អាជ្ញាធរ​តាម​ចាប់​សង្ឃ​ខ្មែរ​ក្រោម​៥​អង្គ​ពី​បទ​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧​មករា

ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​៥​អង្គ​កំពុង​តែ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​ពី​ការ​តាម​ចាប់​ដោយ​អាជ្ញាធរ​នគរបាល​ក្រសួង​មហាផ្ទៃ ដែល​បាន​ចោទ​ប្រកាន់​ថា ព្រះសង្ឃ​ទាំង​នោះ​បាន​បាច​ខិត្តប័ណ្ណ​ឬ​ត្រាក់​ប្រឆាំង​ថៃ្ង​ជ័យ​ជម្នះ​ ៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ សុខ សេរី
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​ខ្មែរ​ក្រោម​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ទី​៦០​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៤ មិថុនា ២០០៩។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ចូលរួម​ក្នុង​ពិធី​រំឭក​ខួប​ទី​៦០​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៤ មិថុនា ២០០៩។
AFP Photo

ព្រះ​ភិក្ខុ​សង្ឃ​ព្រះនាម លីវ ផល្លី នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៥​អង្គ​ដែល​កំពុង​តែ​រស់​នៅ​ក្នុង​ការ​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​ពី​ការ​តាម​ចាប់​ខ្លួន បាន​មាន​ថេរដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ធ្នូ​នេះ​ថា ៖ «អាត្មា​លាក់​ខ្លួន​នេះ​តាំង​ពី​ថ្ងៃ​៧ មករា​មក។ មូលហេតុ​ដែល​អាត្មា​លាក់​ខ្លួន​នេះ គឺ​ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​មហាផ្ទៃ​និង​រដ្ឋាភិបាល ចោទ​ប្រកាន់​ថា អាត្មា​បាន​ដើរ​បាច​ខិត្តប័ណ្ណ»

សុខ សេរី ៖ តើ​ព្រះអង្គ​បាន​ចែក​មែន​ឬ​ក៏​អត់​ទេ? ព្រះភិក្ខុ លីវ ផល្លី ៖ អាត្មា​អត់​បាន​ចែក​ទេ ក៏​អត់​បាន​ឃើញ​ខិត្តប័ណ្ណ​គេ​និយាយ​អំពី​ស្អី​ផង។

ព្រះភិក្ខុ​សង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ព្រះនាម ថាច់ ញ៉ាញ់ ដែល​កំពុង​តែ​រស់​នៅ​លាក់​ខ្លួន​ផង​ដែរ បាន​មាន​ថេរដីកា​ថា ព្រះអង្គ​កំពុង​តែ​រស់​នៅ​ក្រោម​ការ​ភ័យ​ខ្លាច​នៅ​ពេល​នេះ។

ព្រះភិក្ខុ​ព្រះនាម ថាច់ ញ៉ាញ់ មាន​ថេរដីកា​ដូច្នេះ ៖ «គោលដៅ​របស់​អាត្មា អាត្មា​គ្មាន​ទី​កន្លែង​ណា​ដែល​ជ្រកកោន​ទេ។ ទៅ​ស្នាក់​នៅ​វត្ត​សារាវ័ន្ត​ក៏​គេ​ដេញ ចូល​ខាង​សាមគ្គី​ក៏​គេ​ដេញ ហើយ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​មក​លើ​ពួក​អាត្មា»

សុខ សេរី ៖ គេ​ចោទ​ប្រកាន់​ព្រះអង្គ​ថា ជា​អ្នក​បាច​ត្រាក់​ប្រឆាំង​ថ្ងៃ​៧ មករា តើ​រឿង​ហ្នឹង​ពិត​ឬ​ទេ? ព្រះភិក្ខុ ថាច់ ញ៉ាញ់ ៖ រឿង​ហ្នឹង​មិន​ពិត​ទេ។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​លោក ទូច ណារ៉ុថ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាក​សួរ​ជុំវិញ​វិធានការ​របស់​អាជ្ញាធរ​នៅ​ជុំវិញ​សំណុំ​រឿង​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់។

លោក​ឧត្តមសេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស​ក្រសួង​មហាផៃ្ទ បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

លោក ថាច់ សេដ្ឋា ជា​ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដឹង​អំពី​រឿង​នេះ​បាន​មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​រឿង​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​មក​លើ​ព្រះសង្ឃ​ទាំង​នោះ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ដូច្នេះ ៖ «សូម​ឲ្យ​ខាង​រដ្ឋាភិបាល គឺ​ចាត់​វិធានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ កុំ​ធ្វើ​ឲ្យ​ច្របូក​ច្របល់ ហើយ​ធ្វើ​បាប​អ្នក​ស្លូត​ត្រង់​អ៊ីចឹង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ព្រះសង្ឃ ជា​ពិសេស​ខ្មែរ​ក្រោម ដូច្នេះ​សុំ​កុំ​ឲ្យ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង»

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែ​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រារព្ធ​ខួប​លើក​ទី​៣១ នៃ​ថ្ងៃ​ជ័យ​ជម្នះ​៧ មករា ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០១០ កាល​ពី​ពេល​ថ្មីៗ​នេះ លើ​របប​វាល​ពិឃាត​ខែ្មរ​ក្រហម ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​សាទរ។

ព្រះ​ភិក្ខុ​សង្ឃ​ដែល​កំពុង​តែ​លាក់​ខ្លួន​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​នៃ​ក្រសួង​មហាផ្ទៃ​មាន​ឯកសារ​រូប​ថត​របស់​ព្រះសង្ឃ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​៤​អង្គ និង​មួយ​អង្គ​ទៀត​មិន​ស្គាល់​ឈ្មោះ បាន​ស្វែង​រក​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា​ថ្មីៗ​នេះ ក្រោម​បទ​ចោទ​ថា បាន​បាច​ខិត្តប័ណ្ណ​ឬ​ត្រាក់​ប្រឆាំង​ថៃ្ង​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

វត្ត​អារាម​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ទទួល​ឲ្យ​ព្រះសង្ឃ​ទាំង​នោះ​ស្នាក់​នៅ​ទេ នៅ​គ្រា​ដែល​កំពុង​តែ​លាក់​ខ្លួន​នោះ៕

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

what a pity monks sound like the khmer rouge regime.

Jan 16, 2010 06:43 AM

អ្នក​អាន​អនាមិក

មិនមែនធម្មតាទេ សម័យនេះ​

Jan 15, 2010 04:40 AM

អ្នក​អាន​អនាមិក

អាណិតណាស់បួសហើយ​ នៅមានគេតាមចាប់ទៀត!

Jan 14, 2010 09:57 PM

អ្នក​អាន​អនាមិក

the government should stop to create the excuse for menace the same khmer people.

Jan 14, 2010 09:18 AM

គេហទំព័រ​ទាំងមូល