ប៉ូលិស​នៅ​ពោធិ៍សាត់​រង​ការ​ចោទ​ថា​គំរាម​និង​រារាំង​សកម្មភាព​ការពារ​ព្រៃ​ឈើ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​ការពារ​បរិស្ថាន បាន​ចោទ​មន្ត្រី​ប៉ូលិស​ឃុំ​ឈើតុំ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់​ថា បាន​គំរាម​កំហែង​និង​រារាំង​សកម្មភាព​ការពារ​ព្រៃ​ឈើ​របស់​អង្គការ​នេះ។
ដោយ មណ្ឌលកែវ
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប៉ូលិស​ប្រចាំការ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើតុំ រង​ការ​ចោទ​ប្រកាន់​ថា កំពុង​គំរាម​កំហែង​និង​មិន​ឲ្យ​ក្រុម​អ្នក​ការពារ​ព្រៃឈើ​នៃ​អង្គការ​ការពារ​បរិស្ថាន​និង​គាំពារ​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ CPEHO ធ្វើ​ការងារ​បាន​ស្រួល​ក្នុង​ការ​ថែ​រក្សា​ព្រៃ​ឈើ​នោះ​ទេ ក្រោយ​ពី​អង្គការ​នេះ​បាន​ចាប់​ឈើ​ខុស​ច្បាប់​របស់​អ្នក​ភូមិ​ដែល​គេ​សង្ស័យ​ថា មាន​ការ​ឃុបឃិត​គ្នា​កាប់​ឈើ​បណ្តោយ​ដោយ​ក្រុម​ប៉ូលិស។

ប្រធាន​សាខា​អង្គការ​ការពារ​បរិស្ថាន CPEHO ប្រចាំ​ឃុំ​ឈើតុំ គឺ​លោក ភាន់ វី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា​ថា ប្រធាន​ប៉ូលិស​ប៉ុស្តិ៍​ប្រចាំការ​ឃុំ គឺ​លោក ទេស ប៊ុនធឿន បាន​ធ្វើការ​គំរាម​និង​លើក​ទឹក​ចិត្ត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ស្តាប់​ការ​ណែនាំ​របស់​អង្គការ​ការពារ​បរិស្ថាន​ក្នុង​ការ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្ដាប់​និង​ការពារ កុំ​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជាដើម។

លោក ភាន់ វី មាន​ប្រសាសន៍​ដូច្នេះ ៖ «កម្លាំង​ប៉ូលិស​អត់​ជួយ​គាំទ្រ ហើយ​ដូច​ជា​មូល​បង្កាច់ ហើយ​ទៅ​ប្រាប់​ប្រជាជន​ថា មិន​បាច់​ខ្លាច​អី​ទេ អង្គការ​ហ្នឹង​ក្រៅ​រដ្ឋាភិបាល​ទេ។ ឡាន​ដឹក​គ្រញូង​ល្មើស​ហ្នឹង​ចេញ​ទាំង​ថ្ងៃ កម្លាំង​មាន​សមត្ថកិច្ច​គេ​អត់​ដឹង​ឮ អត់​ធ្វើ​អើ​ពើ​អី​ទេ។ អ៊ីចឹង​ខាង​អង្គការ​ការពារ​បរិស្ថាន​នេះ គេ​មិន​គោរព​ទេ គេ​មិន​ខ្លាច​ទេ»

ការ​រារាំង​របស់​ក្រុម​ប៉ូលិស​មិន​ឲ្យ​អង្គការ​នេះ​ធ្វើ​សកម្មភាព បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​អង្គការ​នេះ​បាន​ចាប់​ឈើ​ប្រណីត​ដែល​អ្នក​ស្រុក​បាន​ដឹក​មក​ដាក់​នៅ​ផ្ទះ​កាល​ពីរ​បី​ថ្ងៃ​មុ​នេះ។

ប្រធាន​ប៉ូលិស​ប្រចាំការ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈើតុំ គឺ​លោក ទេស ប៊ុនធឿន បាន​ចោទ​ថា មន្ត្រី​អង្គការ​ការពារ​បរិស្ថាន CPEHO បាន​ធ្វើការ​លើស​ពី​តួនាទី​របស់​ខ្លួន​ទើប​លោក​ហៅ​មក​ធ្វើការ​អប់រំ ព្រោះ​មាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ។

លោក ទេស ប៊ុនធឿន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «រឿង​មន្រ្តី​បរិស្ថាន​ហ្នឹង ពាក្យ​គេ​និយាយ​វា​អត់​ពិត​ទេ ព្រោះ​ប៉ូលិស​គេ​នៅ​នេះ គេ​អ្នក​អនុវត្ត​ច្បាប់ គេ​មិន​មែន​ទៅ​ល្ងង់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ ព្រោះ​អី​ខ្លួន​ហ្នឹង​ស្រវឹង ទៅ​ដុត​ឈើ​គេ​នៅ​ក្នុង​ភូមិ​គេ ទៅ​ដុត​ឈើ​គ្រញូង​គេ​នៅ​ចុង​ភូមិ​ហ្នឹង ដល់​អ៊ីចឹង​ម្ចាស់​ឈើ​មក​ប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ក៏​កោះ​អញ្ជើញ​គាត់​មក​សាកសួរ ដល់​អ៊ីចឹង​គាត់​អត់​ព្រម​មក​ទេ គាត់​ថា បញ្ជូន​ទៅ​ណា​បញ្ជូន​ទៅ។ គេ​មក​ប្ដឹង​យើង យើង​ហៅ​គេ​មិន​មក យើង​មិន​បញ្ជូន​សំណុំ​រឿង​ទៅ​ស្រុក? ហ្នឹង​រឿង​ប៉ុណ្ណឹង​ទេ អត់​មាន​រឿង​ទំនាស់​អី​ជាមួយ​សមត្ថកិច្ច​អត់​មាន​ទេ រឿង​ឈ្លោះ​គ្នា​ដុត​ឈើ​គេ​ឯ​ណោះ​ទេ ប្រជាជន​ប្ដឹង​នោះ»

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍ​ហៅ​កាត់​ថា​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ គឺ​លោក ភួង សុធា មាន​ប្រសាសន៍​ថា មន្ត្រី​អង្គការ​ការពារ​បរិស្ថាន CPEHO មាន​តួនាទី​ត្រឹមតែ​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​បរិស្ថាន​និង​ផល​ប្រយោជន៍​នៃ​ព្រៃ​ឈើ​ចំពោះ​ជីវភាព​រស់​នៅ​របស់​មនុស្ស​ប៉ុណ្ណោះ។

មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ស្រុក​ជា​អ្នក​ឃុបឃិត​ជាមួយ​ប៉ូលិស​ក្នុង​ការ​រក​ស៊ី​ឈើ ឬ​ក៏​មន្ត្រី​អង្គការ CPEHO ប្រព្រឹត្ត​ល្មើស​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល