បុរស​ម្នាក់​ចោទ​មន្រ្តី​ប៉េអឹម​ថា​ប្រើ​អំពើ​ហិង្សា​ឲ្យ​ពិការ​ជើង

បុរស​ម្នាក់​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មួយ​រូប​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​បណ្តាល​ឲ្យ​គាត់​រង​គ្រោះ​ថ្នាក់​ពិការ​ជើង​ទាំង​សងខាង។
ដោយ មណ្ឌលកែវ
2010-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៥-មករា-១០: បុរស​ឈ្មោះ ចាវ ជឿន ដែល​ចោទ​ប្រកាន់​មន្រ្តី​ប៉េអឹម​ថា ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​រហូត​ដល់​ពិការ​ជើង​ទាំង​សងខាង​តាំង​ពី​ចុង​ឆ្នាំ​២០០៤ បាន​មក​សមាគម​អាដហុក​ខេត្ត​ពោធិ៍សាត់ ដើម្បី​ស្វែង​រក​យុត្តិធម៌។
២៥-មករា-១០: បុរស​ឈ្មោះ ចាវ ជឿន ដែល​ចោទ​ប្រកាន់​មន្រ្តី​ប៉េអឹម​ថា ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​រហូត​ដល់​ពិការ​ជើង​ទាំង​សងខាង​តាំង​ពី​ចុង​ឆ្នាំ​២០០៤ បាន​មក​សមាគម​អាដហុក​ខេត្ត​ពោធិ៍សាត់ ដើម្បី​ស្វែង​រក​យុត្តិធម៌។
RFA/Mondulkeo

បុរស​ឈ្មោះ ចាវ ជឿន អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មករា​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ទទួល​បន្ទុក​ការពារ​ផ្លូវ​ដែក ឈ្មោះ ផន សារី បាន​ជំរិត​ទារ​ប្រាក់​ការពារ​ពី​គាត់​តែ​គាត់​មិន​ព្រម​ឲ្យ ជន​នោះ​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​កាប់​ក្បាល​គាត់​មួយ​ពូថៅ រួច​ច្រាន​គាត់​ទម្លាក់​ពី​លើ​ដំបូល​រថភ្លើង​បណ្តាល​ឲ្យ​កង់​រថភ្លើង​កិន​ផ្តាច់​ជើង​គាត់​ទាំង​២ តែ​ជា​សំណាង​ល្អ​គាត់​មិន​ស្លាប់។

លោក ចាវ ជឿន បាន​រៀបរាប់​ឲ្យ​ដឹង​ដូច្នេះ ៖ «ដាក់​កូន​ឈើ​តាម​រថភ្លើង រួច​ហើយ​ប៉េអឹម​គាត់​ទារ​លុយ ខ្ញុំ​អត់​ទាន់​មាន​លុយ​បង់ ខ្ញុំ​ថា ចាំ​ដល់​រ៉ា​មោង​(មោងឫស្សី)​បាន​ឲ្យ​គាត់ រួច​ប៉េអឹម​ហ្នឹង​អត់​ព្រម វា​ទារ​ពីរ​បី​ដង​ហើយ ប៉ុន្តែ​ខ្ញុំ​ថា អត់​មាន​ទេ​បង! ចាំ​ដល់​រ៉ា​មោង​ចាំ​ខ្ញុំ​ឲ្យ ដល់​អ៊ីចឹង​អត់​ព្រម។ ដល់​ឡើង​លើ​ដំបូល​ទូ​រថភ្លើង​ទៅ កាប់​ខ្ញុំ​មួយ​ពូថៅ​ចំ​ថ្ងាស​ឡើង​ងងឹត​មុខ គ្មាន​អ្នក​ណា​ជួយ​បើ​យប់​ម៉ោង​៩​ទៅ​១០​ហើយ គ្មាន​នរណា​ជួយ​ខ្ញុំ​កើត។ ដល់​អ៊ីចឹង​វា​អូស​ខ្ញុំ​ទម្លាក់​ចូល​ចន្លោះ​កង់​រថភ្លើង​ទៅ ដល់​ខ្ញុំ​ដឹង​ខ្លួន​ឡើង​ជើង​ខ្ញុំ​ដាច់​បាត់​ទៅ​ហើយ»

រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០០៤ ឈាន​ចូល​ឆ្នាំ​២០០៥​ម៉្លេះ។

បុរស​ឈ្មោះ ចាវ ជឿន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​បាន​ដាក់​បណ្តឹង​មក​តុលាការ​ខេត្ត​នៅ​ដើម​ឆ្នាំ​២០០៥ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​គាត់​ពុំ​ទទួល​បាន​យុត្តិធម៌ឡើយ។ ជន​ល្មើស​រស់​នៅ​យ៉ាង​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ដដែល។ ចាវ ជឿន អំពាវនាវ​ទាំង​ទឹក​ភ្នែក​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ផង។

ជំនួយ​ការ​ក្រឡា​បញ្ជី​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ គឺ​លោក នៅ វុទ្ធី បាន​បញ្ជាក់​ថា បុរស​ល្មើស​ឈ្មោះ ផន សារី ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ចេញ​ដីកា​ចាប់​ខ្លួន បែរ​ជា​កង​រាជ​អាវុធហត្ថ​បាន​បញ្ជាក់​ថា គ្មាន​ឈ្មោះ​នេះ​ក្នុង​បញ្ជី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទេ។

លោក នៅ វុទ្ធី បាន​បញ្ជាក់​ដូច្នេះ ៖ «ដាក់​ទៅ​ហ្នឹង​អត់​មាន​ឃើញ​គេ​អនុវត្ត​ដីកា​ហ្នឹង ថា​រក​មិន​ឃើញ រហូត​ដាក់​ទៅ​ក្រសួង​ការពារ​ជាតិ​ទៀត​ឯ​ណោះ ផ្ទៃ​ប្រទេស​ទៀត»

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក អន សុខន មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​រឿង​នេះ​ទេ ដោយ​រឿង​រ៉ាវ​នេះ​កើត​ឡើង​តាំង​ពី​ពេល​លោក​ពុំ​ទាន់​មក​កាន់​ការងារ។

លោក អន សុខន មាន​ប្រសាសន៍​ថា ៖ «កាល​ហ្នុង​មិន​មែន​អាណត្តិ​ខ្ញុំ​គ្រប់គ្រង​ទេ កាល​ហ្នុង​ខាង​គេ​គ្រប់គ្រង ទាល់​តែ​លោក​សួរ​អ្នក​គ្រប់គ្រង​មុន ព្រោះ​ខ្ញុំ​ទើប​មក​បាន​៤​ឆ្នាំ​ហ្នឹង»

បុរស​ពិការ ចាវ ជឿន បាន​មាន​ប្រសាសន៍​ជា​ចុង​ក្រោយ​ថា ៖ «ឥឡូវ​នេះ​ជីវភាព​ពិបាក អត់​មាន​អី​ហូប។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សម្ដេច ឲ្យ​លោក​ជួយ​ខ្ញុំ​ផង ខ្ញុំ​ពិការ​ជើង​ទាំង​ពីរ អត់​មាន​អី​ទាំង​អស់ ដី​ស្រែ​ក៏​គ្មាន បាត​ដៃ​ទទេ​គត់»

លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​មាន​រយៈពេល​៥​ឆ្នាំ​មក​ហើយ ហើយ​ជន​ល្មើស​នៅ​តែ​ធ្វើការ​ជា​កង​រាជអាវុធហត្ថ​ដដែល។ ប្រការ​ដែល​គេ​មិន​ដោះស្រាយ​ឲ្យ​ត្រូវ​បាន​លោក​បន្ថែម​ទៀត​ថា មក​ពី​លោក​គ្មាន​លុយ​ក្នុង​ការ​សូក​ប៉ាន់​ស្ថាប័ន​ពាក់ព័ន្ធ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក សៅ សុខា មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​២៥ មករា​នេះ ដោយ​ទូរស័ព្ទ​លោក​ពុំ​អាច​ភ្ជាប់​បាន៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

It still remain Khmer rouge in Police Militery

Jan 26, 2010 12:55 AM

គេហទំព័រ​ទាំងមូល