នគរបាល​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នៅ​ថ្ងៃ​ទី​១ ខែ​តុលា

ប៉ូលិស​ចរាចរណ៍​ជើង​គោក​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​បើក​បរ​យានយន្ត​តាម​ផ្លូវ​សាធារណៈ ដែល​ផឹក​ស្រា​ច្រើន​ហួស​ច្បាប់​កំណត់។
ដោយ ដែន អយុធ្យា
2010-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ចរាចរណ៍​ឈរ​ជើង​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៤ កញ្ញា ២០០៨។
ប៉ូលិស​ចរាចរណ៍​ឈរ​ជើង​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៤ កញ្ញា ២០០៨។
RFA Photo

នាយ​ការិយាល័យ​ចរាចរណ៍​ជើង​គោក លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ថា មាន​ខេត្ត-​ក្រុង​ចំនួន ៣ គឺ​ខេត្ត​កណ្ដាល កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដែល​នគរបាល​គ្រោង​ដាក់​ពង្រាយ​ឧបករណ៍​ត្រួត​ពិនិត្យ​ជាតិ​​ស្រា ឬ​អាល់កុល ចំពោះ​ពលរដ្ឋ​បើក​បរ​ទទួល​ទាន​គ្រឿង​ស្រវឹង។ លោក​បន្ត​ថា ចំណាត់​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​នា​ពេល​នេះ ប្រយោជន៍​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ។

វិធានការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​របស់​សមត្ថកិច្ច ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​មតិ​ខុសៗ​គ្នា ចំពោះ​ការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​នេះ។ ប៉ុន្តែ​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន​​​​​វិញ បាន​អះអាង​ថា អាច​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ទទួលទាន​របស់​ពួកគេ​ទៅ​វិញ។

ពលរដ្ឋ​រស់​នៅ​សង្កាត់​ព្រែកលាប ខណ្ឌ​បឫស្សីកែវ រាជធានី​ភ្នំពេញ លោក វីន សុភា មាន​ប្រសាសន៍​សាទរ​ចំពោះ​វិធានការ​ត្រួត​​​​ពិនិត្យ​ជាតិ​ស្រា ឬ​អាល់កុល​របស់​សមត្ថកិច្ច ដោយ​លោក​យល់​ថា អាច​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​មួយ​ផ្នែក។ ប៉ុន្តែ​លោក​ស្នើ​ដល់​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រា​ទាំង​នោះ សូម​កុំ​យក​តួនាទី​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេងៗ។

លោក វីន សុភា មាន​ប្រសាសន៍​សាទរ​ដូច្នេះ​ថា ៖ «ល្អ​ហើយ​ដែល​គាត់​ធ្វើ​តេស្ត​អាល់កុល​ពេល​បើកបរ ប៉ុន្តែ​កុំ​ឲ្យ​មាន​សមត្ថកិច្ច​មួយ​ចំនួន គាត់​យក​បញ្ហា​ធ្វើ​តេស្ត​ជា​ការ​ធ្វើ​អាជីវកម្ម​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​អ្នក​បើក​បរ។ ជួន​កាល​គាត់​ញ៉ាំ​តែ​បន្តិច តែ​ប៉ូលិស​ថា លើស»

លោក ប្រុស ពៅ មេការ​ភោជនីយដ្ឋាន​យីហោ ខល មី (Call Me) មាន​ទី​តាំង​នៅ​ខាង​ជើង​រមណីយដ្ឋាន​វត្តភ្នំ បាន​សម្ដែង​ការ​ព្រួយ​​​​​បារម្ភ​ចំពោះ​វិធានការ​ត្រួត​ពិនិត្យ​ជាតិ​ស្រា​របស់​សមត្ថកិច្ច​ថា អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពួកគេ ព្រោះ​​​​ភ្ញៀវ​មិន​ហ៊ាន​ទទួល​ទាន​គ្រឿង​ស្រវឹង។

