នគរបាល​សង្កាត់​បឹង​កេងកង​៣​រង​ការ​ចោទ​ថា​ជំរិត​ទារ​លុយ​ពី​រថយន្ត​ឈ្នួល

បុរស​ម្នាក់​មាន​របរ​ជា​អ្នក​បើក​រថយន្ត​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​មិន​បញ្ចេញ​ឈ្មោះ​ថា កាល​ពី​ថ្ងៃ​​១៤ ឧសភា រូប​គាត់​ត្រូវ​សមត្ថកិច្ច​នគរបាល​សង្កាត់​បឹង​កេងកង​៣ ចាប់​រថយន្ត​ជំរិត​យក​លុយ​ចំនួន ១៨​ម៉ឺន​រៀល ដោយ​គ្រាន់​តែ​បើក​រថយន្ត​ឆ្លង​ថ្នល់​ក្បែរ​វត្ត​និរោធ ខាង​កើត​ស្ពាន​ច្បារ​អំពៅ​ឆ្លង​ទៅ​ខេត្ត​ស្វាយរៀង​នោះ។
ដោយ ដែន អយុធ្យា
2010-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ធ្វើ​ដំណើរ​ប្រជ្រៀត​គ្នា​នៅ​ក្នុង​រថយន្ត​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​។
ពលរដ្ឋ​ធ្វើ​ដំណើរ​ប្រជ្រៀត​គ្នា​នៅ​ក្នុង​រថយន្ត​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​។
AFP Photo

បុរស​រូប​នេះ​បន្ត​ថា រូប​គេ​​ខ្លាច​រអា​ចំពោះ​ទង្វើ​សមត្ថកិច្ច​ចម្រុះ​ពង្រាយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ ចាំ​ជំរិត​លុយ​ពី​រថយន្ត​ឈ្នួល មាន​សកម្មភាព​មិន​ខុស​គ្នា​ទៅ​នឹង​ក្រុម​ចោរ​ប្លន់​នោះ ហើយ​ថា រូប​គាត់​ស្ទើរ​បោះបង់​ចោល​របរ​បើក​រថយន្ត​ឈ្នួល​នេះ ដោយសារ​មិន​មាន​កម្រៃ​ចំណេញ ព្រោះ​សមត្ថកិច្ច​ជំរិត​យក​លុយ​អស់។

ព្រះ​សង្ឃ​ព្រះ​នាម ទុំ សឿន គង់​នៅ​វត្ត​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង សាក្សី​បាន​ឃើញ​ហេតុការណ៍​មាន​ថេរ​ដីកា​ថា ព្រះ​អង្គ និង​ញត្តិ​ញោម​ចំនួន ២៦​នាក់​បាន​ដាច់​បាយ និង​ចង្ហាន់ ដោយសារ​ទង្វើ​សមត្ថកិច្ច​សង្កាត់​បឹង​កេងកង​៣ ចាប់​រថយន្ត​ជំរិត​យក​លុយ ១៨​ម៉ឺន​រៀល ​ទាំង​មិន​ដឹង​ថា រថយន្ត​មាន​កំហុស​អ្វី គ្រាន់​តែ​បើក​ឆ្លង​ថ្នល់​នោះ។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បិណ្ឌ​បាត្រ​ទៅ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​គ្រប់​ជំនាញ ឲ្យ​ពិនិត្យ​ទង្វើ​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​សាធារណៈ​ឡើង​វិញ ព្រោះ​សង្កេត​ឃើញ​ភាគ​ច្រើន​មាន​សកម្មភាព​អាក្រក់​បំផុត។

ព្រះ​អង្គ​មាន​ថេរ​ដីកា​ដូច្នេះ ៖ «អាត្មា​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ថ្នាក់​មាន​ភារៈ​រក្សា​នូវ​សណ្ដាប់ធ្នាប់ អាត្មា​ចង់​​ឲ្យ​គាត់​ហ្នឹង​មើល​ការ​ខុស​ត្រូវ​ឲ្យ​ត្រូវ​ទៅ​តាម​ច្បាប់​ផង! ត្រង់​កន្លែង​ណា​ដែល​មិន​ត្រូវ​ច្បាប់ គាត់​ចាប់​ក៏​ចាប់​ចុះ ប៉ុន្តែ​កន្លែង​ណា​ដែល​អត់​ខុស​ច្បាប់ កុំ​មក​ចាប់​គេ​ទាំង​អត់​មាន​ខុស​ច្បាប់​អ៊ីចឹង!»

លោក ស៊ី សុង មន្ត្រី​នគរបាល​សណ្ដាប់ធ្នាប់​សង្កាត់​បឹង​កេងកង​៣ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​បាន​ទទួល​ស្គាល់​ថា រូប​លោក​ពិត​ជា​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​បង់​ប្រាក់​ចំនួន ១៨​ម៉ឺន​រៀល​ពិត​មែន ប៉ុន្តែ​លោក​ធ្វើ​ទៅ​តាម​បញ្ជា​ថ្នាក់​លើ​ប៉ុណ្ណោះ។

នួន សាវី ក៏​ជា​អ្នក​បើក​រថយន្ត​ដឹក​អ្នក​ដំណើរ​ចល័ត​ម្នាក់​ដែរ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា សកម្មភាព​របស់​សមត្ថកិច្ច​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ជាតិ​នានា​នៅ​ក្នុង​ប្រទេស គឺ​មិន​បាន​ផ្ដល់​ភាព​កក់​ក្តៅ ឬ​សន្តិសុខ ដល់​ពលរដ្ឋ​ដំណើរ​ឆ្លង​កាត់​ឡើយ ផ្ទុយ​ទៅ​វិញ​វត្តមាន​របស់​សមត្ថកិច្ច​គឺ​ធ្វើឲ្យ​ពលរដ្ឋ​ក្តៅ​ក្រហាយ​ទៅ​វិញ​ទេ។

អ្នក​បើក​រថយន្ត​ឈ្នួល​ឈ្មោះ នួន សាវី មាន​ប្រសាសន៍​ថា ៖ «ពួក​ទាំង​អស់​នេះ និយាយ​រួម​ដូច​ជា​ចោរ​ប្លន់​កណ្ដាល​ថ្ងៃ​តែម្ដង មក​ចាប់​យក​ទាំង​ស្រស់​ៗ​តែម្ដង! អាង​តែ​ខ្លួន​ឯង​មាន​អំណាច អាង​ខ្លួន​មាន​ខ្នង​ធំ អាង​មាន​កាំភ្លើង​កាន់​​នៅ​នឹង​ដៃ អាង​មាន​ខ្នោះ​នៅ​នឹង​ដៃ មក​គាប​សង្កត់​ប្រជា​ពលរដ្ឋ​ជា​អ្នក​ទន់​ខ្សោយ! អា​ហ្នឹង​គឺ​ជា​អំពើ​ល្មើស​ច្បាប់​ហើយ!»

លោក អ៊ូរ ច័ន្ទឫទ្ធិ តំណាង​រាស្ត្រ​បក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា ការ​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចាំ​ជំរិត​ទារ​លុយ​ពី​ម្ចាស់​រថយន្ត​ឈ្នួល និង​រថយន្ត​ដឹក​ទំនិញ ពី​សំណាក់​សមត្ថកិច្ច​ គឺ​ជា​អំពើ​ខុស​ច្បាប់។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​ប្រកាន់​ខ្ជាប់​ពី​តួនាទី​របស់​​ខ្លួន​ឲ្យ​បាន​ថ្លៃថ្នូរ និង​ត្រូវ​ផ្ដល់​សន្តិសុខ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ក្រើន​រំឭក​ទៅ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ត្រួត​ពិនិត្យ​កុងត្រូល​ជជុះ​ដែល​ចាំ​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ​ខុស​ច្បាប់​ជា​ថ្មី​ទៀត ខណៈ​សង្កេត​ឃើញ​សកម្មភាព​អនាធិបតេយ្យ​នៃ​កុងត្រូល​ជជុះ​នេះ​កើត​មាន​ឡើង​វិញ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «អា​កុងត្រូល​ជជុះ​វា​កើត​ឡើង​វិញ​ហើយ អស់​លោក​ខេត្ត! វា​កើត​នេះ ស្អី​ក៏​វា​ពិនិត្យ​ទាំង​អស់​ដែរ! ខ្ញុំ​បាន​ឮ​សូរ​ការ​ត្អូញត្អែរ និង​បាន​មើល​ព័ត៌មាន​ខ្លះ អា​កុងត្រូល​ជជុះ​កើត​ឡើង​វិញ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​ងាក​ទៅ​រក​ចំណុច​ដែល​ធ្លាប់​បាន​លើក​នៅ​ក្នុង​សម័យ​ប្រជុំ​ពាក់ព័ន្ធ​ទៅ​នឹង​សេវា​សាធារណៈ ឲ្យ​អស់​លោក​មើល​ផ្លូវ ហើយ​មើល​ផ្លូវ​ពេល​នោះ គឺ​ឲ្យ​មើល​ផ្លូវ​កុងត្រូល​ជជុះ​ហ្នឹង។ តើ​យើង​មនុស្ស ១៤​លាន​នាក់​ហ្នឹង នៅ​ឃ្វាល​មនុស្ស​ខូច​ប៉ុន្មាន​នាក់​ហ្នឹង​ដល់​ណា​ទៀត!»

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​បាន​អះអាង​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ​នៅ​បន្ត​កើត​មាន​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​ជាតិ​នានា​ស្ទើរ​ទូទាំង​ប្រទេស និង​បាន​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ទៀត​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​លុប​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ឬ​កុងត្រូល​ជជុះ​ទាំង​នេះ​ជា​បន្ទាន់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល