឲ្យ​ពួក​គាត់​បាន​យល់​ពី​ច្បាប់​ចរាចរណ៍។

ថ្មីៗ​នេះ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប ឬ​ម៉ូតូ​កង់​បី ជា​សមាជិក​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​ច្រើន​នាក់ បាន​រអ៊ូរទាំ​ថា នគរបាល​ចរាចរណ៍​តែង​គាប​យក​លុយ​ពី​ពួក​គាត់​ចាប់​ពី ៥​ពាន់ ដល់​រាប់​ម៉ឺន​រៀល លើស​ពី​ច្បាប់​បាន​កំណត់ ចំពោះ​កំហុស ដូច​ជា​ម៉ូតូ​ខ្វះ​កញ្ចក់ ឬ​អ្នក​បើក​បរ​មិន​មាន​មួក​ការ​ពារ​សុវត្ថិភាព​ជា​ដើម។

ពល​រដ្ឋ​ឈ្មោះ ជា ធឿន មាន​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប រស់​នៅ​ខណ្ឌ​ទួល​គោក បាន​ឲ្យ​ដឹង​អំពី​វិធី​ជំរិត​ទារ​ប្រាក់​របស់​មន្ត្រី​នគរ​បាល​ពី​ម្ចាស់​ម៉ូតូ​នេះ​មាន​តាម​រូប​ភាព​ដូច​ជា ប៉ូលិស​គំរាម​ចាប់​ម៉ូតូ​ណា​ដែល​គ្មាន​កញ្ចក់ អ្នក​បើក​បរ​មិន​ពាក់​មួក​សុវត្ថិភាព​ជា​ដើម ដាក់​លើ​រថ​យន្ត​យក​ទៅ​ការិយាល័យ​ប៉ូលិស បើ​សិន​ជា​ម្ចាស់​ម៉ូតូ​មិន​បង់​ប្រាក់​គ្រប់​ចំនួន ដែល​មន្ត្រី​ប៉ូលិស​ទារ​តាម​ទំនើង​ចិត្ត​នោះ​ទេ។

លោក​បញ្ជាក់​ថា បើ​សិន​ជា​ម្ចាស់​ម៉ូតូ​មិន​ព្រម​បង់​ប្រាក់​តាម​អំពើ​ចិត្ត​ដែល​ប៉ូលិស​ទារ​នោះ​ទេ ប៉ូលិស​នឹង​ចាប់​ម៉ូតូ​ដាក់​ឡាន​ដឹក​ទៅ​ប៉ុស្តិ៍ ហើយ​ពេល​នោះ​ម្ចាស់​ម៉ូតូ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​រហូត​ដល់​រាប់​រយ​ដុល្លារ ដើម្បី​យក​ម៉ូតូ​ចេញ​ពី​ប៉ុស្តិ៍​ប៉ូលិស​មក​វិញ ដោយ​ប៉ូលិស​រក​លេស​ចោទ​ពី​នេះ​ពី​នោះ​ដើម្បី​ចាប់​កំហុស ឬ​ទម្លាក់​កំហុស​លើ​ម្ចាស់​ម៉ូតូ​នោះ ឲ្យ​រឹត​តែ​មាន​កំហុស​ធ្ងន់ធ្ងរ​ឡើង។

បុរស​ឈ្មោះ ឌួង រតនា មាន​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប នៅ​ម្តុំ​សង្កាត់​ស្ទឹង​មាន​ជ័យ បាន​ឲ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃ​នេះ​សកម្មភាព​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក នៅ​តាម​ភ្លើង​ស្តុប​នា​ទីក្រុង​ភ្នំពេញ គឺ​មាន​រូប​ភាព​អាក្រក់​បំផុត។