លោក ប្រុស ពៅ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខាង​ខ្ញុំ​បើក​ជា​ភោជនីយដ្ឋាន អ៊ីចឹង​ភ្ញៀវ​ដែល​គាត់​អញ្ជើញ​មក​ញាំ គឺ​គាត់​ផឹក​ស្រា​បៀរ។ ប្រសិន​បើ​មាន​ច្បាប់​ហ្នឹង ខ្ញុំ​គិត​ថា ភោជនីយដ្ឋាន​ខ្ញុំ​ប្រហែល​ជា​ពិបាក​នឹង​រក​ស៊ី។ ភ្ញៀវ​មួយ​ចំនួន ៩០% ដែល​គាត់​ខ្លាច ពីព្រោះ​ថា ចេញ​ច្បាប់​មក​គឺ​ត្រូវ​តែ​គោរព»

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ ប៊ែលហ្ស៊ិក អ្នកស្រី សាន្ត សុជាតា មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ផ្ដល់​​​​​​​ឧបករណ៍​វាស់​ស្ទង់​ជាតិ​ស្រា ឬ​អាល់កុល​ចំនួន ២៥​គ្រឿង ទៅ​ឲ្យ​មន្ត្រី​​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ជាតិ​ស្រា​នេះ។

មន្ត្រី​​ដដែល​ឲ្យ​ដឹង​ថា វិធានការ​ត្រួត​ពិនិត្យ​ជាតិ​អាល់កុល​របស់​សមត្ថកិច្ច នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ​ចំនួន។

អ្នកស្រី សាន្ត សុជាតា មាន​ប្រសាសន៍​ថា ៖ «នៅ​ក្នុង​ច្បាប់​របស់​យើង​បាន​កំណត់​ពី​អត្រា​ជាតិ​អាល់កុល​នៅ​ក្នុង​ខ្យល់ អ៊ីចឹង​ឧបករណ៍​ហ្នឹង​អាច​បង្ហាញ​បាន។ នៅ​ក្នុង​ខ្យល់​គឺ​ចាប់​ពី 0,25 មីលីក្រាម ក្នុង​១​លីត្រ​ខ្យល់។ បើ​សិន​ជា​លើស​ពី 0,25 មីលីក្រាម ក្នុង​១​លីត្រ​ខ្យល់ គឺ​អ្នក​បើក​បរ​អត់​អាច​បើក​បាន​ទេ គឺ​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ ការ​ដាក់​ទោស​ទណ្ឌ។ អ៊ីចឹង​ឧបករណ៍​​​ហ្នឹង គឺ​អាច​បង្ហាញ​ពី​តួលេខ ពី​អត្រា​ជាតិ​អាល់កុល​នៅ​ក្នុង​ខ្យល់​របស់​អ្នក​បើកបរ»

ច្បាប់​ចរាចរណ៍​ជើង​គោក​កម្ពុជា បាន​កំណត់​ផាក​ពិន័យ​ពី ៦.០០០​រៀល ទៅ ២៥.០០០​រៀល ចំពោះ​អ្នក​បើកបរ​យានយន្ត​ទាំង​ឡាយ​ណា ដែល​បើកបរ​មាន​ជាតិ​ស្រា ឬ​អាល់កុល។

កន្លង​មក​ប៉ូលិស​បាន​ផាក​ពិន័យ​អ្នក​បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​ការពារ​​សុវត្ថិភាព ហើយ​លទ្ធផល​ដែល​ទទួល​បាន គឺ​អ្នក​បើក​បរ​ម៉ូតូ​ប្រមាណ ៨០% បាន​ពាក់​មួក ប៉ុន្តែ​ក៏​មាន​ការ​រិះគន់​ពី​សាធារណជន​មក​ថា មាន​មន្ត្រី​ប៉ូលិស​មួយ​ចំនួន​បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ ក្នុង​ពេល​ត្រួត​ពិនិត្យ​​ការ​គោរព​ច្បាប់​ចរាចរណ៍​នេះ។

របាយការណ៍​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ថា នៅ​៦​ខែ​ដើម​ឆ្នាំ​២០១០ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើត​ឡើង​ចំនួន ៦.៣៤៦​ករណី មាន​មនុស្ស​ស្លាប់​ជិត ១​ពាន់​នាក់ របួស​ធ្ងន់ និង​ស្រាល​ប្រហែល ៦​ពាន់​នាក់។ បើ​គិត​ទឹក​ប្រាក់​ខាត​បង់​ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ថវិកា​អស់ ២៤៨​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល