ពលរដ្ឋ​ចោទ​មន្ត្រី​នគរបាល​ចរាចរណ៍​ថា ទទួល​សំណូក

ពលរដ្ឋ​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​បុក បាន​ចោទ​ប្រកាន់​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក រាជ​ធានី​ភ្នំពេញ​ថា បាន​ទទួល​សំណូក​ពី​ម្ចាស់​រថយន្ត​បង្ក​ហេតុ ព្រោះ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ហេតុ បើក​គេច​ខ្លួន​ទាំង​មិន​ផ្ដល់​សំណង​ខូច​ខាត និង​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​ជូន​ជន​រងគ្រោះ​នោះ​ឡើយ។
ដោយ ដែន អយុធ្យា
2010.04.18
ចរាចរណ៍305 សកម្មភាព​នគរបាល​ចរាចរណ៍​ចាប់​ឃាត់​ម៉ូតូ​ដែល​មិន​ដាក់​កញ្ចក់ និង​ម្ចាស់​មិន​ពាក់​មួក នៅ​លើ​វិថី​ព្រះ​នរោត្តម នា​ថ្ងៃ​ទី​៥ សីហា ២០០៩។
RFA/Zakariya

បុរស​ម្នាក់​ឈ្មោះ តោ សំអាត ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​សង្កាត់​មនោរម្យ ខណ្ឌ​៧​មករា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មេសា​ថា រូប​គាត់​ត្រូវ​បាន​រថយន្ត​បុក​ឲ្យ​រង​របួស​ជា​ទម្ងន់ កាល​ពី​ថ្ងៃ​ទី​០១ ខែ​មេសា នៅ​ក្បែរ​ផ្សារ​កណ្ដាល ក្រុង​ភ្នំពេញ នៅ​គ្រា​ដែល​រូប​គាត់​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ។

ជន​រងគ្រោះ​បន្ត​ថា បច្ចុប្បន្ន ម៉ូតូ​របស់​គាត់ ត្រូវ​បាន​មន្ត្រី​នគរបាល​ចរាចរណ៍ យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​ចរាចរណ៍​ជើង​គោក អស់​ពេល​ជាង​ពីរ​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់ មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​ឃាត​ទុក រង​ចាំ​ធ្វើ​ការ​ដោះ​ស្រាយ ជូន​រូប​គាត់ ជា​អ្នក​រង​របួស​ធ្ងន់ និង​ខូច​ខាត​ម៉ូតូ​នោះ​ទេ។

ពលរដ្ឋ​រូប​នេះ បាន​ចោទ​មន្ត្រី​នគរបាល​ចរាចរណ៍​កាន់​សំណុំ​រឿង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់ ​គាត់​ថា បាន​ទទួល​សំណូក​អ្វី​មួយ ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។

ជន​រងគ្រោះ​ធ្វើ​សំណូម​ពរ​ដូច្នេះ ៖ «ចាំ​លេខ​ឡាន​វា ដាក់​ផ្លាក​ភ្នំពេញ ២ J៩៩៩៨ ពណ៌​មាស​ប្រាក់។ នគរបាល​ចរាចរណ៍​មក​ដល់​អត់​និយាយ​អី​ជា​មួយ​ខ្ញុំ​ម្ចាស់​ម៉ូតូ​ផង មក​ដល់​លើក​ម៉ូតូ​ខ្ញុំ ដាក់​ឡើង​ឡាន​ទៅ​តែម្ដង។ រួម​មិន​ដឹង​និយាយ​ជា​មួយ​ឡាន​យ៉ាង​ម៉េច ខ្ញុំ​ស្មាន​ថា យក​ឡាន​ទៅ​ប៉ុស្តិ៍ វា​អត់​យក​ទៅ​ប៉ុស្តិ៍ ហើយ​លែង​ឡាន​ឲ្យ​ទៅ​បាត់។ ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​អាស៊ី​សេរី​ជួយ​ស្រែក សួរ​ឲ្យ​ខ្ញុំ​ថា មូល​ហេតុ​អី បុក​ម៉ូតូ បាន​ជា​មិន​យក​ឡាន​ចូល បែរ​ជា​យក​តែ​ម៉ូតូ​ចូល។ រួច​ខុស​ត្រូវ​យ៉ាង​ម៉េច ត្រូវ​យក​ចូល​ទាំង​ពីរ​ដោះ​ស្រាយ សង្ស័យ​ឡាន​ហ្នឹង​វា​សិះសុះ​ជា​មួយ នគរបាល​បាន​លុយ ហើយ​មិន​យក​ឡាន​ទៅ»

មន្ត្រី​នគរបាល​កាន់​សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ពលរដ្ឋ​ចោទ​ប្រកាន់ មាន​ប្រសាសន៍​ដោយ​ស្នើ​មិន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ តោ សំអាត រូប​លោក​នឹង​រក​ដំណោះ​ស្រាយ​ជូន​ជន​រង​គ្រោះ ក្នុង​ពេល​ដ៏​ឆាប់​នា​ដើម​សប្ដាហ៍​ខាង​មុខ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​បាន​បញ្ចប់។

មន្ត្រី​នគរបាល​ចរាចរណ៍ មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​ចាប​ចូល​ឆ្នាំ ហើយ​ពួក​ខ្ញុំ​ខំ​ព្យាយាម​ដែរ ចំពោះ​បញ្ហា​ហ្នឹង! ពួក​ខ្ញុំ​នឹង​ព្យាយាម​តើ​បង!ខ្ញុំ​មិន​ដែល​ថា ទុក​ឲ្យ​នៅ​អ៊ីចឹង​ទេ​បង​ណា៎!»

សាក្សី​ម្នាក់ មាន​មុខ​ងារ​ជា​មន្ត្រី​នគរបាល​ក្រសួង​មហា​ផ្ទៃ ដែល​បាន​ដឹង ឮ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​ស្ដី​បន្ទោស​ចំពោះ​ភាព​មិន​ប្រក្រតី ដែល​សមត្ថកិច្ច​ចរាចរណ៍​ឃាត់​តែ​ម៉ូតូ​នៃ​ភាគី​ម្ខាង​ទុក ប៉ុន្តែ​មិន​ឃាត​រថយន្ត​របស់​ភាគី​ម្ខាង​ទៀត​ទុក​ដូច​គ្នា ដើម្បី​ដោះ​ស្រាយ​នោះ​ឡើយ​ហើយ ថា នេះ​ជា​ករណី​គួរ​ឲ្យ​សង្ស័យ​មួយ រវាង​ម្ចាស់​រថយន្ត​បង្ក​ហេតុ និង​មន្ត្រី​នគរបាល ដែល​កាន់​សំណុំ​រឿង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ។

សាក្សី​ដដែល​បន្ត​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ចង់​មិន​ចង់ មន្ត្រី​នគរបាល​បាន​ឃុបឃិត​គ្នា ឲ្យ​សំណូក​លុយ​កាក់ ជា​ថ្នូរ​មិន​រក្សា​រថយន្ត​ទុក ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ ៖ «ខ្ញុំ​ថា ខូច​មក​ពី​ប៉ូលិស​ហ្នឹង​តែ​ម្ដង។ ខ្ញុំ​ធ្វើ​ប៉ូលិស​ដែរ ខ្ញុំ​ដឹង​ថា ប៉ូលិស​ហ្នឹង​ខូច​តែ​ម្ដង​មែន​តើ! ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា មិន​ទាន់​ដោះ​ស្រាយ​ចង់​ផង​មូល​ហេតុ​អី ឲ្យ​ឡាន​ចេញ ហើយ​ឃាត់​ម៉ូតូ​ទុក? ខ្ញុំ​ឆ្ងល់​កន្លែង​ហ្នឹង!»

ទោះ​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រងគ្រោះ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​គ្រប់​ជំនាញ ត្រូវ​រក្សា​វិជ្ជា​ជីវៈ​របស់​ខ្លួន ឲ្យ​បាន​ត្រឹម​ត្រូវ និង​ស្នើ​កុំ​មើល​ឃើញ​ប្រាក់​ជា​ធំ ដើម្បី​រក្សា​មុខ​មាត់​មន្ត្រី​នគរបាល​ដែល​ស្អាត​ស្អំ។

ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ឈរ​ជើង​តាម​គោល​ដៅ​នានា នា​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​សាធារណៈ​ជន ចោទ​ប្រកាន់​ថា បាន​ប្រើ​អំណាច តួ​នាទី របៀប​ផ្ដាច់​ការ និង​កំពុង​ប្រើ​សិទ្ធិ​អំណាច ដែល​មាន​ចែង​ក្នុង​ច្បាប់ ហួស​ដែន​កំណត់ ជា​ពិសេស​ទាក់​ទង​ការ​ផាក​ពិន័យ​រថយន្ត ឬ​ម៉ូតូ នៅ​តាម​ទី​សាធារណៈ មាន​កាយវិការ​ក្រអឺតក្រទម ប្រើ​ពាក្យ​សំដី​អសុរោះ និង​ដាក់​ពង្រាយ​កម្លាំង ​មាន​សកម្មភាព​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។