អ្នក​រត់​ម៉ូតូ​ឌុប​រូប​នេះ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា សកម្មភាព​របស់​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឈរ​ជើង​នៅ​តាម​ភ្លើង​ស្តុប គឺ​ជា​ដើម​ហេតុ​មួយ នាំ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​នៅ​កម្ពុជា ព្រោះ​នគរបាល​តែង​បាន​ចាប់​ដៃ​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ​កំពុង​បើក​បរ​ឲ្យ​ដួល​ជា​ច្រើន​ករណី ៖ «ប៉ូលិស​ចរាចរណ៍​ធ្វើ​អ៊ីចឹង​អាក្រក់​មើល​ពេក។ ចាប់​ម៉ូតូ​គ្នា​បាន​កាច់​សោ​គ្នា អូស​យក​ទៅ​កន្លែង។ ហើយ​ផាក​ច្រើន​ពេក ខ្លះ​រត់​ម៉ូតូ​ឌុប ផាក​ច្រើន​ទៀត ៥​ពាន់ គ្រាន់​តែ​អត់​មួក»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់ លោក​វរសេនីយ៍ត្រី ចេវ ហាក់ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មួយ​ចំនួន​តូច បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ពិត​មែន។ ប៉ុន្តែ​ជា​រួម​សកម្មភាព​សមត្ថកិច្ច​ទាំង​នោះ គឺ​ចង់​ពង្រឹង​ឲ្យ​ពល​រដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​ចុះ​ចំនួន​នៅ​កម្ពុជា។

លោក​វរសេនីយ៍ត្រី ចេវ ហាក់ មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំពោះ​ការ​ផាក​ពិន័យ​នេះ សំដៅ​ពង្រឹង​ឲ្យ​គាត់​គោរព​ច្បាប់។ អ៊ីចឹង​សមត្ថកិច្ច​គាត់​ខំ​ប្រឹង​ដើម្បី​អីៗ ប្រយោជន៍​របស់​គាត់។ អត្រា​ស្លាប់​គឺ​មាន​កម្រិត​ខ្ពស់ អ៊ីចឹង​ក្នុង​កា​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឃើញ​ថា អត្រា​ស្លាប់​ដោយ​សារ​ការ​មិន​ពាក់​មួយ​គឺ​ថយ​ចុះ»

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ប្រជា​ពល​រដ្ឋ​បាន​ការ​យល់​ដឹង​ច្រើន​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​តាម​គោក​ដៅ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​រួច​មក។

របាយការណ៍​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ថា នៅ​៦​ខែ​ដើម​ឆ្នាំ​២០១០ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើត​ឡើង​ចំនួន ៦.៣៤៦​ករណី មាន​មនុស្ស​ស្លាប់​ជិត ១​ពាន់​នាក់ របួស​ធ្ងន់ និង​ស្រាល​ប្រហែល​៦​ពាន់​នាក់។ បើ​គិត​ទឹក​ប្រាក់​ខាត​បង់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ថវិកា​អស់ ២៤៨​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ថ្លែង​ថា នគរបាល​ចរាចរណ៍​ផ្លូវ​គោក​សព្វ​ថ្ងៃ​នេះ គឺ​បាន​យក​តួនាទី​ជា​អ្នក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ទៅ​ជំរិត​យក​លុយ​ពី​ពល​រដ្ឋ​ច្រើន​ជាង​ផ្ដល់​ការ​អប់រំ​ពល​រដ្ឋ ឲ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍។

លោក វ៉ន ពៅ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា​ដូច្នេះ ៖ «ឱកាស​ប៉ូលិស​ចរាចរណ៍​ដើម្បី​រក​ប្រាក់​នោះ ឧទាហរណ៍​ថា គាត់​ផាក​នៅ​តាម​ភ្លើង​ស្តុប គាត់​ផាក ៥​ពាន់ តែ​បើ​ពល​រដ្ឋ​ឲ្យ ៥​ពាន់ គាត់​ថា អត់​យក​ទេ គាត់​យក​ពី ១​ម៉ឺន ទៅ​២​ម៉ឺន ហើយ​បើ​ចង់​បាន ៥​ពាន់ គឺ​ប៉ូលិស​ចរាចរណ៍​គាត់​លើក​ម៉ូតូ​ប្រជា​ពល​រដ្ឋ​បញ្ជូន​ទៅ​ស្នងការ»

យ៉ាង​ណា​ក្តី អ្នក​វិភាគ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​បាន​អះអាង​ថា ការ​បំបាត់​អំពើ​ពុក​រលួយ​ទារ​លុយ​តាម​ផ្លូវ​នេះ​មិន​អាច​បំបាត់​បាន​ទេ លុះ​ត្រា​ណា​ប៉ូលិស​មាន​ប្រាក់​ខែ​គ្រាប់​គ្រាន់ និង​មេៗ របស់​ពួក​គេ​ឈប់​ដាក់​កំហិត​ឲ្យ​កូន​ចៅ​នៅ​តាម​គោល​ដៅ​រក​លុយ​ឲ្យ​លោកធំ​ចាយ​ប្រចាំ​ខែ​ត​ទៅ​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល